ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការកំពូលសហរដ្ឋអាមេរិកអាចសម្រេចលើសំណុំរឿងសំខាន់ៗរបស់លោក Trump ក្នុងពេលឆាប់ៗនេះ


រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថ្លែងនៅក្នុងយុទ្ធនាការមួយ នៅទីក្រុង Durham រដ្ឋ New Hampshire សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថ្លែងនៅក្នុងយុទ្ធនាការមួយ នៅទីក្រុង Durham រដ្ឋ New Hampshire សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

រយៈពេល​ដប់​ខែ​ចាប់​ពី​ពេល​នេះ​ទៅ អ្នកបោះឆ្នោត​អាមេរិកាំង​នឹង​ជ្រើសរើស​ប្រធានាធិបតី​ជា​ថ្មី​ទៀត ប៉ុន្តែ​មុនពេល​ពួកគេ​ធ្វើដំណើរ​ទៅ​បោះឆ្នោត តុលាការ​កំពូល​របស់​សហរដ្ឋ​អាមេរិក​អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​ដើម្បី​សម្រេច​ជោគ​វាសនា​នយោបាយ​របស់​បេក្ខជន​ប្រធានាធិបតី​នាំមុខ​គេ​របស់​គណបក្ស​សាធារណរដ្ឋ​លោក​អតីត​ប្រធានាធិបតី Donald Trump។

រយៈពេល​ជាង​បី​ឆ្នាំ​បន្ទាប់ពី​ចាញ់​ការ​បោះឆ្នោត​ឆ្នាំ ២០២០ លោក Trump កំពុង​ប្រឈម​នឹង​ឧបសគ្គ​មួយ​ចំនួន​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​បាន​កាន់​តំណែង​នៅ​សេតវិមាន​ឡើងវិញ ហើយ​តុលាការ​កំពូល​ដែល​មាន​សមាជិក​ប្រាំបួន​រូប​អាច​ធ្វើការ​សម្រេច​ដែល​អាច​ជា​ការ​បំផ្លាញ​ឬ​ផ្តល់​ផល​ប្រយោជន៍​ដល់​រូប​លោក។

លោក​កំពុង​ទាមទារ​អភ័យ​ឯកសិទ្ធិ​ពី​ការ​កាត់ទោស​លើ​ការ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ចំនួន ៤ ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ដែល​គ្រប​ដណ្តប់​លើ​បទចោទ​ប្រកាន់​ចំនួន ៩១ ដែល​លោក​អាច​ប្រឈម​នឹង​ការ កាត់ទោស​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​នេះ។

លោក​ក៏​កំពុង​តតាំង​ផង​ដែរ​នឹង​ការ​សម្រេច​របស់​រដ្ឋ​ចំនួន​ពីរ​ដែល​បាន​ដក​ឈ្មោះ​លោក​ចេញពី​ការ​បោះឆ្នោត​បឋម​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ​ឆ្នាំ ២០២៤ ចំពោះ​តួនាទី​របស់​លោក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ញុះញង់​អ្នក​គាំទ្រ​របស់​លោក​ឱ្យ​ធ្វើ​ការ​បះបោរ​នៅ​ឯ​វិមាន​សភា​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី ៦ ខែ​មករា ឆ្នាំ ២០២១ ដែល​នៅ​ពេល​នោះ​ក្រុម​អ្នក​គាំទ្រ​លោក​បាន​ព្យាយាម​មិន​បាន​សម្រេច​ក្នុង​ការ​រារាំង​សភា​ពី​ការ​បញ្ជាក់​ថា​លោក Joe Biden បាន​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី។

