សេតវិមានទំនងបន្ធូរបន្ថយការគំរាមកំហែងរបស់ខ្លួន ដើម្បីបិទព្រំដែនខាងត្បូងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសម៉ិកស៊ិក ដើម្បីបញ្ឈប់ការកើនឡើងនូវជនចំណាកស្រុកដែលគ្មានក្រដាសស្នាម ដែលព្យាយាមស្វះស្វែងសុំសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសារតាម Twitter កាលពីថ្ងៃអង្គារ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីបានចោទប្រកាន់ប្រទេសម៉ិកស៊ិកថា មិនបានធ្វើអ្វីទាល់តែសោះ ដើម្បីបញ្ឈប់លំហូរជនចំណាកស្រុកដែលធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ហើយបានគំរាមកំហែងបិទព្រំដែនប្រសិនបើ ម៉ិកស៊ិក មិនបង្កើនវិធានការភ្លាមៗនោះថា «បន្ទាប់ពីជាច្រើនឆ្នាំមក ប្រទេសម៉ិកស៊ិកបានចាប់មនុស្សដ៏ច្រើននៅព្រំដែនភាគខាងត្បូងរបស់ខ្លួន ភាគច្រើននៃអ្នកទាំងនោះមកពីប្រទេសហ្វាតេម៉ាឡា ហុងឌុយរ៉ាស និងប្រទេសអែលសាវ៉ាឌ័រ»។
លោកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមាន និយាយថា ក្រុមមន្រ្តីសហរដ្ឋអាមេរិក កំពុងស្វែងរកគ្រប់ជម្រើសទាំងអស់ថា តើបិទច្រកចេញចូលពីប្រទេសម៉ិកស៊ិក ហើយអ្វីនឹងមានផលប៉ះពាល់។ លោកស្រីអ្នកនាំពាក្យ និយាយទៀតថា ក្រុមប្រឹក្សាទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន កំពុងសិក្សាពីផលប៉ះពាល់នៃការបិទច្រកចេញចូលកំពង់ផែផ្សេងៗ។
សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ទំនិញនិងសេវាកម្មដែលមានតម្លៃជិត ១ពាន់៧រយលាន ដុល្លារហូរឆ្លងកាត់ព្រំដែនរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិកជារៀងរាល់ថ្ងៃ ហើយកម្មករស្របច្បាប់ និស្សិត អ្នកទិញទំនិញនិងទេសចរជិត ៥សែននាក់ បានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរដែរ៕