ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផលិតផល​ប្រេង​វេណេហ៊្សូអេឡា​ធ្លាក់​ចុះ​ ខណៈ​ប្រេង​បម្រុង​​កើន​ឡើង


ទីក្រុង​ការ៉ាកាស៖​ នៅ​ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ផលិត​កម្ម​ប្រេង​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​វេណេហ៊្សូអេឡា​ (Venezuela)​ សូម្បី​តែ​នៅ​ពេល​ដែល​ការ​ប៉ាន់​ស្មាន​អំពី​ចំនួន​ប្រេង​បម្រុង ​ដែល​មាន​ក្នុង​អណ្តូង​របស់​ប្រទេស​នេះ​បាន​កើន​ឡើង​ក៏​ដោយ។​ ឥឡូវនេះ​ ប្រេង​បម្រុង​ក្នុង​អណ្តូងរបស់​ប្រទេស​វេណេហ៊្សូអេឡា​ត្រូវ​បាន​គិត​ថា​ មាន​បរិមាណ​ច្រើន​ជាងគេ​បង្អស់​ក្នុង​ពិភព​លោក​ ដែល​នឹង​ផ្តល់​ឱ្យ​ប្រទេស​នេះ​ នូវ​សក្តានុពល​ប្រាក់​ចំណូល​យ៉ាងច្រើន​សន្ធឹក​សន្ធាប់ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ​ទៀត។​ បញ្ហា​ថា​តើ​លោក​ប្រធានាធិបតី​ ហ៊ូហ្គោ​ ឆាវេស​ (Hugo​ Chavez)​ អាច​ជួយ​ឲ្យ​ប្រទេស​របស់​លោក​ បាន​សម្រេចនូវ​សក្តានុពល​បែប​នោះឬ​ដូច​ម្តេច​ គឺ​ជា​រឿងនៃ​ការ​ពិភាក្សា​វែក​ញែក​មួយ។

ប្រទេស​វេណេហ៊្សូអេឡា​ បាន​ធ្វើ​ជា​តូប​នីយកម្ម​ឧស្សាហកម្ម​ប្រេង​របស់​ខ្លួន​ ក្នុង​ទសវត្សរ៍​ ​១៩៧០​ ប៉ុន្តែ​លោក​ប្រធានាធិបតី​ ឆាវេស​ រិះ​គន់​ខ្លាំងៗ​ប្រឆាំង​នឹង​ផលប្រយោជន៍​ប្រេង​បរទេស​ ដែល​ហាក់​ដូច​ជា​រឿង​នោះ​ទើប​កើត​ឡើង​កាល​ពី​ម្សិល​មិញ​ប៉ុណ្ណោះ។

«លទ្ធិអាណា​និគមនិយម​ប្រេង​ត្រូវ​បាន​ដាក់​បង្ខំមក​លើ​ប្រទេស​វេណេហ៊្សូអេឡា​ ហើយ​បាន​គ្រប​ដណ្តប់​មកលើ​នយោបាយ ​ វប្បធម៌ និង​សេដ្ឋកិច្ច​របស់​យើង»។

ដោយ​ឧស្សាហកម្ម​ប្រេង​ស្ថិតនៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋ លោកឆាវេស​ ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះរបៀប​គ្រប់​គ្រង​លើ​ឧស្សាហកម្ម​នេះ។​ នៅ​ពេល​មើល​មួយ​ភ្លែត​ តួ​លេខឃើញ​ដូច​ជាមិន​គួរ​ជា​ទី​លើក​ទឹក​ចិត្តទេ។​ ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ ផលិតកម្មបាន​ធ្លាក់​ចុះ​ប្រហែល​ ១​ភាគ​៣​ ចាប់​តាំង​ពី​លោក​ឡើង​កាន់​តំណែង​មក​ ហើយ​បាន​កាត់​បន្ថយ​ផល​ប្រយោជន៍​ហិរញ្ញវត្ថុពេញ​លេញ​របស់​ប្រទេសវេណេហ៊្សូអេឡា​ ដែល​អាច​កើន​ឡើង​បាន​យ៉ាង​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០០៨​ នៅពេល​ដែល​តម្លៃ​ប្រេង​ជា​សកល​បាន​ឡើង​ដល់​ចំណុច​កំពូល​ ទៅ​ដល់តម្លៃ​ប្រហែល​១៤០​ដុល្លារក្នុង​មួយ​ធុង។