បច្ចុប្បន្ន​នេះ តុលាការ​កំពូល​មិន​ទាន់​បាន​កំណត់​ពេល​ដើម្បី​ពិចារណា​លើ​ការ​តវ៉ា​របស់​លោក Trump ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​ប្រឆាំង​នឹង​លោក​នោះ​ទេ ប៉ុន្តែ​ស្ថានការណ៍​អាច​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស​នៅពេល​ដែល​តុលាការ​ជាន់ទាប​បើក​សវនាការ​លើ​សំណុំរឿង​ទាំង​នេះ ដោយ​លោក Trump រដ្ឋអាជ្ញា​រដ្ឋាភិបាល និង​អ្នក​ផ្សេង​ទៀត​ប្រាកដ​ជា​នឹង​ប្តឹង​ឧទ្ធរណ៍​ទៅកាន់​តុលាការ​កំពូល​ចំពោះ​សេចក្តី​សម្រេច​មិន​ល្អ​ណា​មួយ​ប្រឆាំង​នឹង​ពួកគេ។

តុលាការ​កំពូល​បាន​យល់ព្រម​ពិនិត្យ​លើ​ករណី​មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រារាំង​នីតិវិធី​ផ្លូវការ​របស់​សភា​នៅ​ក្នុង​ការ​បញ្ជាក់​អំពី​ជ័យជម្នះ​របស់​លោក Biden នៅ​ក្នុង​ការ​រាប់​អង្គ​បោះឆ្នោត (ឬ​ប្រតិភូ​បោះឆ្នោត) ដែល​ក៏អាច​ប៉ះពាល់​ដល់​លោក Trump ផងដែរ។ ប៉ូលិស​រូប​នោះ​បាន​ប្រកែក​ថា រដ្ឋអាជ្ញា​បាន​ប្រើ​ខុស​លក្ខន្តិកៈ​ស្តីពី​ការ​ក្លែងបន្លំ​សាជីវកម្ម ដែល​ជា​ធម្មតា​ត្រូវ​ប្រើ​តែ​សម្រាប់​មនុស្ស​ដែល​បំពាន​លើ​ឯកសារ​និង​ភ័ស្តុតាង​ប៉ុណ្ណោះ។

រដ្ឋអាជ្ញា​បាន​ប្រើប្រាស់​ច្បាប់​នោះ​ក្នុង​ការ​ចោទ​ប្រកាន់​អ្នកបះបោរ​នៅ​វិមាន​សភា​ជាង ៣០០ នាក់​ផ្សេង​ទៀត ហើយ​វា​បង្កើត​បាន​ជា​មូលដ្ឋាន​នៃ​ការ​ចោទ​ប្រកាន់​ចំនួន​ពីរ​ប្រឆាំង​នឹង​លោក Trump នៅ​ក្នុង​សំណុំរឿង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​នាំមុខ​ដោយ​រដ្ឋអាជ្ញា​ពិសេស​លោក Jack Smith ដែល​បាន​ចោទ​ប្រកាន់​លោក Trump ពី​បទ​រៀបចំ​ផែនការ​ខុសច្បាប់​ដើម្បី​ប្រែ​ក្រឡាស់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ ២០២០ ដែល​លោក​បាន​ចាញ់​លោក Biden ដែល​ជា​គូ​ប្រជែង​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។

រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ចូលរួមសវនាការ​រឿងក្តីពាក់ព័ន្ធនឹង​ការ​បន្លំឯកសារ​របស់​ស្ថាប័ន Trump Organization នៅតុលាការ​កំពូល​រដ្ឋញូវយ៉ក ក្នុងសង្កាត់ Manhattan រដ្ឋញូវយ៉ក កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ចូលរួមសវនាការ​រឿងក្តីពាក់ព័ន្ធនឹង​ការ​បន្លំឯកសារ​របស់​ស្ថាប័ន Trump Organization នៅតុលាការ​កំពូល​រដ្ឋញូវយ៉ក ក្នុងសង្កាត់ Manhattan រដ្ឋញូវយ៉ក កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

