នៅពេលសង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅស៊ីរីកាលពីមួយទសវត្សរ៍មុន អ្នកតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ា និងអ្នកវិទ្យាសាស្ត្រមួយចំនួនបានអះអាងថា គ្រោះរាំងស្ងួតគឺជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗផ្សេងទៀតដែលនាំឱ្យមានជម្លោះនេះ។
គ្រោះរាំងស្ងួតរយៈពេលប៉ុន្មានឆ្នាំមុនសង្គ្រាមបានបង្កឱ្យហិនហោចវិស័យកសិកម្មនៅក្នុងតំបន់ជាច្រើននៅភាគខាងកើត និងខាងជើងនៃប្រទេសស៊ីរី ដែលនេះបានបង្ខំឱ្យគ្រួសារនៅជនបទធ្វើចំណាកស្រុកទៅទីក្រុងក្នុងចំនួនយ៉ាងច្រើនមិនធ្លាប់មាន និងធ្វើឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗដើម្បីដណ្តើមធនធាន និងការងារដែលមិនសូវមានរួចស្រាប់ទៅហើយ។
អ្នកវិភាគ និងអ្នកការទូតបារម្ភថា ការខ្វះទឹកអាចក្លាយជាមូលហេតុនៃការបះបោរ និងងើបប្រឆាំងនៅក្នុងប្រទេសផ្សេងទៀតនៅក្នុងតំបន់ និងបានចង្អុលបង្ហាញថា ជម្លោះដណ្តើមប្រភពទឹករវាងរដ្ឋជិតខាង និងការតវ៉ាលើការខ្វះទឹកដែលបានផ្ទុះឡើងនៅឆ្នាំនេះនៅកន្លែងជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងជាសញ្ញាប្រាប់ឱ្យដឹងមុនពីវិបត្តិសង្គម និងនយោបាយកាន់តែវែងឆ្ងាយនៅពេលខាងមុខ។
នៅប្រទេសអាល់ហ្សេរី អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ូដង់ និងយេម៉ែនសុទ្ធតែមានកើតការខឹងសម្បាពាក់ព័ន្ធនឹងគ្រោះរាំងស្ងួត ហើយប្រជាពលរដ្ឋកំពុងបន្ទោសដល់ការគ្រប់គ្រងមិនល្អរបស់រដ្ឋាភិបាល និងអំពើពុករលួយចំពោះការខ្វះទឹក និងបម្រែបម្រួលអាកាសធាតុ។
ប្រទេសអ៊ីរ៉ង់
នៅក្នុងប្រទេសអ៊ីរ៉ង់ បើយោងតាមអាជ្ញាធរ មនុស្សយ៉ាងហោចណាស់ ៣ នាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ាហិង្សាមួយរយៈពេលរាប់សប្តាហ៍លើការខ្វះទឹកនៅក្នុងខេត្ត Khuzestan នៅភាគនិរតីនៃប្រទេស និងនៅក្នុងទីក្រុង Aligoodarz ក្នុងខេត្ត Lorestan។ សារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ីរ៉ង់និយាយថា ការស្លាប់នេះគឺបណ្តាលមកពី «ការបាញ់គ្រាប់កាំភ្លើងដែលគួរឱ្យសង្ស័យដោយមនុស្សមិនស្គាល់មុខមួយចំនួន»។
ក្រុមប្រឆាំងនៅអ៊ីរ៉ង់និយាយថា អាជ្ញាធរអ៊ីរ៉ង់បានចាត់ទុកការតវ៉ាលើការខ្វះទឹកនេះដូចគ្នានឹងរបៀបដែលពួកគេបានដោះស្រាយចំពោះការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យអ៊ីចឹងដែរ។ ពួកគេព្យាយាមគ្រប់គ្រងការតវ៉ាទៅតាមភូមិសាស្ត្រដោយបង្អាក់ព័ត៌មាន និងបិទសេវាអ៊ីនធឺណិត និងបិទខ្ទប់បណ្តាញសង្គម។
ពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់ VOA ថា អ្នកតវ៉ាត្រូវបានប៉ូលិស និងភ្នាក់ងារសន្តិសុខបាញ់សម្លាប់ និងថា ចំនួនស្លាប់មានច្រើនលើសពី ៣ នាក់ទៅទៀត។ អង្គការ Amnesty International និយាយថា អ្នកតវ៉ាយ៉ាងហោចណាស់ ៨ នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងចំនួន ៧ ក្នុងប្រទេសអ៊ីរ៉ង់ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ និងថា កងកម្លាំងសន្តិសុខបានបាញ់ប្រហារជាមួយនឹងគ្រាប់កាំភ្លើងពិត និងគ្រាប់កាំភ្លើងបាញ់សត្វស្លាបដើម្បីព្យាយាមបង្ក្រាបការតវ៉ា។
អ្នកនាង Diana Eltahawy នៃអង្គការ Amnesty International ថ្លែងប្រាប់ VOA ក្នុងសម្តីដើមថា៖ «ការប្រើប្រាស់គ្រាប់កាំភ្លើងពិតទៅលើអ្នកតវ៉ាមិនមានអាវុធដែលមិនអាចបង្កឱ្យមានការគំរាមកំហែងភ្លាមៗដល់អាយុជីវិតនោះ គឺជាការបំពានកាតព្វកិច្ចរបស់អាជ្ញាធរក្នុងការការពារអាយុជីវិតរបស់ពលរដ្ឋ។ អ្នកតវ៉ានៅអ៊ីរ៉ង់ដែលចូលរួមការតវ៉ានៅតាមដងផ្លូវដើម្បីបញ្ចេញយោបល់ដោយស្របច្បាប់ពីភាពអយុត្តិធម៌ផ្នែកនយោបាយ និងសេដ្ឋកិច្ច ប្រឈមមុខនឹងគ្រាប់កាំភ្លើង ឧស្ម័នទឹកភ្នែក និងការចាប់ខ្លួន»។
ប្រធានផ្នែកឧតុនិយមអ៊ីរ៉ង់បាននិយាយថា អាកាសធាតុរាំងស្ងួតហួតហែងបំផុតដែលមិនធ្លាប់មាននៅក្នុងរយៈពេល ៥៣ ឆ្នាំចុងក្រោយនេះ មានចាប់ពីខែតុលា ឆ្នាំ២០២០ ដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១។ រដ្ឋមន្ត្រីថាមពលអ៊ីរ៉ង់បានទទួលស្គាល់ថា ប្រទេសលោកកំពុងប្រឈមមុខនឹងវិបត្តិខ្វះទឹក។
លោក Kaveh Madani ជាអតីតអនុរដ្ឋមន្ត្រីបរិស្ថានអ៊ីរ៉ង់ និងជាអ្នកស្រាវជ្រាវម្នាក់នៅសាកលវិទ្យាល័យ Yale នៅពេលឥឡូវនេះ។ លោកបានបង្ហោះសារនៅក្នុងបណ្តាញ Twitter ថា ការប្រឈមនឹងបញ្ហាខ្វះទឹករបស់អ៊ីរ៉ង់គឺជាបញ្ហាដ៏ធ្ងន់ធ្ងរយ៉ាងខ្លាំងនៅពេលនេះ «ដែលផលប៉ះពាល់របស់វានឹងមិនអាចបញ្ចៀសបានទេ ប្រសិនបើមិនមានការផ្លាស់ប្តូរជាមូលដ្ឋានក្នុងទម្រង់នៃការអភិវឌ្ឍ និងសេដ្ឋកិច្ចនោះ។ ការផ្លាស់ប្តូរជាមូលដ្ឋានត្រូវការឆន្ទៈនយោបាយ និងធនធានសេដ្ឋកិច្ច»។
ការគ្រប់គ្រងមិនបានល្អ និងអំពើពុករលួយ
លោក Madani បានលើកឡើងជាច្រើនឆ្នាំមកហើយថា អ្នកវិភាគនៅលោកខាងលិចជារឿយៗមើលរំលងសារៈសំខាន់របស់ទឹកក្នុងនាមជាកត្តាមួយរួមចំណែកដល់ជម្លោះនៅមជ្ឈិមបូព៌ា ហើយគ្រោះរាំងស្ងួតជាកាតាលីករធ្វើឱ្យមានអស្ថិរភាពនយោបាយ និងសង្គម។ គ្រោះរាំងស្ងួតតែងតែកើតមានជាប្រវត្តិសាស្ត្រនៅក្នុងតំបន់រាំងស្ងួត ប៉ុន្តែការខ្វះទឹកបានក្លាយជាបញ្ហាកាន់តែតានតឹង និងកាន់តែយូរ ដោយសារតែរដូវក្តៅមានរយៈពេលកាន់តែយូរ ហើយសីតុណ្ហភាពកាន់តែក្តៅ និងមានកម្រិតទឹកភ្លៀងតិច។ អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុនិយាយថា បញ្ហានេះបណ្តាលមកពីការឡើងកម្តៅភពផែនដី។