លោកវ័ន​ ខាឡូស​ សូសា​ (Juan​ Carlos​ Sosa)​ ជា​អ្នក​វិភាគ​ប្រេង​ជាតិ​វេណេហ៊្សូអេឡា​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​បាន​បង្វែរ​មូល​និធិ​ពី​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រេង​ ដើម្បី​រក្សា​ឱ្យ​នៅ​គង់វង់​បាន​យូរ​ នូវ​គំនិត​ផ្តួច​ផ្តើម​ខាង​លទ្ធិ​សង្គមនិយម​ ដែល​មាន​តម្លៃ​ខ្ពស់​យ៉ាង​ខ្លាំង។

«ដើម្បី​ត្រឡប់​ទៅ​រក​កម្រិត​ផលិតកម្ម​ក្នុង​ឆ្នាំ​១៩៩៨​វិញ​ ប្រទេស​វេណេហ៊្សូអេឡា​ នឹង​ត្រូវ​ការ​ធ្វើវិនិយោគ​ក្នុង​ទឹក​ប្រាក់ពី​១០​ពាន់​លាន​ ទៅ​១២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ សម្រាប់រយៈ​ពេល១០​ឆ្នាំ​ខាង​មុខ​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រតិបត្តិការ​ប្រេង​របស់​ខ្លួន។​ កិច្ចការនេះ ​មិន​ត្រូវ​បាន​ធ្វើ​ឡើយ ​ដូច្នេះ​ស្ថានការណ៍​មាន​ភាព​ធ្ងន់​ធ្ងរ»។

បើ​យោង​តាម​លោក​ សូសា​ គឺ​ថា ​រដ្ឋាភិបាល​បាន​ធ្វើ​ឱ្យ​បញ្ហា​នេះ​មាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ទៀត​ ដោយ​បាន​បណ្តេញ​អ្នក​បច្ចេកទេស​រាប់​ពាន់​នាក់​ចេញ​ពី​ក្រុមហ៊ុន​ប្រេង​ PDVSA​ ដែល​រដ្ឋ​គ្រប់​គ្រង​ ហើយ​ជំនួស​អ្នក​ទាំង​នោះ​ដោយ​កម្មករ​ ដែល​សមត្ថភាពចំបង​របស់​ពួក​គេ​ គឺ​ភាព​ស្មោះ​ត្រង់​ចំពោះ​លោក​ប្រធានាធិបតី​ ឆាវេស។​ ហើយ​ លោក​បាន​កត់​សម្គាល់​ថា​ សមាមាត្រ​មួយ​ភាគ​ធំនៃផលិតផល​ប្រេង ​ដែល​ចេះ​តែ​រួញទៅ​របស់​ប្រទេស​វេណេហ៊្សូអេឡា​ ត្រូវ​បាន​បរិច្ចាគ​ទៅ​ឲ្យ​ប្រទេសគុយបា​ (Cuba)​ និង​ប្រទេស​ដឹកនាំ​ដោយ​ពួក​ឆ្វេង​និយម​ដទៃ​ទៀត។