តុលាការ​កំពូល​នឹង​បើក​សវនាការ​លើ​សំណុំរឿង​របស់​មន្ត្រី​ប៉ូលិស​រូបនោះ​នៅក្នុង​អាណត្តិ​បច្ចុប្បន្ន​របស់​ខ្លួន ហើយ​អាច​ប្រកាស​សាលដីកា​នៅពេល​ណាមួយ​នៅក្នុង​ខែ​មិថុនា​ខាង​មុខ គឺ​ក្រោយពី​ការ​ចាប់ផ្ដើម​ដែល​គ្រោងទុក​នូវ​ការ​កាត់ក្តី​លើ​សំណុំរឿង​ក្លែង​បន្លំ​ការ​បោះឆ្នោត​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ទី ៤ ខែ​មីនា​ខាងមុខ។

ក្នុង​ន័យ​ទូលំទូលាយ​ជាង​នេះ លោក Trump កំពុង​ធ្វើការ​អះអាង​យ៉ាង​ម៉ឺងម៉ាត់​ថា លោក​មាន​អភ័យ​ឯកសិទ្ធិ​ទាំងស្រុង​ពី​ការ​កាត់ទោស ដោយសារតែ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ណាមួយ​ដែល​លោក​បាន​ធ្វើ​បាន​កើតឡើង​នៅពេល​ដែល​លោក​នៅ​ជា​ប្រធានាធិបតី​នៅចុង​ឆ្នាំ ២០២០ និង​ដើម​ឆ្នាំ ២០២១។

វា​គឺជា​ពេល​វេលា​ដែល​រដ្ឋអាជ្ញា​ចោទ​ប្រកាន់​ថា​លោក​បាន​រៀបចំ​ផែនការ​ជាមួយ​នឹង​សហការី​សំខាន់ៗ​ដើម្បី​បំផ្លាញ​ឆន្ទៈ​របស់​ប្រជាជន​ភាគច្រើន​ដោយ​ខុសច្បាប់​ដែល​បាន​គាំទ្រ​លោក Biden នៅ​ក្នុង​រដ្ឋ​ប្រកួត​ប្រជែង​នយោបាយ​សំខាន់ៗ​មួយ​ចំនួន ដូច្នេះ​លោក​អាច​ប្រែក្រឡាស់​លទ្ធផល​ឆ្នោត​នៅ​ក្នុង​រដ្ឋ​ទាំង​នោះ​ដើម្បី​បន្ត​កាន់​អំណាច​រយៈពេល ៤ ឆ្នាំ​ទៀត។

នៅ​សហរដ្ឋ​អាមេរិក ប្រធានាធិបតី​មិនត្រូវ​បាន​ជ្រើសរើស​ដោយ​សំឡេង​ឆ្នោត​របស់​ពលរដ្ឋ​អ្នក​បោះឆ្នោត​ទេ​ដែល​លោក Biden ឈ្នះ​ដោយ​សំឡេង​ចំនួន ៧ លាន​នៅ​ឆ្នាំ ២០២០។ ផ្ទុយទៅវិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​និង​អនុ​ប្រធានាធិបតី​ត្រូវ​បាន​ជ្រើសរើស​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​អង្គបោះឆ្នោត​នៅ​រដ្ឋ​ចំនួន ៥០ ដែល​រដ្ឋ​ណា​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទទួល​បាន​អង្គបោះឆ្នោត​ច្រើន​ជាងគេ។

អ្នក​គាំទ្រ​លោក Trump ប្រហែល ២.០០០ នាក់​បាន​បង្អាក់​ដល់​ការ​បញ្ជាក់​ចុងក្រោយ​របស់​សភា​អំពី​ជ័យជម្នះ​របស់​លោក Biden នៅក្នុង​ការ​រាប់​សន្លឹកឆ្នោត​របស់​អង្គបោះឆ្នោត​កាលពី ៣ ឆ្នាំ​មុន នៅពេល​ដែល​ពួកគេ​បាន​សម្រុក​ចូល​ទៅក្នុង​វិមាន​សភា​ដោយ​ប្រយុទ្ធ​នឹង​ប៉ូលិស​និង​រុះរើ​ការិយាល័យ​សភា​មួយ​ចំនួន។

