ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​អនុវត្ត​វិធាន​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​មុន​ពេល​ធ្វើ​សមាជ​បក្ស


រូបឯកសារ៖ ផ្ទាំងផ្សព្វផ្សាយពីបក្សកុម្មុយនីស្តវៀតណាមនៅដងផ្លូវមួយនៅក្រុងហាណូយ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ ផ្ទាំងផ្សព្វផ្សាយពីបក្សកុម្មុយនីស្តវៀតណាមនៅដងផ្លូវមួយនៅក្រុងហាណូយ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

ក្រុម​ហ៊ុន​ច្បាប់​មួយ​ឈ្មោះ​ថា Baker & McKenzie ​Vietnam ន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​សេចក្ដី​សង្ខេប​នៃ​អនុក្រឹត្យ​នេះ​​មាន​ការ​ចែង​ថា៖ «ឥឡូវ​នេះ​មន្ត្រី​រដ្ឋការ​សាធារណៈ​ត្រូវ​តែ​រាយ​ការណ៍​រាល់​អំណោយ​ទាំង​អស់​ដែល​ទទួល​បាន​ក្នុង​គោល​បំណង​មិន​សម​រម្យ មិន​ថា​អំណោយ​នោះ​មាន​តម្លៃ​ប៉ុន្មាន​នោះ​ទេ»។​

ប្រទេស​វៀតណាម​បាន​អនុម័ត​បទបញ្ញត្តិ​ថ្មី​មួយ​ដែល​ចែង​លម្អិត​អំពី​ការ​ហាមឃាត់​ប្រឆាំង​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ចាប់​តាំង​ពី​អាកប្បកិរិយា​របស់មន្ត្រី​រដ្ឋាភិបាល និង​ការ​សូកប៉ាន់តាម​ការ​ផ្ដល់ជូន​កន្ត្រក​ផ្លែ​ឈើ​ជា​ដើម។

អនុក្រឹត្យ​លេខ59/2019/ND-CP តម្រូវ​ឲ្យ​មន្ត្រី​រដ្ឋការ​ទាំង​អស់​រាយ​ការណ៍​អំពី​អំណោយគ្រប់​បែប​យ៉ាង​រួម​ទាំង​អំណោយ​តូច​តាច ​និង​អំពី​ទំនាក់​ទំនង​របស់​ពួក​គេ​ជា​មួយអ្នក​ផ្ដល់​អំណោយ ក៏ដូចជា​តម្រូវ​ឲ្យ​មន្ត្រី​រដ្ឋការ​សាធារណៈ​បដិសេធ​ទទួល ​«អំណោយ​មិន​សម​រម្យ» ដែល​ជា​ពាក្យមិន​ទាន់​ត្រូវ​បាន​គេ​ឲ្យ​និយម​ន័យ​នៅ​ឡើយ​ទេ តែ​វា​សំដៅ​ទៅ​លើការ​សូក​ប៉ាន់។

ក្រុម​ហ៊ុន​ច្បាប់​មួយ​ឈ្មោះ​ថា Baker & McKenzie ​Vietnam បាន​កត់​សម្គាល់​ថា កាល​ពី​មុន​គឺ​ធ្លាប់​មាន​ការ​កំណត់​ឲ្យ​ទទួល​យក​អំណោយ​ត្រឹម​តម្លៃ ៥០ម៉ឺន​ដុង ឬ​ក្រោម​ ២០ដុល្លារ​អាមេរិក ដែល​ពុំ​តម្រូវ​ឲ្យ​មន្ត្រីរដ្ឋការ​រាយ​ការណ៍​នោះ​ទេ។ អំណោយ​ជា​ទូទៅ​ត្រូវ​បាន​គេ​ផ្ដល់​ជូន​នៅ​ក្នុង​ឱកាសមួយ​ចំនួន​ដូច​ជា​អាពាហ៍ពិពាហ៍ បុណ្យ​សព និង​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​ជា​ដើម ក៏​មិន​ចាំ​បាច់​រាយការណ៍។ អនុក្រឹត្យ​ថ្មី​នេះ បាន​លុប​ចោល​ការ​លើក​លែង​ខាង​លើ​នេះ។​

ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​សេចក្ដី​សង្ខេប​នៃ​អនុក្រឹត្យ​នេះមាន​ការ​ចែង​ថា៖ «ឥឡូវ​នេះ​មន្ត្រី​រដ្ឋការ​សាធារណៈ​ត្រូវ​តែ​រាយ​ការណ៍​រាល់​អំណោយ​ទាំង​អស់​ដែល​ទទួល​បាន​ក្នុង​គោល​បំណង​មិន​សម​រម្យ មិន​ថា​អំណោយ​នោះ​មាន​តម្លៃ​ប៉ុន្មាន​នោះ​ទេ»។​

