សាលាបុណ្យទួលពោធិ៍ជ្រៃក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានសាងសង់កាលពី២ឆ្នាំមុន ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធអ្នកដែលត្រូវបានសម្លាប់នៅទីនោះក្នុងរបបខ្មែរក្រហម។
អតីតទាហាននិងរាជការដែលបម្រើការក្នុងរបបសាធារណរដ្ឋខ្មែរ ឬលន់ នល់ ត្រូវបានប្រជាពលរដ្ឋដែលរស់រានមានជីវិត អះអាងថាត្រូវបានសម្លាប់នៅទីនោះ អំឡុងឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៧។
លោក អ៊ឹង ហ៊ុយ អាយុ៧៤ឆ្នាំ បានមកកាត់ស្មៅក្នុងវាលស្រែមួយនៅទួលពោធិ៍ជ្រៃ។ លោកជិះឆ្លងកាត់ទីតាំងនោះជារៀងរាល់ថ្ងៃ ដែលនាំឲ្យលោកនឹករឭកការយកបងថ្លៃរបស់លោក ដែលជាមន្រ្តីកសិកម្មក្នុងសម័យលន់ នល់ ឈ្មោះលោក ជា ខេង មកសម្លាប់នៅទីតាំងនោះ ដែលជាអតីតបន្ទាយទាហានក្នុងរបបលន់ នល់។
លោកប្រាប់វីអូអេថា៖ «អត់ដឹងថាយកមកធ្វើអី ប៉ុនដឹងថាយកមកសម្លាប់នៅហ្នឹងបណ្តោយ ព្រោះ គាត់អនុប្រធានកសិកម្មខេត្ត…គេថាយកមករៀនសូត្រ»។
ការយកមករៀនសូត្រក្នុងសម័យខ្មែរក្រហមមានន័យថាយកទៅសម្លាប់។ នៅក្នុងសម័យខ្មែរក្រហម លោក អ៊ឹង ហ៊ុយ ក៏បាត់បង់ប្អូនបង្កើតម្នាក់ដែរ ដែលត្រូវបានយកទៅសម្លាប់ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
ចំណែកលោក សៀម សឿម អាយុ៦៣ឆ្នាំ អតីតសន្តិសុខភូមិក្នុងសម័យលន់ នល់ ក៏បានរៀបរាប់ថាលោកបានឃើញសាកសពដោយផ្ទាល់ ដោយសារលោកមានផ្ទះនៅក្បែរនោះ។ លោករំឭកថាលោកបានឃើញរថយន្តបើកចូលទីតាំងដែលជាបន្ទាយទាហានលន់ នល់ ថាយកទៅរៀនសូត្រនៅខេត្តសៀមរាប ប៉ុន្តែបានឮសំឡេងកាំភ្លើង ក្រោយរថយន្តបើកចូល។
លោកថ្លែងថា៖ «យើងស្មានថាគេឲ្យទៅរៀនមែន…ស្មានថាគេឲ្យយកគ្នាទៅរៀនមែន បានគេចង់។ មកចប់ត្រឹមហ្នឹង។ ហើយគេថាឲ្យបើកអាផ្លូវកាត់នេះ រហ័សដល់អង្គរវត្ត»។
នៅក្នុងសវនាការបណ្តឹងសាទុក្ខកាលពីថ្ងៃទី១៩ ខែសីហា ប្រឆាំងនឹងការកាត់ទោសដាក់ពន្ធនាគារមួយជីវិត លោក ខៀវ សំផន អាយុ៩០ឆ្នាំ អតីតប្រមុខរដ្ឋរបបខ្មែរក្រហម បានអះអាងថាលោកមិនដែល សូម្បីតែនឹកឃើញការសម្លាប់ប្រជាជនខ្មែរគ្នាឯង និងសម្លាប់ទាហានលន់ នល់នោះទេ។ ចំពោះការចោទប្រកាន់ប្រឆាំងលើរូបលោកថាមានការសម្លាប់ទាហានលន់ នល់ នៅទួលពោធិ៍ជ្រៃក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ លោក ខៀវ សំផន បញ្ជាក់ថាលោកមិនដែលស្គាល់ទីតាំងនោះទេ។
