ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​បុណ្យ​អុំទូក​ថ្ងៃទី​១​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការការពារ​សន្តិសុខ​តឹងរ៉ឹង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​កម្ពុជា​ចាប់​ផ្តើមប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ ​បណ្ដែត​ប្រទីប​ ​អក​អំបុក​ ​និង​សំពះ​ព្រះខែ​ ​ថ្ងៃទី​១​ ​ស្រប​ពេល​គណៈ​កម្មាធិការ​រៀបចំបុណ្យជាតិបារម្ភ​ពី​ឥទ្ធិពលភ្លៀង​ ​និង​ខ្យល់​បោកបក់​ដោយ​សារព្យុះ​ត្រូពិក។​ ​នេះ​បើតាម​ការ​លើក​ឡើង​របស់​គណៈ​កម្មការ​បច្ចេក​ទេស​សម្រាប់​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក។​

លោក​ ​ប៊ូ ជុំសេរី​ ​អនុប្រធាន​គណៈ​កម្មការ​បច្ចេក​ទេស​សម្រាប់​ព្រះរាជ​ពិធី​បុណ្យ​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ដែល​ជាថ្ងៃ​ទី១​នៃ​ការ​ចាប់​ផ្តើម​ព្រះ​រាជពិធី​បុណ្យ​អុំ​ទូករយៈពេល​បី​ថ្ងៃ​ថា​ ​ក្នុង​ឆ្នាំ​២០១៧​នេះ​ ​ចំនួន​ទូក ង​ ​ចូលរួម​ប្រណាំង​ ​កើន​ឡើង​ដល់​២៧០ទូក​ ​ខណៈ​នៅ​ក្នុង​ឆ្នាំ២០១៦​ ​មាន​តែ​២៥៧​ទូក​ ​ដែល​មាន​កីឡាករ​ ​និង​កីឡាការិនីចំនួនជិត​១ម៉ឺន​៨ពាន់​នាក់​ ​(១៧.៨២៨នាក់)។​ ​លោក​បន្ត​ថា​ ​ពិធី​បុណ្យអុំទូក​ឆ្នាំនេះ​មា​នភាព​សប្បាយ​រីករាយ​ ​និង​មាន​ប្រជា​ពលរដ្ឋ​ចូលរួមច្រើន​ជាង​ឆ្នាំ​មុនៗ។​

ទោះ​ជា​បែប​នេះ​ក្តី​ ​លោក​ ​ប៊ូ ជុំសេរី​ ​បន្ថែម​ថា​ ​គណៈ​កម្មា​ធិការ​រៀបចំ​បុណ្យ​ជាតិ​ ​និង​អន្តរជាតិ មាន​ការបារម្ភពីឥទ្ធិពលរបស់​ព្យុះ​ត្រូពិក​ដែល​នឹង​បោក​បក់​មក​លើ​កម្ពុជា ​ក្នុង​អំឡុង​ពិធី​បុណ្យ​អុំ​ទូក​នេះ ប៉ុន្តែ​លោក​ថា គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ​ ​និង​អន្តរជាតិ​បាន​ណែនាំ​ក្រុម​កីឡាករ​ ​និង​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាមុន​រួច​រាល់​ហើយ។​

លោក​ ​ប៊ូ ជុំសេរី​ បញ្ជាក់​ថា៖​

​«យើងបាន​ត្រៀម​លក្ខណៈ​ហើយ។​ ​ជួយ​គាត់​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ផ្សព្វ​ផ្សាយ​គាត់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​មាន​ខ្យល់​ពេល​មាន​ភ្លៀង។​ ​យើង​បានធ្វើ​ការ​ណែនាំ​គាត់​ក្នុង​ពេល​ប្រជុំ​ពី​ម្សិល​មិញ។​ ​ឲ្យ​គាត់​ត្រៀម​លក្ខណៈឲ្យ​ហើយ កុំ​ឲ្យ​ថា​គេងៗ​ទៅអត់​ដឹង​ខ្លួន ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​មាន​អី។ ឲ្យ​ដឹង​ថា​ប្រទេស​យើង​ក្នុង​ចន្លោះ​ប៉ុន្មាន​ថ្ងៃនេះនឹង​មាន​ភ្លៀង និង​មាន​ខ្យល់​ ដូច្នេះ​ត្រូវ​ត្រៀម​លក្ខណៈ​ឲ្យ​ហើយ​ ​មាន​តង់​ ​មានអាវភ្លៀង។​ ​ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ទិញ​ជូន​គាត់​ទេ​ ​គ្រាន់​តែ​ជាការ​ណែនាំ ព្រោះ​ថា​នេះ​គឺជា​ការងារ​មួយមាន​លក្ខណៈ​ធំធេង​ណាស់​ ​ដូច្នេះ​អ្នកដែល​ចូលរួម​មាន​ម្ចាស់​ការ​រៀងៗ​ខ្លួន​រួច​ហើយ»។​

