សៀមរាប — ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបដែលប្រកបរបរពឹងផ្អែកលើវិស័យទេសចរណ៍កំពុងជួបការលំបាកជាខ្លាំង បន្ទាប់ពីភ្ញៀវទេសចរនៅក្នុងខេត្តនេះបានធ្លាក់ចុះនៅក្នុងឆ្នាំ២០១៩ កន្លងមកនេះ។
អ្នករស់នៅក្នុងខេត្តសៀមរាប ដែលមានមុខរបរដូចជាមគ្គុទេសក៍ទេសចរណ៍ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ អ្នករត់តាក់ស៊ី ម៉ូតូកង់បី អ្នកលក់វត្ថុអនុស្សាវរិ៍យ និយាយថា ការធ្លាក់ចុះនេះធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ដើម្បីផ្គត់ផ្គង់គ្រួសារ បង់ធនាគារ និងការចំណាយចំបាច់ផ្សេងៗទៀត។
អ្នកស្រី ព្រាប យ៉ា អាយុ ៣១ឆ្នាំ ជាអាជីវករនៅមុខប្រាសាទអង្គរវត្ត។ អ្នកស្រីលក់ខោអាវ កន្សែង បង់ក មួក ស្បែកជើងសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិអស់រយៈពេល១០ឆ្នាំកន្លងមកហើយ។ អ្នកស្រីប្រាប់វីអូអេថា នៅក្នុងឆ្នាំ២០១៩នេះទាំងភ្ញៀវជាតិនិងអន្តរជាតិមានការធ្លាក់ចុះយ៉ាងខ្លាំង ហើយប្រាក់ចំណូលប្រចាំថ្ងៃរបស់អ្នកស្រីបានមកពីការលក់ក៏បានធ្លាក់ចុះយ៉ាងច្រើនដែរ។
«ពីមុនចំណេញបាន១ថ្ងៃ ៤ម៉ឺន៥ម៉ឺន ឆ្នាំមុនៗ តែដល់ចូលឆ្នាំនេះមកធ្លាក់ភ្ញៀវមកអត់សូវចំណេញច្រើនទេ ចំណេញ១ថ្ងៃ២ម៉ឺន ២៥០០០ ពេលខ្លះធ្លាក់នៅ១៥០០០ប៉ះថ្ងៃខ្លះអត់បានកៅឆាយក៏មាន»។
អ្នកស្រី ព្រាប យ៉ា ជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនអ្នកទៀត ដែលរងផលប៉ះពាល់ដោយសារតែការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះជាហេតុធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរចូលមកលេងខេត្តសៀមរាបមានការធ្លាក់ចុះ១៥ភាគរយ ពោលគឺស្មើប្រហែល៣សែននាក់ បើធៀបទៅឆ្នាំ២០១៨។
នៅម្ខាងទៀតនៃផ្លូវមុខប្រាសាទអង្គរវត្ត តូបប្រក់ស្បូវប្រហែល៥ម៉ែត្រ បួនជ្រុងដែលមានលក់ខោអាវ គ្រឿងចម្លាក់ឈើ ថ្ម និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ ក្នុងរយៈពេលប្រហែលជិត១ម៉ោង មានភ្ញៀវទេសចរខ្មែរតែម្នាក់ប៉ុណ្ណោះចូលទិញអាវនៅទីនេះ។
អ្នកស្រី គឹម ណារីន អាយុ៤១ ឆ្នាំ ជាម្ចាស់តូបនេះអស់រយៈពេលជិត២០ឆ្នាំមកហើយ។ អ្នកស្រីថា នៅក្នុងឆ្នាំ២០១៩កន្លងមកនេះ ប្រាក់ចំណេញរបស់អ្នកស្រីបានធ្លាក់ចុះប្រហែលជាង៥០ភាគរយ ហើយពេលនេះការលក់របស់អ្នកស្រីពឹងផ្អែកលើភ្ញៀវជាតិតែប៉ុណ្ណោះ។
