របាយការណ៍ថ្មីមួយរបស់អង្គការស្រាវជ្រាវមួយដែលមានទីស្នាក់ការណ៍នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិកចោទថា ក្រុមហ៊ុនជំនាញផ្នែកសេវាកម្មរបស់បណ្តាប្រទេសលោកខាងលិច បានបង្កភាពងាយស្រួលដល់មេដឹកនាំផ្តាច់ការ និងមេដឹកនាំដែលកេងប្រវ័ញ្ចលុយជាតិ ក្នុងការលាងលុយកខ្វក់ និងលួចលុយជាតិ។
របាយការណ៍ដែលមានចំណងជើងថា «អ្នកជួយសម្រួល៖ មធ្យោបាយដែលក្រុមហ៊ុនសេវាកម្មរបស់បណ្តាប្រទេសលោកខាងលិច នាំចូលអំពើពុករលួយ និងពង្រឹងរបបផ្តាច់ការ» ដែលត្រូវបានផ្សាយដោយវិទ្យាស្ថាន Hudson កាលពីដើមខែកញ្ញា បានរាយការណ៍ថា ក្រុមហ៊ុនសេវាកម្មនានានៅក្នុងប្រទេសលោកខាងលិចបានបង្កភាពងាយស្រួលដល់ជនលួចលុយជាតិ ដើម្បីលាងអំពើឧក្រិដ្ឋកម្មរបស់ខ្លួន និងពង្រីកនយោបាយរបស់ពួកគេ។
លោក Ben Judah ដែលជាសហអ្នកនិពន្ធរបាយការណ៍នេះ និងជាអ្នកស្រាវជ្រាវនៅឯវិទ្យាស្ថាន Hudsonបាននិយាយថា៖ «ពេលអ្នកកំពុងតែអង្គុយនៅក្នុងការិយាល័យមេធាវី ដើម្បីពិនិត្យឯកសារដែលមិនស្គាល់អត្តសញ្ញាណ និងចរន្តសាច់ប្រាក់ដែលមិនមានការបញ្ជាក់ត្រឹមត្រូវ ក្រៅតែពីខ្ទង់តួលេខ ចរន្តសាច់ប្រាក់ទាំងនេះភាគច្រើន ត្រូវបានផ្ទេរមកពីប្រទេសផ្តាច់ការ ដែលមានអំពើពុករលួយធ្ងន់ធ្ងរដោយភ្ជាប់ជាមួយនឹងរបៀបវារៈដែលពង្រឹងអំណាចផ្តាច់ការរបស់ពួកគេ»។
របាយការណ៍នេះ បានរកឃើញថា វិស័យសេវាកម្មចំនួន៦ ដែលដើរតួរនាទីជាអ្នករត់ការក្នុងការសម្របសម្រួលសកម្មភាពដែលគ្មានក្រមសីលធម៌ ដូចជា បច្ចេកវិទ្យាដែលជួយខាងហិរញ្ញវត្ថុ Fintech រូបិយប័ណ្ណCryptocurrency ក្រុមហ៊ុនមេធាវី ក្រុមហ៊ុនបុត្រសម្ព័ន្ធពាណិជ្ជកម្ម ក្រុមហ៊ុនហិរញ្ញវត្ថុ ក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនឡប់ប៊ី និងក្រុមហ៊ុនទំនាក់ទំនងសាធារណៈ។
លោក Jadah បានបន្ថែមថា៖ «គន្លឹះសំខាន់ដែលបណ្តាលឲ្យមានបញ្ហានេះកើតឡើង គឺថាមធ្យោបាយដែលប្រព័ន្ធហិរញ្ញវត្ថុ និងច្បាប់បច្ចុប្បន្ននេះ អនុញ្ញាតឲ្យជនផ្តាច់ការលួចលុយជាតិ មានលទ្ធភាព និងឱកាសក្នុងការធ្វើរឿងទាំងអស់នេះនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុក្នុងបណ្តាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក»។
បើយោងតាមរបាយការណ៍នេះដដែល មេដឹកនាំកំពូលរបស់អាស៊ី អឺរ៉ុបខាងកើត និងអាហ្វ្រិកមួយចំនួន ដូចជាអតីតនាយករដ្ឋមន្រ្តីរបស់ប្រទេសអ៊ុយក្រែន លោក Pavlo Lazarenko អតីតប្រធានាធិបតីតៃវ៉ាន់ លោក Chen Shiu-bian និងអនុប្រធានាធិបតីនៃប្រទេស Equatorial Guinea លោក Teodoro Ngema Obiang Mangue បានប្រើប្រាស់សេវាកម្មច្បាប់នៅសហរដ្ឋអាមេរិកដើម្បីលាងលុយខុសច្បាប់របស់ពួកគេ។