ព្រះរាជ​ពិធី​បុណ្យ​អ៉ុំទូក​ ​បណ្តែត​ប្រទីប​ ​អកអំបុក​ ​និង​សំពះ​ព្រះខែ​ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ​ ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី២​ ​ខែ​វិច្ឆិកា​នេះ​ ​រហូត​ដល់​ថ្ងៃទី៤​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៧។​ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​និង​គណៈ​កម្មាធិការ​រៀបចំ​បុណ្យជាតិ​ ​និង​អន្តរជាតិ​ ​រំពឹង​ថា​ ​ដំណើរការ​នៃ​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះនឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ​និង​ប្រសើរ​ជាង​ឆ្នាំ​មុនៗ​ ​ទាំង​បញ្ហា​សន្តិសុខ​ សុវត្ថិភាព ​និង​អនាម័យ។​

មន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុ​និយម​បានឲ្យ​ដឹង​ថា​ ​ផ្នែក​ខ្លះ​នៃ​ប្រទេស​កម្ពុជា​ ​នឹង​ទទួលរង​ឥទ្ធិពល​ជា​ភ្លៀង ​និង​ខ្យល់​បោកបក់​បង្ក​មក​ពី​ឥទ្ធិពល​នៃ​ព្យុះ​ត្រូពិក​ឈ្មោះ​ «ព្យុះ​ដំរី» ដែលបាន​បោក​បក់​ចេញ​ពី​ប្រទេស​ហ្វី​លី​ពីន​ ​និង​វិវត្ត​ក្លាយ​ជា​ព្យុះ​ត្រូ​ពិក​ ​ដែលនឹងធ្វើ​ឲ្យ​មាន​ភ្លៀងចាប់​ផ្ដើម​ធ្លាក់​រាយ​ប៉ាយ​ទូទាំងប្រទេស​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី៥​ ដល់​ថ្ងៃទី១០​ ខែ​វិច្ឆិកា​នេះ។​

មន្ត្រី​ដដែលបញ្ជាក់​ថា​ ​ខ្យល់​«ព្យុះដំរី»​នេះ​ ​នឹង​មិន​បង្ក​ការ​រំខាន​អ្វី​ដល់​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ប្រចាំ​ឆ្នាំ​ដែល​កំពុង​ប្រារព្ធ​នៅ​ភ្នំពេញ​ឡើយ​សម្រាប់​ថ្ងៃ​ទីមួយ​ ​និង​ថ្ងៃទីពីរ​នៃ​ព្រះ​រាជ​ពិធី ​តែ​សម្រាប់ថ្ងៃ​ទីបី​វិញ​ អាច​ចាប់​ផ្ដើម​មាន​ភ្លៀងធ្លាក់​នៅ​អំឡុង​ពេល​ក្បាល​ព្រលប់ និង​ថា ​ក្រសួង​កំពុង​ពិនិត្យ​តាម​ដាន។​

លោក​ ​ឈុំ សុវណ្ណឌី​ ​កីឡាករ​អុំទូក​មួយ​រូប​មក​ពី​ខេត្ត​កណ្តាល​លើក​ឡើង​ថា ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​មាន​ភាព​អ៊ូអរជាង​ឆ្នាំ​មុន ប៉ុន្តែ​លោក​ថា​ ​លោក​មាន​ការ​បារម្ភ​ពី​សុខភាព​ ​និង​សុវត្ថិភាព​ ​ខណៈ​ដែល​គណៈ​កម្មាធិការ​រៀបចំ​ពិធី​បុណ្យ​អុំទូក​ ​បាន​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ពី​ឥទ្ធិពល​ខ្យល់ព្យុះ​ត្រូ​ពិក​ដែល​នឹង​កើត​មានក្នុងពេល​ឆាប់ៗ​ខាង​មុខ។​

