កាលពីថ្ងៃច័ន្ទប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមប្រចាំឆ្នាំរបស់ពួកគេ។ ការណ៍នេះនាំឱ្យមានការគំរាមកំហែងធ្វើសង្គ្រាមជាថ្មីដោយកូរ៉េខាងជើង។
មានសមាជិកជាង១២.០០០នាក់នៃក្រុមយោធាស.រ.អ.ចូលរួមជាមួយក្រុម ទាហានកូរ៉េខាងត្បូង២០០.០០០នាក់ដើម្បីធ្វើសមយុទ្ធទាំងនេះ។
ប្រទេសកូរ៉េខាងជើងព្រមានថាសមយុទ្ធទាំងនេះអាចនាំឱ្យមានសង្គ្រាម។
បណ្តាញផ្សាយព័ត៌មានកូរ៉េខាងត្បូងរាយការណ៍ថាឆាកសមយុទ្ធនៅឆ្នាំនេះមានរួមបញ្ចូលការស្វែងរកអាវុធមហាប្រល័យនិងការលៃលកដោះស្រាយជាមួយការប្តូររបបគ្រប់គ្រងជាបន្ទាន់ក្នុងក្រុងព្យុងយ៉ាង។
លោក John Wickham ដែលជាឧត្តមសេនីយ៍ចូលនិវត្តន៍នៃកងទ័ពជើងគោកស.រ.អ. បានបញ្ជាកងកម្លាំងអាមេរិកាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោកមានប្រសាសន៍ថាជាការមិនគួរភ្ញាក់ផ្អើលទេដែលការប្រុងប្រៀបសម្រាប់គ្រាមានអាសន្នបែបនេះបានក្លាយទៅជាផ្នែកមួយនៃសមយុទ្ធរួមគ្នាយូរយាមកហើយ។
«នេះជាការណ៍សំខាន់មួយដែលត្រូវខ្វល់ខ្វាយ ដោយសារមានភាពមិនប្រាកដប្រជាអំពីបញ្ហាម្ហូបអាហារនិងការផ្លាស់ប្តូរពួកមេដឹកនាំ។ ជាការល្ងង់ហួសប្រមាណប្រសិនបើអាជ្ញាធរកូរ៉េខាងត្បូងនិងអាជ្ញាធរនៃកងកម្លាំងរួមគ្នាមិនបានរៀបចំផែនការសម្រាប់ហេតុការណ៍បែបនេះដែលអាចកើតមានបាន។ ខ្ញុំជឿជាក់ថាពួកចិនក៏ខ្វល់ខ្វាយអំពីការណ៍នេះដែរ»។
ស.រ.អ.និយាយថាសមយុទ្ធទាំងនេះមានលក្ខណៈការពារខ្លួនហើយថាខ្លួនបានប្រាប់កូរ៉េខាងជើងជាមុនអំពីសមយុទ្ធទាំងនេះហើយ។
សមយុទ្ធនេះមានពីរផ្នែក។ សមយុទ្ធដោយប្រើគ្រឿង កំព្យូទ័រដោយធ្វើឱ្យដូចការធ្វើសង្គ្រាមនៅក្នុង Poste បញ្ជាការមានឈ្មោះថា Key Resolve មានកំណត់នឹងធ្វើបន្តរហូតដល់ថ្ងៃទី១០ខែមីនា។ កងកម្លាំងនៃកងទ័ពអាកាស កងទ័ពជើងគោកនិងកងទ័ពជើងទឹកចូលរួមក្នុងសមយុទ្ធមានឈ្មោះថា “Foal Eagle”។ គេរំពឹងថាសមយុទ្ធនេះនឹងមានធ្វើរហូតដល់ដំណាច់ខែមេសា៕
ប្រែសម្រួលដោយ ឈឹម សុមេធ