កាលពីថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានហៅថា ការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមថាជាផ្នែក មួយនៃការផ្តល់សច្ចធម៌ដល់ប្រទេសវៀតណាម។
លោកអ៊ាង សុផល្លែត អ្នកនាំពាក្យរបស់លោកនាកយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយពីជំនួបនៅទីស្តីការគណៈរដ្ឋមន្ត្រីយ៉ាងដូច្នេះថា៖
«ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមនោះ រួមមាន លោកខៀវ សំផន លោក នួន ជា និងលោកអ៊ៀង សារី គឺជាសច្ចធម៌ប្រវត្តិសាស្ត្រសម្រាប់វៀតណាម។ ការកាត់ទោសរបបប៉ុល ពត គឺបញ្ជាក់ដល់ការជួយរបស់វៀតណាមមកដល់កម្ពុជាគឺមានភាពត្រឹមត្រូវ»។
អ្នកនាំពាក្យនេះឲ្យដឹងថា លោកហ៊ុន សែនថ្លែងបែបនេះប្រាប់លោក ង្វៀន ផូត្រុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំជាន់ខ្ពស់វៀតណាមនេះបានកើតមានឡើងខណៈដែលលោកនួន ជា អតីតមេដឹកនាំជាន់ខ្ពស់ទីពីរនៃរបបខ្មែរក្រហមបន្ទាប់ពីប៉ុល ពត បានចោទថា ប្រទេសវៀតណាមបានសម្លាប់ប្រជាពលរដ្ឋខ្មែរ។
«ដូច្នេះនែ ទម្លាក់ឧក្រិដ្ឋប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម អីៗអស់នេះ។ វាមិនមែនខ្មែរនឹងខ្មែរទេ។ យួននឹងខ្មែរ។ យួនអ្នកសម្លាប់ខ្មែរ។កុំយល់ថា ខ្មែរក្រហមវាអាក្រក់ ខ្មែរក្រហមប្រល័យពូជសាសន៍ ខ្មែរក្រហមឧក្រិដ្ឋកម្មសង្គ្រាម ខ្មែរក្រហមអីៗទាំងអស់។ វាអត់សោះ»។
ប៉ុន្តែមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជា បានបដិសេធចោទប្រកាន់នេះ។
ដំណើរទស្សនកិច្ចរបស់លោកង្វៀន ផូត្រុងនេះផ្តោតលើការលើកកម្ពស់ការអនុវត្តកិច្ចព្រមព្រៀងនានាស្តីពីកិច្ចសហប្រតិបត្តិការ ថែរក្សាសន្តិភាព និងស្ថិរភាព។
ទស្សនកិច្ចមន្ត្រីវៀតណាមនេះធ្វើឡើងបន្ទាប់ពីទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ប្រទេសចិនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្មែរក្រហម។ ប្រទេសវៀតណាមធ្លាប់ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្មែរក្រហម ហើយបានក្លាយជាសត្រូវនឹងគ្នា ពេលមានការកាប់សម្លាប់ប្រជាជនខ្មែរជិត២លាននាក់ក្នុងរបបខ្មែរក្រហម៕