លោកឈុំ សុវណ្ណឌី​ ​បញ្ជាក់​ថា៖​

«មាន​គណៈ​កម្មការ​ដូចជា​មេ​ទូកៗ​ហ្នឹង​គាត់​បាន​ប្រាប់​ចំណុះ​ទូក​ទាំងអស់​ ​ឲ្យ​ប្រុង​ប្រយ័ត្ន​រៀង​ខ្លួន​ ដោយសារ​ទី១​ខ្យល់ ហើយទី២​ ទឹកគឺ​ហូរ​ខ្លាំង​ ​អញ្ចឹង​យើង​មាន​ការ​ត្រៀម​ទុក​រួច​អស់​ហើយ។ ក្នុង​ទូក​ហ្នឹង​មានម៉ាស៊ីន​បូមទឹក​បូមអី»។​

ក្នុង​ព្រះ​រាជពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ​ ​គេ​ឃើញ​កង​កម្លាំងចម្រុះ​ដើរ​ទៅ​ដើរ​មក​ជា​ជួរ​កាត់​ហ្វូង​មហាជន ​ដោយក្នុង​ដៃ​របស់​ពួកគេ​ប្រដាប់​ដោយ​អាវុធ​ ខ្លះ​ជាកាំភ្លើង​ដែល​ដាក់​ក្នុង​ស្រោម​ ​និង​ខ្លះទៀត​ ជា​កាំភ្លើងវែង​ដែល​បាន​ដក​ចេញ​ពី​ស្រោម​រួច​ជាស្រេច។​

VOA​ ​បានព្យាយាម​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក គៀត ច័ន្ទថារិទ្ធ​ ​អ្នកនាំពាក្យ​នគរបាល​ជាតិ និង​លោក​ ​ម៉េត មាសភក្តី​ ​អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ​ពាក់ព័ន្ធ​នឹង​ការការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់ ប៉ុន្តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃព្រហស្បតិ៍​នេះ មិនមាន​ការ​ឆ្លើយ​តប​ណា​មួយ​នៅ​ឡើយ។​

បើតាម​របាយការណ៍​របស់​នគរបាល​ជាតិ​ស្តីពី​ផែនការ​ការពារ​សន្តិសុខ​ ​សណ្តាប់ធ្នាប់ក្នុង​ពិធី​បុណ្យ​អុំទូក ចេញ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា បង្ហាញ​ថា​ ​រដ្ឋាភិបាល​បាន​ត្រៀម​កម្លាំង​មាន​សមត្ថកិច្ច​សរុប​ចំនួន១២.២៨៥​នាក់ ​រួម​ទាំង​កង​អង្គរក្ស​ផង​ដែរ។​

ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ ​បណ្ដែត​ប្រទីប​ ​អកអំបុក​ ​និង​សំពះ​ព្រះ​ខែ​ជា​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​តាំងពី​បុរាណ​ ដែល​តែងត្រូវ​បានប្រារព្ធ​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ។​ ​ប្រជាពល​រដ្ឋ​ប្រមាណ​ជិត​៣លាន​នាក់​ចូលរួម​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ។​

ទោះ​ជា​យ៉ាង​ណា​ ​កម្ពុជា​បាន​ខកខាន​មិន​បាន​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​មួយ​នេះ​រយៈពេល​៣ឆ្នាំ​ជាប់ៗ​គ្នា ​កាលពី​ឆ្នាំ២០១១​ ​ឆ្នាំ​២០១២​ ​និង​ឆ្នាំ២០១៣​ ​ក្រោយ​ពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​ ដែល​បណ្ដាល​ឲ្យមនុស្ស​ជា​ង​៣៥០​នាក់​ស្លាប់ ​និង​ដោយសារ​ហេតុ​ផល​គ្រោះ​ទឹក​ជំនន់ ​និង​ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះ​បរមរតន​កោដ្ឋ​ព្រះបាទ​នរោត្តម ​សីហនុ។​

ក្នុងឆ្នាំ​២០១៤​ ​ពិធី​បុណ្យ​បុណ្យ​អុំទូក​ត្រូវបាន​រៀបចំ​ធ្វើ​ឡើង​វិញ​ ​តែ​ក៏​បាន​ខកខាន​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៥​ ​ស្របពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បាន​ឡើង​កម្តៅ​ ​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​បាន​អះអាង​ថា​ ​ការ​ផ្អាក​ប្រារព្ធ​ពិធី​នេះ​គឺ​ដោយ​សារ​កម្ពស់​ទឹក​ទន្លេ​ទាប​ពេក​មិន​អាច​អុំទូក​បាន៕

XS
SM
MD
LG