របាយការណ៍នេះក៏បានបង្ហាញថា ជនលួចលុយជាតិមួយចំនួន ដូចជាមេដឹកនាំផ្តាច់ការអេស្ស៊ីប លោក Hosni Mubarak និងប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានប្រើប្រាស់សេវាកម្មឡប់ប៊ី និងទំនាក់ទំនងសាធារណៈ នៅក្នុងសហរដ្ឋអាមេរិកដើម្បីលាងកេរ្តិ៍ឈ្មោះរបស់ពួកគេ និងប៉ុនប៉ងក្នុងការជះឥទ្ធិពលលើដំណើរការគោលនយោបាយនៅឯរដ្ឋធានីវ៉ាស៊ីនតោន។
លោកស្រី Elise Bean អតីតនាយកនៃបុគ្គលិក និងប្រធានមេធាវីនៃគណកម្មាធិការព្រិទ្ធសភាសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខមាតុភូមិ និងអនុគណកម្មការព្រឹទ្ធសភាទទួលការស៊ើបអង្កេតអចិន្រ្តៃយ៍នៃគណកម្មការទំនាក់ទំនងរដ្ឋាភិបាល បានប្រាប់វីអូអេខ្មែរថា ចរន្តសាច់ប្រាក់ទាំងនេះប៉ះពាល់ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ពីព្រោះក្រុមហ៊ុនហិរញ្ញវត្ថុមួយចំនួនទទួលយកអតិថិជនដែលមានឈ្មោះក្នុងបញ្ជីដាក់ទណ្ឌកម្ម។
លោកស្រី Bean បានប្រាប់ថា៖ «តាមការស៊ើបអង្កេតមួយរបស់យើងគឺថា យើងបានរកឃើញថាធនាគារ HSBC ដែលជាធនាគារដ៏ធំមួយ បានបើកគណនីឲ្យទៅជនជាតិកូរ៉េខាងជើង បើទោះបីជាពួកគេស្ថិតក្នុងបញ្ជីទណ្ឌកម្មក៏ដោយ។ នេះគឺជាបញ្ហា ហើយយើងត្រូវតែបញ្ឈប់វា»។
របាយការណ៍ដដែលនេះបានបង្ហាញថា ការដែលមិនបានឃ្លាំមើលប្រព័ន្ធហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ រួមមានទាំងខ្វះស្ថាប័ន និងការដាក់ទណ្ឌកម្មដ៏រឹងមាំលើបទឧក្រិដ្ឋហិរញ្ញវត្ថុ បានជួយសម្រួលដល់លំហូរលុយខុសច្បាប់របស់របបផ្តាច់ការមកសហរដ្ឋអាមេរិក។
លោក Max Hays ជាមេក្រុមយុទ្ធនាការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ នៃអង្គការ Global Witness បាននិយាយនៅឯកម្មវិធីសិក្ខាសាលានោះបានយល់ស្របនឹងលោក Judah។ លោកបានប្រាប់វីអូអេខ្មែរបន្ទាប់ពីកម្មវិធីថា លោកមិនយល់ស្របនឹងទស្សនៈដែលប្រឆាំងនឹងការបង្កើតបញ្ញតិច្បាប់ ដែលបណ្តាលឲ្យក្រុមហ៊ុនទាំងនោះអាចផ្តល់សេវាកម្មទាំងនេះបានឲ្យទៅជនដែលលួចលុយជាតិ។
លោកបានបន្ថែមថា៖ «ខ្ញុំគិតថា យើងជំទាស់នឹងមតិដែលប្រឆាំងនឹងបទបញ្ញត្តិច្បាប់លើសេវាកម្មទាំងនេះ។ ធាតុពិត បទបញ្ញត្តិទាំងនេះ គឺជាមធ្យបាយដ៏មានប្រសិទ្ធផល និងប្រសិទ្ធភាពក្នុងការធ្វើឲ្យមានតម្លាភាពនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ តាមរបៀបដែលកំណត់បទដ្ឋានអប្បរមា»។
លោកស្រី Elise Bean បានស្នើដូច្នេះថា ដើម្បីលុបបំបាត់បញ្ហាទាំងនេះ ក្រុមហ៊ុនសេវាកម្ម ត្រូវតែមានកាតព្វកិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងធ្វើឲ្យមានតម្លាភាពក្នុងពាណិជ្ជកម្ម ហើយព័ត៌មានរបស់ម្ចាស់គណនីយគួរតែបង្ហាញជាសាធារណៈ។
លោកស្រីបាននិយាយថា៖ «ទីមួយ ពួកគេគួរតែអនុម័តច្បាប់ដើម្បីធ្វើឲ្យមានតម្លាភាពក្រុមហ៊ុនពាណិជ្ជកម្ម ដូច្នេះយើងអាចដឹងបានថានរណាជាម្ចាស់គណនីយ។ ទីពី ពួកគេគួរតែបញ្ឈប់ការលើកលែងក្នុងច្បាប់ការសំងាត់ធនាគារ Bank Secrecy Act»៕