ប៉ុន្តែអ្នកវិទ្យាសាស្ត្រនយោបាយ និងធារាសាស្ត្រនិយាយថា ការគ្រប់គ្រងខុសផ្នែកនយោបាយ និងអំពើពុករលួយក្នុងជួររដ្ឋាភិបាលគឺជាមូលហេតុចម្បងមួយសម្រាប់គ្រោះរាំងស្ងួតទាំងនេះ។ លោក Nik Kowsar ដែលជាភូគព្ភវិទូ និងអ្នកវិភាគទឹកសញ្ជាតិកាណាដាដើមកំណើតអ៊ីរ៉ង់បានប្រតិកម្មដោយខឹងសម្បាចំពោះរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់លោកខាងលិចថា បានផ្តោតស្ទើរតែទាំងស្រុងលើបញ្ហាបម្រែបម្រួលអាកាសធាតុ។
លោក Nik Kowsar បានបង្ហោះសារក្នុងបណ្តាញ Twitterថា៖ «ការកាត់បន្ថយការរួមចំណែកខ្លាំងរបស់រដ្ឋាភិបាលក្នុងការបំផ្លាញធនធានទឹកដោយលើកឡើងពីបម្រែបម្រួលអាកាសធាតុ ឬគ្រោះរាំងស្ងួតមុនគេគឺជារឿងមិនត្រឹមត្រូវសោះ។ របបដឹកនាំនេះបានបង្កើតឱ្យមានគ្រោះរាំងស្ងួតដែលបង្កដោយមនុស្សនេះ»។ លោកKowsar បានរិះគន់ដល់ការគ្រប់គ្រងធនធានទឹករបស់អ៊ីរ៉ង់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ជាពិសេសគឺការផ្តោតខ្លាំងរបស់រដ្ឋាភិបាលលើការសាងសង់ទំនប់ទឹក ដែលលោកថា នេះជាដំណោះស្រាយរយៈពេលខ្លីចំពោះបញ្ហារយៈពេលវែង។ លោក Kowsar ថា ទំនប់ទឹកធំៗនៅក្នុងប្រទេសក្តៅស្ងួតនេះគឺជាខាតបង់ពេលវេលា ដោយសារតែទឹកជាច្រើននឹងហួតចេញពីអាងស្តុកទឹកទាំងនោះ។
អ្នករិះគន់និយាយថា ប្រទេសអ៊ីរ៉ាក់ជិតខាងក៏កំពុងប្រឈមមុខនឹងការខ្វះទឹករ៉ាំរ៉ៃ និងធ្ងន់ធ្ងរ ហើយការសាងសង់ទំនប់ទឹករបស់ខ្លួនក៏បានបង្ហាញថា មិនមានប្រសិទ្ធភាពផងដែរ។ អង្គការ Chatham House របស់ចក្រភពអង់គ្លេសបានរាយការណ៍នៅក្នុងការសិក្សាមួយកាលពីដើមឆ្នាំនេះថា «ការហួតចេញពីទំនប់ទឹក និងអាងស្តុកទឹកត្រូវបានគេប៉ាន់ស្មានថា បានធ្វើឱ្យប្រទេសនេះបាត់បង់ទឹករហូតដល់ ៨ ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំ»។
ក្រុមការងារស្រាវជ្រាវនៅមជ្ឈិមបូព៌ាក្នុងរបាយការណ៍នោះបាននិយាយថា៖ «ជាប្រវិត្តសាស្ត្រ អ៊ីរ៉ាក់ ជាប្រទេសមួយដែលមានការផ្គត់ផ្គង់ទឹកច្រើនបំផុតនៅមជ្ឈិមបូព៌ា។ ប៉ុន្តែការហូរនៃទន្លេ Tigris and Euphrates បានកាត់បន្ថយរហូតដល់ ៤០% ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក មួយផ្នែកដោយសារតែសកម្មភាពរបស់ប្រទេសជិតខាងជាពិសេសគឺប្រទេសតួកគី ដែលស្ថិតនៅខ្សែទឹកខាងលើ។ ការកើនឡើងសីតុណ្ហភាព និងការកាត់បន្ថយចំនួនទឹកភ្លៀង ដោយសារបម្រែបម្រួលអាកាសធាតុក៏បានជះផលអវិជ្ជមានដល់ធនធានទឹកអ៊ីរ៉ាក់ផងដែរ»។