វិធាន​ការ​នេះ​គឺ​ជា​ផ្លាស់​ប្ដូរ​ថ្មី​បំផុត​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ថ្មីៗ​របស់​ប្រទេស​ដើម្បី​កម្ចាត់​អំពើ​ពុក​រលួយ​ មិន​ខុស​គ្នា​ទៅ​នឹង​យុទ្ធនាការ​កម្ចាត់​អំពើ​ពុក​រលួយ​នៅ​ប្រទេស​ជិត​ខាង​គឺ ​ប្រទេសចិន​ដែលដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ​ស៊ីជីនពីង​ឡើយ។ កន្លង​មក​នេះ​ ប្រទេស​វៀតណាម​បាន​ចាប់​ធនាគារិក មន្ត្រី​សាលាក្រុង និង​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ប្រេង​ដាក់​ពន្ធនាគារ​រួច​មក​ហើយ។ ឥឡូវ​នេះ​វៀតណាម​កំពុង​តែ​ផ្ដោត​លើ​គណបក្សកុម្មុយនិស្ត​ដែល​កំពុង​កាន់​អំណាច​ដែល​ក្នុង​ខែ​កញ្ញា​បាន​អនុម័ត​ច្បាប់​មួយ​ទៀត​គឺ​សេចក្ដី​សម្រេច​លេខ ២០៥ ដើម្បី​ហាម​ឃាត់​ការ​បង់​ប្រាក់​ដើម្បី​ឡើង​ដំណែង។​

លោក Carl Thayer អ្នក​វិភាគ និង​សាស្ត្រាចារ្យ​ខាង​នយោបាយ​នៅ​ឯ​សាកលវិទ្យាល័យ New South Wales ក្នុង​ប្រទេស​អូស្ត្រាលី បាន​ទស្សន៍ទាយ​ថា​នឹង​មាន​អាទិភាព​បី នៅ​ពេល​ដែល​មាន​ការ​ប្រជុំ​គណៈកម្មការ​កណ្ដាល​របស់​បក្ស​នៅ​ក្នុង​ខែ​តុលា​នេះ ដែល​នឹង​ផ្ដោត​លើ​ការរៀបចំ​ធ្វើ​សមាជ​បក្ស​លើក​ក្រោយ គោល​នយោបាយ​ការ​បរទេស​ និង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។

លោក​ Thayer បាន​និយាយ​ថា៖ «អគ្គ​លេខាធិការ​បក្ស លោក Nguyen Phu Trong កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​យ៉ាង​ជាប់​លាប់ និង​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​កំណត់​អត្ត​សញ្ញាណ​ យុទ្ធសាស្ត្រ​ស្នូល​នៃ​កម្មាភិបាល​ដែល​មិន​ពុក​រលួយ និង​ការ​តែង​តាំង​តំណែង​មន្ត្រី​ថ្នាក់​កំពូល បន្ទាប់​ពី​សមាជ​ថ្នាក់​ជាតិ​លើក​ទី១៩ របស់​គណបក្ស​កុម្មុយនិស្ត ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅត្រី​មាស​ទី១ ឆ្នាំ​២០២១។»

លោក​ Thayer បន្ត​ថា៖ ឧទាហរណ៍​គណបក្សកុម្មុយនិស្ត វៀតណាម​បាន​យល់​ព្រម​លើ​បញ្ជី​មួយ​ដែល​សមាជិក​គណបក្ស​មិន​អាច​ធ្វើ​បាន​រួច​ទៅ​ហើយ។​ សេចក្ដី​សម្រេច​លេខ ២០៥​ ​មាន​គោល​បំណង​កាត់​បន្ថយ​ ការ​រីក​រាល​ដាល​នៃ​ការ​អនុវត្ត​សូក​ប៉ាន់​ឡើង​តំណែង ឬ​យក​តួនាទី​ណាមួយ»។​

ឲអង្គការ​តម្លាភាព​អន្តរជាតិបាន​ផ្ដល់​ចំណាត់​ថ្នាក់​ទី ១១៧ ក្នុង​ចំណោម​ប្រទេស ១៨០ ដល់​ប្រទេស​វៀតណាម​នៅ​លើ​សន្ទស្សន៍​ការយល់​ឃើញ​អំពី​អំពើ​ពុក​រលួយ​ប្រចាំឆ្នាំ​របស់​ខ្លួន។ អង្គការ​ឃ្លាំ​មើល​អំពើ​ពុក​រលួយ​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ក៏​អាច​ជួយ​ប្រទេស​វៀតណាម​ឲ្យ​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ទូលំ​ទូលាយ​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​រីក​ចម្រើន។​

លោក Nguyen Ngoc Anh និង Dang Quang Vinh អ្នក​ស្រាវ​ជ្រាវ​ពីរ​រូប​មកពី​អង្គារ​តម្លាភាព ​បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​របាយការណ៍​របស់​ពួក​គេ​ថា​៖​«ការ​លើកកម្ពស់​សុចរិត​ភាព​និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​វិនិយោគ​ និង​បង្កើន​ប្រាក់​ចំណូល​របស់​ប្រជាជន​ក្នុង​តំបន់។ សេចក្ដី​សម្រេច​លេខ 59/2019/ND-CP គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខំ​ប្រឹង​ប្រែង​នេះ។

ក្រៅ​ពី​គោល​ការណ៍​ណែនាំ​ថ្មី​ស្ដី​ពី​ការ​បង់​ប្រាក់​ខុស​ច្បាប់ សេចក្ដី​សម្រេច​នេះ​ក៏​បាន​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ប៉ូលិស​ក្នុង​ការ​ស៊ើបអង្កេត​អំពើ​ពុក​រលួយ​ និង​អាចចោទ​ប្រកាន់​ថ្នាក់​ដឹក​នាំ​ឲ្យ​ទទួល​ខ្លួន​ត្រូវ​ចំពោះ​បទ​ល្មើស​ទាក់ទង​នឹង​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ដែល​កូន​ចៅ​ក្រោម​បង្គាប់​របស់​ពួក​គេ​បាន​ប្រព្រឹត្ត៕

ប្រែសម្រួលដោយ សឿន​ វឌ្ឍនា

XS
SM
MD
LG