«ប្រទេស​គុយ​បា​ទទួល​បាន​ប្រេង​របស់​ប្រទេស​វេណេហ្សូអេឡា​ចំនួន​ជាង​១​សែន​ធុង​ក្នុង​មួយ​ថ្ងៃៗ​ ដោយ​មិន​ចាំបាច់​បង់​ប្រាក់​អ្វីទាំង​អស់។​ ជា​ជំនួស​វិញ​ ប្រទេស​គុយ​បា​បាន​ផ្តល់​សេវា​ពេទ្យ ការ​បណ្តុះ​បណ្តាល​ផ្នែក​កីឡា​ និង​ជំនួយ​ផ្សេងៗ​ទៀត។​ នេះ​ជា​ការ​រៀប​ចំ​ផ្នែក​មនោ​គម​វិជ្ជា។​ ប៉ុន្តែ​ PDVSA​ បាន​ទទួល​រង​គ្រោះ ​ពីព្រោះខ្លួន​អាច​លក់​ប្រេងទាំង​នោះ ​ទៅ​ឲ្យសហរដ្ឋ​អាមេរិក​ដើម្បី​ប្តូរ​យក​រូបិយប័ណ្ណ​សុទ្ធ​បាន»។

លោក​ប្រធានាធិបតី​ ឆាវេស​ សើច​ចំអក​ចំពោះ​ការ​រិះគន់​បែប​នោះ​ ដោយ​កត់​សម្គាល់​ថា​ ប្រទេសវេណេហ៊្សូអេឡាបាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​ច្រើន​ ជា​មួយ​ប្រទេស​ចិន​ និង​ប្រទេសផ្សេងៗ​ទៀត​ ដែល​នឹង​នាំ​មក​នូវ​ការ​វិនិយោគ​រាប់​សិប​ពាន់​លាន​ដុល្លារ​ ទៅ​លើហេដ្ឋារចនា​សម្ព័ន្ធប្រេង។​ ផ្ទុយ​ពី​ការ​ធ្លាក់​ចុះ​បន្ថែម​ លោក​បាន​ព្យាករណ៍​ថា​ ផលិត​កម្មនឹងកើន​ឡើងទ្វេ​ដង។

«ក្នុង​រយៈ​ពេល​តែ​ពីរ​បី​ឆ្នាំ​ យើង​នឹង​ផលិត​បាន​ប្រេង​ ៥​លាន​ធុង​ក្នុង​មួយ​ថ្ងៃ។​ បន្ទាប់​មក​ ៦​លានធុងក្នុង​មួយថ្ងៃ»។

ប្រជាពលរដ្ឋ​វេណេហ្សូអេឡា​មាន​អារម្មណ៍​ផ្សេង​គ្នា​អំពី​របៀបចាត់​ចែង​ទ្រព្យ​សម្បត្តិ ដែល​បាន​មក​ពី​ប្រេងរបស់ប្រទេស​ខ្លួន។​ បុរស​ម្នាក់​នេះ​ត្រេក​អរ​នឹងតម្លៃ​សាំង​ក្នុង​ស្រុកដ៏​ថោក​ ដែល​បាន​លក់​ត្រឹម​តម្លៃ​ប៉ុន្មាន​សេន​ប៉ុណ្ណោះ​ក្នុង​មួយ​លីត្រ​ ប៉ុន្តែ​បាននិយាយបន្ថែម​ថា៖

«ផ្ទុយ​ទៅវិញ​ ប្រសិន​បើ​ប្រេង​សាំងមាន​តម្លៃ​ខ្ពស់​ជាង​នេះ​ ប្រហែល​ជា​អាច​មាន​ថវិកា​កាន់តែច្រើនសម្រាប់ផ្លូវ​ថ្នល់​ និង​គម្រោង​ដទៃ​ទៀត​ជាក់​ជា​ពុំ​ខាន»។

ប៉ុន្តែ​ កម្មករ​ស្រី​ម្នាក់​នៃ​ហាង​លក់​គ្រឿងវាយណភ័ណ្ឌ​ ដែល​គ្រប់​គ្រង​ដោយ​ PDVSA​ មិន​បាន​មើល​ឃើញ​អ្វី​ផ្សេងក្រៅ​តែ​ពី​កក្តា​វិជ្ជ​មាន​ឡើយ។