រដ្ឋអាជ្ញា​ពិសេស​លោក Smith បាន​ផ្តល់​ហេតុផល​ថា គ្មាន​នរណា​ម្នាក់​នៅ​ពី​លើ​ច្បាប់​និង​មាន​អភ័យ​ឯកសិទ្ធិ​ពី​ការ​កាត់ទោស​នោះ​ទេ សូម្បីតែ​អតីត​ប្រធានាធិបតី​ដូច​លោក Trump ដែល​ជា​មេដឹកនាំ​ដំបូងគេ​បង្អស់​របស់​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ក៏ដោយ។

ចៅក្រម​អាមេរិក​អ្នកស្រី Tanya Chutkan ដែល​កាន់​សំណុំរឿង​ក្លែង​បន្លំ​ការ​បោះឆ្នោត បាន​យល់ស្រប​ជាមួយ​រដ្ឋអាជ្ញា ដោយ​សម្រេច​ថា​លោក Trump មិន​មាន​សិទ្ធិ​ទទួល​បាន «ការ​រួច​ខ្លួន​ពី​ពន្ធនាគារ​ដោយ​សេរី​ទេ»។

បញ្ហា​មួយ​ទៀត​គឺ​ការ​អះអាង​របស់​លោក Trump ដែល​ថា​លោក​មិន​អាច​ត្រូវ​បាន​គេ​កាត់ទោស​ចំពោះ​តួនាទី​ណាមួយ​នៅក្នុង​កុបកម្ម​ថ្ងៃ​ទី ៦ ខែ​មករា​នៅឯ​វិមាន​សភា​នោះ​ទេ​ដោយ​ហេតុ​ថា​រដ្ឋសភា​បាន​ចោទ​ប្រកាន់​ដក​តំណែង​លោក​មុន​ពេល​អាណត្តិ​ប្រធានាធិបតី​របស់​លោក​បាន​បញ្ចប់ បើ​ទោះបីជា​ព្រឹទ្ធសភា​ក្រោយមក​បាន​ទម្លាក់​ការ​ចោទ​ប្រកាន់​នៅ​ដើម​ឆ្នាំ ២០២១ បន្ទាប់ពី​លោក​បាន​ចាកចេញ​ពី​តំណែង​ក៏ដោយ។

លោក Trump បាន​ប្រកែក​ជា​ទូទៅ​ថា​លោក​មិន​អាច​ត្រូវ​បាន​គេ​កាត់ទោស​ព្រហ្មទណ្ឌ​ទេ​ឥឡូវ​នេះ​ទាក់ទង​នឹង​ការ​គំរាមកំហែង​ថ្ងៃ​ទី ៦ ខែ​មករា ពីព្រោះ​ព្រឹទ្ធសភា​បាន​ជម្រះ​ក្តី​លោក​រួច​ហើយ​នៅក្នុង​នីតិវិធី​នយោបាយ។

លោក Smith បាន​ស្នើ​តុលាការ​កំពូល​ឱ្យ​សម្រេច​ឱ្យ​បាន​ឆាប់​លើ​ការ​ទាមទារ​អភ័យ​ឯកសិទ្ធិ​ពី​ការ​កាត់ទោស​របស់​លោក Trump ប៉ុន្តែ​ក្រុម​ចៅក្រម​បាន​បដិសេធ​ដោយ​បញ្ជូន​សំណុំរឿង​នេះ​ទៅ​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ។ សាលា​ឧទ្ធរណ៍​បាន​កំណត់​ពេល​សវនាការ​លើ​វិវាទ​នេះ​នៅ​ថ្ងៃ​ទី ៩ ខែ​មករា ហើយ​អាច​សម្រេច​ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​អាច​មាន​លទ្ធភាព​នៃ​បណ្តឹង​សាទុក្ខ​ភ្លាមៗ​ទៅកាន់​តុលាការ​កំពូល​ដោយ​ភាគី​ចាញ់ក្តី។

