យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសនៅក្នុងភាគខាងជើងនិងខាងត្បូងតំបន់ហ្កាហ្សា មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានបោះឆ្នោតវ៉េតូប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់ដើម្បីផ្តល់ជំនួយមនុស្សធម៌ បង្កើនការផ្តល់ជំនួយហើយច្រានចោលការគ្មានទីកន្លែងរស់នៅដោយបង្ខំរបស់ជនជាតិប៉ាឡេស្ទីន។
កងកម្លាំងការពារជាតិអ៊ីស្រាអែលបានរាយការណ៍ពីការសម្លាប់ពួកសកម្មប្រយុទ្ធរាប់សិបនាក់ រួមមាននៅក្នុងតំបន់ Khan Younis ផ្នែកខាងត្បូងតំបន់ហ្កាហ្សា។
ក្រសួងសុខាភិបាលដែលត្រួតត្រាដោយក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សាបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានកត់ត្រាចំនួនមនុស្សស្លាប់ ១១៨ នាក់ ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ ដែលបានជំរុញចំនួនជនជាតិប៉ាឡេស្ទីនទាំងអស់ដែលត្រូវបានសម្លាប់ឡើងដល់ ២៩.៣១៣ នាក់ ដោយមាន ៦៩.៣៣៣ នាក់បានរងរបួសចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅខែតុលាមក។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfieldបានថ្លែងចំពោះសេចក្តីសម្រេចដែលព្រាងដោយប្រទេសអាល់ហ្សេរីថា៖ «ការទាមទារឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់និងគ្មានលក្ខខណ្ឌដោយមិនមានការព្រមព្រៀងដែលតម្រូវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់នោះនឹងមិនធ្វើឱ្យមានសន្តិភាពប្រកបដោយចីរភាពទេ»។
អស់ជាច្រើនសប្តាហ៍ហើយ សហរដ្ឋអាមេរិក អេហ្ស៊ីប កាតានិងអ៊ីស្រាអែលបានចូលរួមនៅក្នុងការចរចាដ៏លំបាកដែលមានគោលបំណងដោះលែងចំណាប់ខ្មាំងទាំងអស់ហើយនឹងបន្តផ្អាកការប្រយុទ្ធគ្នា។
ប្រទេសអាល់ហ្សេរីបានប្រគល់សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តរបស់ខ្លួនដល់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ ប្រទេស កាលពី ៣ សប្តាហ៍មុន ហើយបានពន្យារពេលការបោះឆ្នោតដើម្បីផ្តល់ពេលវេលាសម្រាប់ប្រទេសទាំងនោះធ្វើការចរចា។ ក៏ប៉ុន្តែ លោក Amar Bendjama ឯកអគ្គរដ្ឋទូតអាល់ហ្សេរីបាននិយាយថា ការរក្សាការស្ងប់ស្ងាត់លែងជាជម្រើសហើយវាជាពេលវេលាសម្រាប់ក្រុមប្រឹក្សាចាត់វិធានការ។
សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់អាល់ហ្សេរីបានទទួលការគាំទ្រយ៉ាងខ្លាំងពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលសមាជិក ១៣ ប្រទេសបានបោះឆ្នោតគាំទ្រ ចក្រភពអង់គ្លេសបានបោះឆ្នោតអនុបវាទ ហើយសហរដ្ឋអាមេរិកបានបោះឆ្នោតវ៉េតូប្រឆាំង។ វាជាលើកទី ៣ ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រើប្រាស់ការបោះឆ្នោតវ៉េតូនៅក្រុមប្រឹក្សារបស់ខ្លួនដើម្បីរារាំងវិធានការឈប់បាញ់គ្នា៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។
វេទិកាបញ្ចេញមតិ