ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​នឹង​ប្រកាស​សាល​ក្រម​សំណុំ​រឿង​អតីត​អ្នក​កាសែត​អាស៊ីសេរី​នៅ​ចុង​ខែ​នេះ


លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី កំពុងដើរចេញពីសាលសវនាការ នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី កំពុងដើរចេញពីសាលសវនាការ នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

នៅ​ថ្ងៃ​សុក្រ​នេះ​ ​តុលាការ​រាជធានី​​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំ​​ជម្រះ​ជា​លើក​ទី​ពីរ​លើ​សំណុំ​រឿង​របស់​អតីត​អ្នកសារ​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប ​ទាក់​ទង​នឹង​បទ​ចោទ​ប្រកាន់​ពី​ការ​ធ្វើ​ចារកម្ម​ឲ្យ​រដ្ឋ​បរទេស។ ​​អ្នក​ទាំង​ពីរ​នៅ​តែ​រក្សា​ក្តី​សង្ឃឹម​ថា​ ​ពួក​គេ​នឹង​ទទួល​បាន​សេរីភាព​ក្នុង​ពេល​ឆាប់ៗ។

នៅ​ថ្ងៃ​សុក្រ​នេះ ​តុលាការ​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ជា​លើក​ទី​ពីរ​ លើ​សំណុំ​រឿង​អតីត​អ្នក​សារ​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូបគឺ​លោក​យាង សុធារិន្ទ និង​លោក​អ៊ួន ឈិន ​ដោយ​សម្រេច​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​៣០​ ខែ​សីហា​ខាង​មុខ។​

អតីត​អ្នក​កាសែត​ទាំងពីរ​រូប​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស​ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ»​ ដែល​ស្មើ​នឹង​បទ​ចោទ​ប្រកាន់​ពី​អំពើ​ចារកម្ម​របស់​រដ្ឋ​បរទេស។​

សវនាការ​ព្រឹក​នេះ​ជា​សវនាការ​ដែល​បន្ត​ពី​សវនាការ​លើកទី១​ កាលពី​ចុង​ខែ​កក្កដា​កន្លង​ទៅ។​ ក្នុង​សវនាការ​រយៈពេល​មួយ​ម៉ោង​នៅ​ព្រឹក​នេះ​ ​តំណាង​អយ្យការបានសន្និដ្ឋាន​ដោយការពារបទ​ចោទ​ទៅ​លើ​អតីត​អ្នក​យក​ព័ត៌មាន​ទាំង​ពីររូបដោយ​សំអាងថា​ ​អតីត​អ្នកកាសែត​ទាំង​ពីរ​បា​នបន្ត​ផ្តល់​ព័ត៌មាន​ទៅ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​នៅ​សហ​រដ្ឋ​អាមេរិក ​ក្រោយ​ពី​វិទ្យុ​នេះ​បាន​បិទ​ការិយាល័យ​របស់​ខ្លួនក្នុង​រាជធានី​ភ្នំពេញ។​

សហ​មេធាវី​គឺ​លោក​ សំ ចំរើន​ និង​លោក​ គង់ ពិសី ​ដែល​ការពារ​ក្តី​ឲ្យ​អតីត​អ្នក​សារ​ព័ត៌មាន​ទាំង​ពីរ​រូប​ បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​តប​ថា ​ព័ត៌មាន​ដែល​កូន​ក្តី​របស់​គេ​ទាំង​ពីរ​បញ្ជូន​ទៅវិទ្យ​អាស៊ី​សេរី​ គឺជា​ព័ត៌មាន​សាធារណៈ ​និង​ថា​ ​ទោះ​បី​ជា​អាស៊ី​សេរី​បិទ​ទ្វារ​នៅ​រាជធានី​ភ្នំពេញ ​ប៉ុន្តែ​វិទ្យុ​មួយ​នេះ​នៅ​តែជា​ស្ថាប័ន​ព័ត៌មាន​ដែល​ដំណើរការធម្មតា​នៅ​សហ​រដ្ឋ​អាមេរិក។​

មេធាវី​ទាំង​ពីរ​លើក​ឡើង​ថា ​យោង​តាម​មូលហេតុ​នេះ​ មិន​មាន​ការ​បញ្ជាក់​ណា​មួយ​ដែល​ថា កូនក្តី​របស់​ពួកគេ​បាន​បញ្ជូន​ព័ត៌មាន​ទៅ​រដ្ឋ​បរទេស ​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។​