បន្ទាប់មក តុលាការ​កំពូល​អាច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ឬ​សម្រេច​ដើម្បី​ស្តាប់​ទឡ្ហីករណ៍​ផ្លូវច្បាប់​ក្នុង​សំណុំរឿង​នេះ​ហើយ​ចេញ​សេចក្តី​សម្រេច​របស់​ខ្លួន ប៉ុន្តែ​មិន​ប្រាកដ​ទេ​ថា​វា​ទាន់​ពេល​ការ​កាត់ក្តី​សំណុំរឿង​ក្លែងបន្លំ​ការ​បោះឆ្នោត​ដែល​នឹង​ចាប់ផ្តើម​នៅ​ខែ​មីនា។

រូបឯកសារ៖ តុលាការកំពូល​សហរដ្ឋ​អាមេរិក​ស្ថិត​នៅ​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។
រូបឯកសារ៖ តុលាការកំពូល​សហរដ្ឋ​អាមេរិក​ស្ថិត​នៅ​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។

តុលាការ​កំពូល​រួម​មាន​ចៅក្រម​បី​រូប​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​លោក Trump ប៉ុន្តែ​កាលពី​ដើម​ឆ្នាំ ២០២០ សំណុំរឿង​ទាក់ទង​នឹង​ការ​បោះឆ្នោត​ត្រូវ​បាន​តុលាការ​នេះ​កាត់ក្តី​ប្រឆាំង​នឹង​លោក Trump។

តុលាការ​ទំនងជា​ប្រឈម​នឹង​សំណុំរឿង​ថ្មី​ដែល​ទាក់ទង​ដោយ​ផ្ទាល់​ទៅនឹង​ការ​បោះឆ្នោត​ឆ្នាំ ២០២៤ បន្ទាប់ពី​តុលាការ​កំពូល​រដ្ឋ Colorado នៅ​ភាគ​ខាងលិច​សហរដ្ឋ​អាមេរិក​បាន​កាត់​ក្តី​លោក Trump ដោយ​ដក​លោក​ចេញ​ពី​ការ​បោះឆ្នោត​បឋម​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​រដ្ឋ​នេះ ដោយសារ​តែ​បទប្បញ្ញត្តិ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក​ហាមប្រាម​ជនណា​ក៏ដោយ​មិន​ឱ្យ​កាន់​តំណែង​សាធារណៈ​បើ​បាន​ចូលរួម​ក្នុង​ការបះបោរ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។

សកម្មជន​និង​អ្នករិះគន់​លោក Trump មួយ​ចំនួន​បាន​ចោទប្រកាន់​លោក Trump ថា​ជា​អ្នក​បះបោរ​ដោយសារ​លោក​បាន​ជំរុញ​អ្នក​គាំទ្រ​ឱ្យ «ប្រយុទ្ធ​ងាប់រស់» ដើម្បី​រារាំង​ការ​បញ្ជាក់​ផ្លូវការ​របស់​សភា​អំពី​ជ័យជម្នះ​របស់​លោក Biden។

ដោយ​មាន​ហេតុផល​ដូច​គ្នា​ទៅ​នឹង​ហេតុផល​នៅ​រដ្ឋ Colorado មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​រដ្ឋ Maine នៅ​ភាគ​ឦសាន​ប្រទេស​ក៏​បាន​ដក​លោក Trump ចេញ​ពី​សន្លឹក​ឆ្នោត​នៅ​ក្នុង​រដ្ឋ​នោះ​ដែរ។