«ថ្ងៃណាក៏បាន១០ទៅ២០[ដុល្លារ] ឆ្នាំមុនវាអាចបានលើសនេះ ៥០ ៦០ ៧០ [ដុល្លារ] អីចឹងទៅ ចំណូលវាបានលើសឆ្នាំនេះ ពួកខ្ញុំបានខ្មែរទេ ខ្ញុំអត់មានសង្ឃឹមបរទេសទេ ចាំបរទេស ទិញដាច់បាយហើយ»។
អាជីវករលក់របស់របរវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ នៅផ្សារចាស់ និងផ្សាររាត្រីនៅក្នុងខេត្តសៀមរាប ក៏បានត្អូញត្អែរពីការបាត់បង់ប្រាក់ចំណូលយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០១៩នេះ ស្រដៀងៗគ្នាទៅនឹងអាជីវករលក់នៅមុខប្រាសាទអង្គរវត្តដែរ។ អាជីវករមួយចំនួនបានសម្រេចចិត្តបោះបង់មុខរបរនេះចោល បន្ទាប់ពីមិនអាចទ្រាំទ្រនឹងការបាត់បង់ប្រាក់ចំណូលក្រោយពីការធ្លាក់ចុះភ្ញៀវទេសចរនេះ។
នៅមិនឆ្ងាយប៉ុន្មានពីផ្សារចាស់ក្នុងខេត្តសៀមរាប លោក វ៉ន បូរាណ អាយុ៣២ឆ្នាំ កំពុងអង្គុយលើម៉ូតូកង់បីភ្នែកកំពង់រំពៃរកភ្ញៀវ។ លោកប្រាប់វីអូអេថា លោករត់ម៉ូតូកង់បីដឹកភ្ញៀវទេសចរជាង១០ឆ្នាំមកហើយ ក៏ប៉ុន្តែមិនដែលមានឆ្នាំណាភ្ញៀវទេសចរធ្លាក់ខ្លាំងដូចឆ្នាំ២០១៩នោះទេ។
«ពីរ បីឆ្នាំមុនដែលភ្ញៀវសម្បូរ ពេលនៅក្នុងរដូវសម្បូរភ្ញៀវនេះជាមធ្យម ខ្ញុំអាចរកបាន ១៥ដុល្លារ ក្នុងមួយថ្ងៃ តែឆ្នាំនេះក្នុងខែនេះដូចគ្នា មួយអាទិត្យ ខ្ញុំរកអត់បាន២០ដុល្លារទេ។ ចឹងវាយ៉ាប់មែនទែនលើការចាយវាយចំណាយទៅលើក្រុមគ្រួសារ គឺរាល់ខែខ្ចីលុយគេចាយរហូតដំណាក់កាលចុងក្រោយ ប្រហែលជាចំណាកស្រុក ពីព្រោះនៅក្នុងស្រុកអត់មានការងារធ្វើទេ»។
លោកបានឲ្យដឹងបន្តថា៖ «មើលទៅរដ្ឋាភិបាលដូចយកចិត្តទុកដាក់ តែដូចបានតែមាត់ ពីព្រោះការដឹកនាំទាំងអស់ដូចអត់ដែរបានទទួលកំហុសផង»។
លោក ខៀវ ធី ជាប្រធានសមាគមមគ្គុសទេសក៍ទេសចរណ៍អង្គរ និងមគ្គុសទេសក៍ទេសចរណ៍ភាសាអង់គ្លេស។ លោកធ្វើការនេះអស់រយៈពេល២៥ឆ្នាំមកហើយ។ លោកបានឲ្យដឹងថា កត្តានយោបាយ សេដ្ឋកិច្ចពិភពលោក អាកាសធាតុឡើងកំដៅ អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ចរាចរណ៍ និងសេវាកម្មប៉ូលីសអន្តោប្រវេសន៍នៅតាមច្រកព្រំដែន គឺសុទ្ធតែជាកត្តាដែលធ្វើឲ្យភ្ញៀវទេសចរធ្លាក់ចុះ។
លោកបានបន្ថែមថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់លើវិស័យទេសចរណ៍នេះ បើមិនដូច្នោះទេ ប្រជាពលរដ្ឋនៅសៀមរាបភាគច្រើនដែលពឹងអាស្រ័យលើវិស័យទេសចរណ៍នឹងបន្តជួបបញ្ហាលំបាកផ្នែកជីវភាពកាន់តែខ្លាំងទៅៗ។
«ភ្ញៀវឆ្នាំ១៧ ១៨ យើងរកលុយបានច្រើន យើងបាន១៥ថ្ងៃក្នុងមួយខែ តែឆ្នាំនេះ យើងរកបានតែបួនឬប្រាំថ្ងៃ ចឹងអ្នកដែលជំពាក់ធនាគារ ជួនកាលគាត់ខ្ចីលុយធនាគារដើម្បីទិញឡានរត់តាក់ស៊ីដឹកភ្ញៀវ គាត់ខ្ចីលុយដើម្បីទិញផាស់អាប់(PassApp) ខ្ចីលុយដើម្បីទិញតុក តុក ចឹងគាត់រំពឹងថា នឹងបានលុយគាត់រកបានសងបណ្តោះទៅគេវិញ។ តែបើអត់ភ្ញៀវទេសចរតែដូចរបៀបឆ្នាំ២០១៩នេះ យើងបារម្ភថា វាអាចមានបញ្ហាភាពក្រីក្រកើតមានឡើង ហើយអាចមានបញ្ហាជាមួយនឹងធនាគារដែលគេរឹបអូសយកដីធ្លីទ្រព្យសម្បត្តិគាត់»។
ជាមួយគ្នានេះដែរ លោក គឹម ហាក់ ជាមគ្គុសទេសក៍ទេសចរណ៍ភាសាចិនជាង២០ឆ្នាំ បានឲ្យដឹងថា លោកបានដូរអាជីពទៅជាអ្នកបកប្រែជាបណ្តោះអាសន្នសិន បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកនៃភ្ញៀវទេសចរ។
លោកបានបន្តថា នៅក្នុងរយៈពេលខាងមុខនេះ លោកហាក់ដូចជាមិនមានសង្ឃឹមចំពោះកំណើនភ្ញៀវទេសចរនោះទេ ស្របពេលដែលស្ថានភាពនយោបាយកម្ពុជាកំពុងច្របូកច្របល់ថែមទៀតនោះ។
«ខែនេះម៉ោងនេះពេលនេះ ពួកខ្ញុំមគ្គុសទេសក៏ខ្លះគឺដេកស៊ីម៉ង អត់មានភ្ញៀវទេ ចឹងយើងសុខចិត្តលក់ម៉ូតូ លក់ឡាន ចងការ ដេញតុងទីន យកលុយមកដើម្បីបង្វិលក្នុងជីវភាព។ គ្រាន់តែមិត្តភ័ក្តិខ្ញុំ វាដេកអត់មានភ្ញៀវឡើងមួយខែ ខ្លះពីមុនវាដើរប្រាំក្រុម ២៥ថ្ងៃ។ ឥឡូវគាត់អត់មានផង ជួនកាលដើរបានមួយក្រុម គាត់ជាអ្នកនាំភ្ញៀវដែលល្អ ឆ្លាត យ៉ាងណាក៏ដើរបានតែមួយក្រុម»។
សារមន្ទីរអង្គរដែលបានបើកសម្ពោធជាផ្លូវការកាលពីឆ្នាំ២០១៥ ដែលវិនិយោគដោយក្រុមហ៊ុនរបស់កូរ៉េខាងជើងមានតម្លៃជាង ២០លានដុល្លារអាមេរិក និងសណ្ឋាគារអប្សរាអង្គរលំដាប់ផ្កាយ៤ ដែលបានបើកដំណើរការអស់រយៈពេលជិត២០ឆ្នាំ ក៏បានប្រកាសផ្អាកដំណើរការកាលពីថ្មីៗនេះដែរ ដោយសារវិបត្តិផ្នែកសេដ្ឋកិច្ច។
ក្រៅពីនេះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍ មួយចំនួនទៀតក៏បានផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនផងដែរ។
លោក កៅ ហ្វីលីព ( PHILIP KAO) ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាបមានប្រសាសន៍ថា ទាំងវិស័យរដ្ឋនិងឯកជនគួរតែប្រឹងប្រែងរួមគ្នាដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឲ្យមានការកើនឡើងវិញ។
លោកបញ្ជាក់ថា បើទេសចរណ៍នៅបន្តធ្លាក់ចុះបែបនេះទៀត មុខរបរដែលទាក់ទងនឹងទេសចរណ៍មួយចំនួនប្រឈមមុខនឹងការបិទទ្វារ។
«ការប្រកបអាជីវកម្មមួយតែម្តង ប្រសិនជាប្រឈមមុខនឹងការខាតរាប់ខែរាប់ឆ្នាំ ខ្ញុំគិតថា វាមិនអាចទ្រាំទ្រទៅមុខទៀតបាន ក្រៅពីបិទអាជីវកម្មទេ។ ដូចមិត្តភក្តិខ្ញុំខ្លះគាត់ធ្លាប់លើកថា ឥឡូវនេះប្រកបវិស័យសណ្ឋាគារនិងវិស័យទេសចរណ៍នៅខេត្តសៀមរាប ដើម្បីឲ្យមានដំណើរការនៃអាជីវកម្មរបស់ខ្លួនបាន ទាល់តែអាចប្រឹងទៅលក់ទ្រព្យសម្បត្តិខ្លួនឯង ដូចជាដី ដូចជាស្អីចឹងទៅ ដើម្បីយកមកទប់ចឹង»។
VOA សំឡេងសហរដ្ឋអាមេរិកព្យាយាមទាក់ទងលោក ងូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបជាច្រើនដង តែលោកតែងតែឆ្លើយថាជាប់រវល់ប្រជុំ។ ទោះបីជាយ៉ាងណាក៏ដោយ លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានមានប្រសាសន៍ឲ្យដឹងថា មន្ទីរទេសចរណ៍ និងក្រុមមន្ត្រីថ្នាក់ខេត្តដែលពាក់ព័ន្ធទាំងអស់កំពុងព្យាយាមរៀបចំតំបន់ទេសចរណ៍ធម្មជាតិបន្ថែមទៀត និងរៀបចំហេដ្ឋារចនាសម្ពន្ធ័ឲ្យបានល្អប្រសើរឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ លោកសង្ឈឹមថា ភ្ញៀវទេសចរនឹងមានការកើនឡើងវិញក្នុងឆ្នាំ២០២០នេះ។
«ជំរុញឲ្យមានភ្ញៀវទេសចរត្រឡប់មកខេត្តសៀមរាបយើងវិញ តែយើងត្រូវមានកត្តាមួយចំនួន គឺឥឡូវនេះបញ្ហាចម្បងធំគឺរឿងផ្លូវ មួយទៀតគឺយើងត្រូវតែធ្វើយ៉ាងណារៀបចំនៅតំបន់ទេសចរណ៍ផ្សេងៗឲ្យបានច្រើន គឺយើងព្យាយាមរៀបចំនូវតំបន់អេកូទេសចរណ៍។ ចឹងយើងមានដូចជាបឹងទន្លេសាប ភ្នំគូលេន ហើយនិងប្រហែលជាមានតំបន់ផ្សេងៗដែលយើងអាចទាក់ទាញបានជាវាលស្រែជាដើម នៅតាមជនបទ»។
ខេត្តសៀមរាបគឺជាខេត្តមួយដែលស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំភ្ញៀវទេសចរប្រហែលជាង២លាននាក់ លេងខេត្តនេះ ដែលអាចផ្តល់ចំណូលប្រហែលជា១០០លានដុល្លារក្នុងមួយឆ្នាំ៕