សវនាការ​នោះ​មិន​មាន​ការ​បង្ហាញ​ថា​ តើ​ព័ត៌មាន​ទាំង​ពីរ​នោះ​បាន​ធ្វើ​ឲ្យ​អន្តរាយ​បែប​ណា​ដល់​ការ​ការពារ​ជាតិ ​ហើយ​ក៏​មិន​មាន​ការ​លើក​ឡើង​អំពី​ចំណុច​ណាមួយ​ដែល​ថា​ ​វិទ្យុ​អាស៊ី​សេរី​គឺ​ជា​រដ្ឋ​បរទេស​នោះ​ដែរ។​ យ៉ាង​ណា​ក្តី​ ​តំណាង​អយ្យការ​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ថា​ ការ​បន្ត​បញ្ជូន​ព័ត៌មាន​ទៅ​ឲ្យ​វិទ្យុ​អាស៊ីសេរី​ក្រោយ​ពេល​ដែល​វិទ្យុ​មួយ​នេះ​បិទ​ទ្វារ​នៅ​រាជធានី​ភ្នំពេញ​ គឺ​ជា​ចេតនា​ទុច្ចរិត។​

លោក​យាង សុធារិន្ទ ​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ​ប្រាប់​អ្នកសារ​ព័ត៌មាន​ក្រោយ​ចេញ​ពី​សាល​សវនាការ​ថា​ លោក​រំពឹង​ថា​ ​តុលាការ​នឹង​ទម្លាក់​ចោល​បទ​ចោទ​ឲ្យ​លោក​មាន​សេរីភាព​ពេញ​លេញ។​

«បើ​សិន​ជា​ការ​សម្រេច​ហ្នឹង​ដោយ​ផ្អែក​លើ​យុត្តិធម៌ ​សវនាការ​ថ្ងៃ​ហ្នឹង​គឺ​ផ្អែក​ទៅ​លើ​គោល​ការណ៍​យុត្តិធម៌​នោះ ប្រាកដ​ណាស់​ ពួកខ្ញុំ​នឹង​រួចពី​ការ​ចោទ​ប្រកាន់​ទាំង​អស់»។​

ចំណែក​លោក​អ៊ួន ឈិន​ ក៏​រំពឹង​ដូច​គ្នា​ថា​ តុលាការ​នឹង​ទម្លាក់​បទ​ចោទ​ដើម្បី​ឲ្យ​លោក​អាច​ធ្វើ​ការងារ​បាន​ដូច​ធម្មតា។​

កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់ខ្លួន​និង​ត្រូវ​បាន​ចោទ​ប្រកាន់​ដូច​គ្នា​ពី​បទ​«ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ»។​ បទ​ចោទ​ដែល​មាន​ន័យ​ស្មើ​នឹង​បទ​ធ្វើ​ចារកម្ម​នេះអាច​ធ្វើ​ឲ្យ​អតីត​អ្នក​កាសែត​ទាំងពីរ​ប្រឈម​នឹងការជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំ​ដល់​១៥ឆ្នាំ​ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ ​ពួកគេ​មាន​ទោស។

លោក​អំ សំអាត​ មន្រ្តី​ជាន់ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ដែល​បាន​ចូល​ស្តាប់​សវនាការ​នៅ​ព្រឹកមិញ​នេះ​ ​យល់​ថា​ ​មិនមាន​មូលហេតុ​ណាមួយ​សម្រាប់​ដាក់​ទោស​លើ​អតីត​អ្នកសារ​ព័ត៌មានវិទ្យុ​អាស៊ី​សេរី​នោះ​ទេ។​

«ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា ​តុលាការ ​លោក​នឹង​ទម្លាក់​ចោលបទ​ចោទ​នេះចំពោះ​អ្នក​ទាំង​ពីរ​ឲ្យ​មាន​សេរី​ភាព ​ហើយ​នឹង​ផ្តល់​សម្ភារៈ​ឲ្យអ្នកទាំង​ពីរ​វិញ​ដើម្បី​ប្រកប​ការងារ​ ក៏​ដូចជា​ធ្វើ​ដំណើរ​ដោយ​សេរី​ដូច​ប្រជា​ពលរដ្ឋ​ដទៃ»។​

ក្រោយ​ពី​សវនាការ​សន្និដ្ឋានលើ​បទ​ចោទ​ទាក់​ទង​នឹង​បទ​ចារ​កម្មលើ​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ីសេរី​ទាំង​ពីរ​រូប​ តុលាការ​ក៏បាន​ជំនុំ​ជម្រះពួក​គេ​អំពីសំណុំ​រឿង​ដែល​ពាក់​ព័ន្ធ​នឹងការ​ផលិត​វីដេអូ​អាស​អាភាស​ផង​ដែរ។ ​ប៉ុន្តែ​អតីត​អ្នក​រាយ​ការណ៍​ព័ត៌មាន​ទាំង​ពីរ​បាន​ឆ្លើយ​ថា​ ​ពួក​គេ​មិន​បាន​ធ្វើ​សកម្ម​ភាព​ណា​មួយ​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​នោះ​ទេ៕

XS
SM
MD
LG