ដោយ​បណ្តឹង​ឧទ្ធរណ៍​កំពុង​ដំណើរការ តុលាការ​កំពូល​ប្រហែល​ជា​ត្រូវ​ធ្វើ​សេចក្តី​សម្រេច​ទូទាំង​ប្រទេស​ឱ្យ​បាន​ឆាប់​អំពី​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​លោក Trump។ ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​លើក​ដំបូង​ចាប់ផ្តើម​ដោយ​ការ​បោះឆ្នោត​ក្នុង​បក្ស​នៅ​រដ្ឋ Iowa នៅ​ថ្ងៃ​ទី ១៥ ខែ​មករា​ខាង​មុខ​នេះ ដោយ​ការ​បោះឆ្នោត​បឋម​ដែល​បាន​គ្រោង​ធ្វើ​នៅ​ទូទាំង​ប្រទេស​នឹង​ធ្វើ​ឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​បន្ទាប់។

លោក Steven Cheung ដែល​ជា​អ្នក​នាំពាក្យ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump បាន​និយាយ​ថា៖ «យើង​មាន​ទំនុកចិត្ត​ទាំងស្រុង​ថា តុលាការ​កំពូល​របស់​សហរដ្ឋ​អាមេរិក​នឹង​កាត់​សេចក្តី​ភ្លាមៗ​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​យើង ហើយ​ទីបំផុត​នឹង​បញ្ចប់​ការ​ប្តឹង​តវ៉ា​ដែល​មិន​មាន​លក្ខណៈ​បែប​អាមេរិកាំង​ទាំង​នេះ» ។

លោក Trump បាន​បរិហារ​ការ​កាត់ទោស​ប្រឆាំង​នឹង​រូប​លោក ដោយ​បាន​ហៅ​លោក Smith ថា​មាន​ភាព​វង្វេង​ស្មារតី ហើយ​និយាយថា​ការ​ចោទ​ប្រកាន់​នេះ​ស្មើ​នឹង «ការ​តាម​ចងពៀរ​នយោបាយ» ដែល​ធ្វើ​ឡើង​ដោយ​សេតវិមាន​របស់​លោក Biden ដើម្បី​រារាំង​លោក​ពី​ការ​ឈ្នះ​តំណែង​ប្រធានាធិបតី​ម្តង​ទៀត។ លោក Trump បាន​បដិសេធ​ថា​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​អ្វី​ទេ។

លោក Smith ដែល​ជា​រដ្ឋអាជ្ញា​នៃ​ក្រសួង​យុត្តិធម៌ ក៏​បាន​ចោទ​ប្រកាន់​លោក Trump ផងដែរ​ពី​បទ​រក្សា​ទុក​មិន​ត្រឹមត្រូវ​នូវ​ឯកសារ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ដោយ​រក្សា​ទុក​ឯកសារ​ទាំង​នោះ​នៅ​ឯ​ភូមិគ្រឹះ Mar-a-Lago របស់​លោក​នៅ​រដ្ឋ Florida បន្ទាប់ពី​លោក​បាន​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី។

រដ្ឋអាជ្ញា​នៅ​រដ្ឋ Georgia បាន​ចោទ​ប្រកាន់​លោក Trump ពី​ការ​ក្លែង​បន្លំ​ការ​បោះឆ្នោត​ឆ្នាំ ២០២០ នៅ​ក្នុង​រដ្ឋ​នោះ ហើយ​រដ្ឋអាជ្ញា​រដ្ឋ New York បាន​ចោទ​ប្រកាន់​លោក​ពី​បទ​ក្លែង​បន្លំ​ឯកសារ​អាជីវកម្ម​នៅ​ឯ​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​គ្រួសារ​លោក​ដើម្បី​លាក់បាំង​ការ​បង់ប្រាក់​បំបិទ​មាត់​ឱ្យ​តារា​ភាពយន្ត​អាសអាភាស​ម្នាក់​នៅ​មុន​ពេល​លោក​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ ២០១៦ សម្រាប់​តំណែង​ជា​ប្រធានាធិបតី៕

ប្រែ​សម្រួល​ដោយ​លោក ម៉ែន គឹមសេង

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG