កម្ពុជាកំពុងធ្វើកំណែទម្រង់មួយចំនួន ដើម្បីពង្រឹងសមត្ថភាពស្ថាប័នរបស់ខ្លួន ក៏ប៉ុន្តែ អ្នកវិភាគយល់ថា ការខ្វះភាពជាអ្នកដឹកនាំកំពុងរារាំងការផ្លាស់ប្តូរដ៏ស៊ីជម្រៅមួយ។
កំណើនសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍន៍ដោយចិរភាពទាមទារឲ្យស្ថាប័ននយោបាយមានសមត្ថភាពខ្ពស់ ក៏ប៉ុន្តែ សមត្ថភាពរបស់ស្ថាប័នរដ្ឋកម្ពុជានៅមានកម្រិតនៅឡើយ។ នេះបើយោងតាមអ្នកវិភាគសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។
លោក ឈាង វណ្ណារិទ្ធិ សាស្ត្រាចារ្យផ្នែកការសិក្សាអំពីតំបន់អាស៊ីប៉ាស៊ីហ្វិកនៃមហាវិទ្យាល័យ Leeds នៅចក្រភពអង់គ្លេស បានឲ្យដឹងថា៖ «អំពើពុករលួយ បក្ខពួកនិយម គ្រួសារនិយមនៅតែជាឧបសគ្គចម្បងក្នុងការធ្វើឲ្យស្ថាប័នជាតិមានប្រសិទ្ធិភាពខ្ពស់»។
យ៉ាងណាមិញ កម្ពុជាទទួលបានការវិវត្តន៍ជាវិជ្ជមានមួយចំនួនក្នុងការធ្វើកំណែទម្រង់ស្ថាប័ន។ កាលពីឆ្នាំ២០១៤ ក្រសួងអប់រំបានធ្វើយុទ្ធនាការដ៏សកម្មមួយ ដើម្បីបញ្ឈប់ការលួចចម្លងរបស់សិស្សវិទ្យាល័យ ដើម្បីធានាឲ្យបាននូវគុណភាពនៃវិស័យអប់រំ។ ជាលទ្ធផល កំណែទម្រង់នេះបានបណ្តាលឲ្យអត្រាសិស្សប្រឡងជាប់ថយចុះ២៥.៧ភាគរយ ពី៨៦ភាគរយនៃអត្រាសិស្សប្រឡងជាប់សម្រាប់ឆ្នាំ២០១៣។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏បានបង្កើតប្រព័ន្ធចុះឈ្មោះក្រុមហ៊ុនតាមអ៊ីនធឺណិតសម្រាប់អ្នកវិនិយោគទុន ដើម្បីពន្លឿនដំណើរការឯកសារដល់អ្នកវិនិយោគទុន និងសំខាន់បំផុតនោះគឺដើម្បីទប់ស្កាត់អំពើពុករលួយ។ ក៏ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ថ្មីៗនេះព័ត៌មានស្តីអំពីក្រុមហ៊ុនដែលបានចុះឈ្មោះជាមួយនឹងក្រសួងពាណិជ្ជកម្ម ដែលផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័ររបស់ក្រសួងនេះត្រូវបានកាត់បន្ថយ។
លោក ហេង ឌីណា សេដ្ឋវិទូខ្មែរមួយរូបប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន យល់ថា កម្ពុជាខ្វះអ្នកមានជំនាញពិតប្រាកដនៅតាមស្ថាប័នរដ្ឋសំខាន់ៗ ដែលនេះគឺជាកត្តារារាំងមួយក្នុងការពង្រឹងសមត្ថភាពស្ថាប័ន។
«កម្ពុជាយើងមានគោលនយោបាយដ៏ល្អជាច្រើន ក៏ប៉ុន្តែ ការអនុវត្តគោលនយោបាយទាំងនោះឲ្យមានប្រសិទ្ធិភាព និងតាមគោលដៅដែលចង់បាននៅតែជាកត្តាប្រឈមធំមួយរបស់យើងនៅឡើយ»។
ខណៈដែលកម្ពុជាកំពុងតែធ្វើកំណែទម្រង់ លោក ឌីណា យល់ថា ការបង្កើតប្រព័ន្ធមួយដែលឲ្យតម្លៃលើគុណូបធិបតេយ្យ និងការពង្រឹងការទទួលខុសត្រូវតាមស្ថាប័នរដ្ឋគឺចាំបាច់។
«អ្នកមានសមត្ថភាព និងខំប្រឹងប្រែងគួរតែទទួលបានការលើកទឹកចិត្ត និងការលើកដំកើង។ បើសិនជាបុគ្គលម្នាក់មានសមត្ថភាពដែលត្រូវតាមតម្រូវការរបស់ស្ថាប័ននោះ យើងគួរតែជ្រើសយកគាត់មកបំពេញការងារក្នុងស្ថាប័ននោះ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងប្រសិទ្ធភាពដល់ប្រជាពលរដ្ឋ»។
យ៉ាងណាមិញ ការកសាងសមត្ថភាពស្ថាប័នមិនអាចទៅរួចទេ បើសិនជាគ្មានភាពជាអ្នកដឹកនាំដ៏រឹងមាំនោះ។ នេះបើយោងតាមការយល់ឃើញរបស់លោក ឈាង វណ្ណារិទ្ធិ។
«ភាពជាអ្នកដឹកនាំចេញពីលើមកនោះត្រូវមានឆន្ទៈនយោបាយពិតប្រាកដ ក្នុងការធ្វើកំណែទម្រង់ និងពង្រឹងស្ថាប័នជាតិ»។
អ្នកវិភាគយល់ថា កំណែទម្រង់ស្ថាប័នរដ្ឋត្រូវដើរលឿនជាងនេះ ដើម្បីពង្រឹងសមត្ថភាពស្ថាប័នឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឲ្យកម្ពុជាអាចអនុវត្តគោលនយោបាយឲ្យចំគោលដៅដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមដោយភាពជឿជាក់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ៕