លោកថ្លែងថា៖ «ការកាត់ទោសខ្ញុំអំពីថាខ្ញុំបានចូលរួមក្នុងការសម្លាប់រង្គាលទាហាន នាយទាហាន អតីតអ្នករដ្ឋការនៃរបបសាធារណរដ្ឋខ្មែរនៅទួលពោធិ៍ជ្រៃ ដែលជាកន្លែងខ្ញុំមិនដែលដឹងផងទេ ថានៅឯណានោះរហូតមកដល់ពេលនេះ»។
ប៉ុន្តែជនរងគ្រោះក្នុងរបបខ្មែរក្រហម លោក សៀម សឿម អះអាងថាលោកមិនជឿការថ្លែងរបស់អតីតមេដឹកនាំខ្មែរក្រហមនោះទេ ព្រោះលោកបានឃើញសាកសពនៅទីនោះដោយផ្ទាល់។
លោកថ្លែងថា៖ «បើគាត់ អត់ដឹង ទាហានហ្នឹងបានឈ្មោះពីណា[មក]។ អ្នកណា អ្នកបញ្ជា? បើគាត់ថាអត់ដឹង បើគាត់អ្នកកាន់ខាងហ្នឹងហើយ។ ម៉េចយើងជឿថាគាត់ថាមិនដឹង។ ខ្ញុំថាអត់ជឿបណ្តោយ»។
លោក អ៊ឹង ហ៊ុយ ដែលមានបងថ្លៃត្រូវបានសម្លាប់នៅទួលពោធិ៍ជ្រៃនេះ ថ្លែងថា៖ «អ្ហេ មិនឲ្យដោះលែងទេ ឲ្យកាត់ទោសអីទៅ ដោះលែងម៉េចត្រូវ មិនកើតទេ»។
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាលោក ឆាំង យុ ធ្លាប់ប្រាប់វីអូអេថាប្រជាជនកម្ពុជានៅតែចងចាំការកាប់សម្លាប់រាប់លាននាក់ ហើយលោកខៀវ សំផន ជាអ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់។ លោកបន្តថាខ្មែរក្រហម«មិនកែចរិត» ហើយមកដល់ពេលនេះហើយ«នៅតែប្រកែក»។
អតីតទីតាំងសម្លាប់ទួលពោធិ៍ជ្រៃក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានដំណើរការពីខែមេសា ឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៧ ដែលមានការសម្លាប់ក្នុងអំឡុងពេលនោះ។
ឯកសាររបស់តុលាការខ្មែរក្រហមបានបង្ហាញថាមនុស្សប្រមាណ២ពាន់ទៅ៣ពាន់នាក់ ដែលជាអតីតទាហាន និងអ្នកធ្វើការក្នុងរបបលន់ នល់ ត្រូវបានសម្លាប់នៅទីនោះ។ ពួកគេត្រូវបានដឹកតាមរថយន្ត ហើយក្នុងមួយរថយន្តមានប្រមាណពី៣០ទៅ៤០នាក់។ ការសម្លាប់នោះ ដោយការបាញ់នឹងកាំភ្លើងត្រង់ក្បាល និងលើដើមទ្រូង។ នេះបើតាមជនរងគ្រោះ ដែលតុលាការខ្មែរក្រហមបានចងក្រង។
សេចក្តីរាយការណ៍ផ្សេងទៀតឲ្យដឹងថាឧក្រិដ្ឋកម្មនៅទួលពោធិ៍ជ្រៃ ខេត្តពោធិ៍សាត់ មានជនរងគ្រោះជាង១ម៉ឺននាក់ជាអតីតទាហាន និងអ្នករាជការនៃរបបសារធារណរដ្ឋខ្មែរ ត្រូវសម្លាប់នៅទីនោះ៕