«ក្រុម​ហ៊ុន​ PDVSA​ ធ្លាប់​បូម​ប្រេងដើម្បី​គាំទ្រ​អ្នក​មាន​ទ្រព្យ​សម្បតិ្ត។​ ឥឡូវ​នេះ​ ប្រេង​ត្រូវ​បាន​ប្រើសម្រាប់ការ​ថែទាំ​សុខភាព​ អាហារ ​ ការ​អប់រំ​ និង​ការងារ។​ យើង​មាន​មជ្ឈម​ណ្ឌល​នេះ​ ក៏​ដោយ​សារ​តែ​ PDVSA​ ដែរ។​ PDVSA​ ផ្តល់​មូល​និធិ​ដល់​អ្វីៗ​គ្រប់​យ៉ាង។​ PDVSA​ ស្ថិត​នៅ​គ្រប់​កន្លែង​ទាំង​អស់ដើម្បី​ជួយ​ប្រជាពលរដ្ឋ។​ ដូច​អ្វី​ដែល​លោក​ប្រធានាធិបតីមាន​ប្រសាសន៍​អញ្ជឹង​ ឥឡូវ​នេះ​ PDVSA​ ជា​កម្ម​សិទ្ធិ​របស់​ប្រជាពលរដ្ឋ»។

លោក​ អ៊ឡានដូ​ អូឆាវ​ (Orlando​ Ochoa) ជា​សេដ្ឋវិទូ​ជាតិវេណេហ៊្សូអេឡា​ និយាយ​ថា ពាក្យ​ស្លោក​ជាតិ​និយម​ និង​វោហា​សាស្ត្រ​លទ្ធិ​សង្គមនិយម​ មិន​អាច​លាក់​បាំង​ នូវ​អ្វី​ដែលលោក​មើល​ឃើញ​ថា​ជា​ការពិត​ដ៏​ជាក់​ស្តែង​មួយ​បាន​ទេ​ ដែលថា​គំរូ​របស់​លោក​ ឆាវេស​ គ្មាន​និរន្ត​ភាព​ទេ។

«តម្លៃ​ប្រេង​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ គឺ​ប្រហែល​គ្នា​ទៅ​និង​តម្លៃប្រេង​ក្នុង​ឆ្នាំ​២០០៦​ ដែល​ជា​ឆ្នាំ​លូត​លាស់​ខ្លាំង​សម្រាប់ប្រទេស​វេណេហ៊្សូអេឡា។​ ប៉ុន្តែ​ ឥឡូវ​នេះ​ ប្រាក់​ចំណូល​មិន​មាន​គ្រប់​គ្រាន់​ទេ​ សម្រាប់​រដ្ឋាភិបាល​ដែល​បាន​ដំឡើង​ការ​ចំណាយ​ក្នុង​ស្រុក​ តាម​រយៈ​ការ​ផ្តល់​ទុន​បម្រុង​ដល់​វិស័យ​ស្បៀង​អាហារ​ និង​កាន់​កាប់​លើ​សហគ្រាស​ឯកជន​ទាំង​ឡាយ»។

ប៉ុន្តែ​ បើ​ទោះ​ជា​មិន​មាន​ចំនួន​គ្រប់​គ្រាន់​ដើម្បី​គ្របដណ្តប់​លើ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ដែល​កំពុង​កើន​ឡើង​ក៏​ដោយ​ ក៏​លោក​ អូឆាវ​ ទទួល​ស្គាល់​ថា ​យ៉ាង​ហោច​ណាស់​ក្នុង​ពេល​ឥឡូវ​នេះ​ ប្រាក់​ចំណូល​ដែល​បន្តបាន​មក​ពី​ប្រេង ​នឹង​អនុញ្ញាត​ឲ្យ​លោក​ប្រធានាធិបតី​ ឆាវេស​ លើក​ផ្អាក​ថ្ងៃ​ដែល​លោក​ត្រូវ​ធ្វើ​សេចក្តី​សម្រេច​ផ្តាច់​ព្រ័ត្រណា​មួយ​នា​ពេល​ខាង​មុខ​ដ៏​ខ្លី៕

ប្រែ​សម្រួល​ដោយ​លី សុខឃាង

XS
SM
MD
LG