ក្រុមអ្នកស្រាវជ្រាវទាំងនោះបានកត់សម្គាល់ថា៖ «ការខ្វះទឹកក៏អាចជាមូលហេតុបង្កឱ្យមានជម្លោះផងដែរ។ សហគមន៍ដែលប្រឈមមុខនឹងគ្រោះរាំងស្ងួតជាប់ៗគ្នា និងភាពអសកម្មរបស់រដ្ឋាភិបាលបានក្លាយជាគោលដៅដ៏ស្រួលសម្រាប់អ្នកជ្រើសរើសឱ្យចូលរួមនឹងក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS។ ក្រុមជ្រុលនិយមនេះព្យាយាមទាក់ទាញកសិករឱ្យចូលរួមជាមួយពួកគេតាមរយៈការឱ្យប្រាក់ និងស្បៀងអាហារដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគេ។ ភាពលំបាកផ្នែកសេដ្ឋកិច្ចសម្រាប់អ្នកដែលជីវភាពត្រូវពឹងផ្អែកលើទឹកទន្លេក៏បានបង្ខំឱ្យអ្នកនៅជនបទធ្វើចំណាកស្រុកទៅទីក្រុង។ ការណ៍នេះធ្វើឱ្យទីក្រុង និងទីប្រជុំជនដែលមានមនុស្សកកកុញរួចទៅហើយមានបញ្ហាកាន់តែច្រើន ធ្វើឱ្យកាន់តែមានការខ្វះខាតថាមពលអគ្គិសនី ការងារ និងផ្ទះសម្បែងស្នាក់នៅ និងធ្វើឱ្យគម្លាតរវាងអ្នកមាន និងអ្នកក្រកាន់តែធំទៅៗ»។
ដើម្បីដោះស្រាយបញ្ហាខ្វះទឹកនេះ កសិករ និងរដ្ឋាភិបាលនៅទូទាំងតំបន់កំពុងបូមទឹកពីក្រោមដីយ៉ាងច្រើន ដែលក្នុងរយៈពេលវែងវាមិនមានចិរភាពទេ និងមានហានិភ័យធ្វើឱ្យដីដែលមានជីវជាតិក្លាយទៅជាវាលខ្សាច់។ នៅក្នុងឆ្នាំ២០១៥ ផ្កាយរណបរបស់ទីភ្នាក់ងារអវកាសណាសា (NASA) របស់អាមេរិក បានបង្ហាញពីការបាត់បង់ទឹកសាបកាន់តែច្រើនឡើងៗនៅក្នុងតំបន់ ចាប់តាំងពីឆ្នាំ២០០២មក និងរកឃើញថា ទឹកក្រោមដីកាន់តែរាក់ពី ១៥ សង់ទីម៉ែត្រទៅ ២៥ សង់ទីម៉ែត្រនៅក្នុងផ្នែកមួយចំនួនក្នុងប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់មួយផ្នែកធំដោយសារតែសកម្មភាពរបស់មនុស្ស។
បេសកកម្ម Gravity Recovery and Climate Experiment របស់ទីភ្នាក់ងារណាសាបានរាយការណ៍ថា៖ «ការបាត់បង់ទឹកក្រោមដីនៅតួកគី ស៊ីរី អ៊ីរ៉ាក់ និងអ៊ីរ៉ង់ និងនៅតាមឧបទ្វីបអារ៉ាប់នឹងនាំឱ្យមានការផ្លាស់ប្តូរខ្លាំងចំពោះការខ្វះខាតទឹកសរុបនៅក្នុងតំបន់។ ដូចគ្នានេះដែរ គ្រោះរាំងស្ងួត និងការបូមទឹកពីក្រោមដីនឹងរួមចំណែកធ្វើឱ្យតំបន់សមុទ្រ Caspian រីងស្ងួត។ ប្រព័ន្ធផ្លូវទឹកហូរនៅតំបន់វាលខ្សាច់សាហារ៉ាភាគពាយព្យ ដែលស្ថិតនៅក្រោមដែនដីក្នុងប្រទេសទុយនីស៊ី និងលីប៊ីក៏កំពុងប្រឈមនឹងសម្ពាធទឹកកើនឡើងផងដែរ»។
ខណៈវិបត្តិនេះកាន់តែវិវត្តទៅមុខ ក៏មានហានិភ័យនៃជម្លោះរវាងរដ្ឋជិតខាងដែលប្រកួតដណ្តើមគ្នាយកធនធានទឹកដែលមានតិចតួច។ នៅក្នុងខែមេសាកន្លងទៅ លោក Abdel Fattah al-Sisi មេដឹកនាំអេហ្ស៊ីបបានព្រមានពីហានិភ័យនៃជម្លោះលើទំនប់ទឹកដ៏ធំរបស់អេត្យូពីនៅទន្លេ Blue Nile បន្ទាប់ពីកិច្ចចរចាលើបញ្ហាទឹករវាងប្រទេសទាំងពីរ និងប្រទេសស៊ូដង់បានបញ្ចប់ទៅដោយមិនមានលទ្ធផល។ លោក Abdel Fattah al-Sisi បានព្រមានថា៖ «ខ្ញុំកំពុងប្រាប់បងប្អូនយើងនៅអេត្យូពីថា មិនគួរឈានដល់ចំណុចដែលអ្នកត្រូវប៉ះពាល់ដំណក់ទឹករបស់អេហ្ស៊ីបនោះទេ ដោយសារតែជម្រើសទាំងអស់នៅតែបើកចំហនៅឡើយ»៕