ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ពិភាក្សា​រក​វិធី​បើក​រដ្ឋាភិបាល​អាមេរិក​ឡើង​វិញ​នឹង​បន្ត​នៅ​ថ្ងៃ​អាទិត្យ​នេះ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump ថ្លែង​នៅ​ក្នុង​សេតវិមាន​បន្ទាប់ពី​ជំនួបមេដឹកនាំ​សភា​អំពី​សន្តិសុខ​ព្រំដែន​កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ២០១៩ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump ថ្លែង​នៅ​ក្នុង​សេតវិមាន​បន្ទាប់ពី​ជំនួបមេដឹកនាំ​សភា​អំពី​សន្តិសុខ​ព្រំដែន​កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ២០១៩ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។

មន្ត្រី​សេតវិមាន​ប្រធានាធិបតី និង​មន្ត្រី​សភា​អាមេរិក​នឹង​ជួប​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​បន្ត​ពិភាក្សា​រក​វិធី​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក ដែល​បាន​ប៉ះពាល់​ដល់​មន្ត្រី​រដ្ឋាភិបាល​សហព័ន្ធ​រាប់​សែន​នាក់។

ការ​បិទ​រដ្ឋាភិបាល​នេះ​បាន​ចូល​ដល់​សប្ដាហ៍​ទី ៣ ហើយ។

ចំណុច​សំខាន់​នៃ​ការ​ពិភាក្សា​នេះ​គឺ​បញ្ហា​សន្តិសុខ​ព្រំដែន។ លោក​ប្រធានាធិបតី Donald Trump នៅតែ​ទាមទារ​ថវិកា​ចំនួន ៥ ពាន់ ៦ រយ​លាន​ដុល្លារ ដើម្បី​សាងសង់​ជញ្ជាំង​ព្រំដែន​ជាប់​ប្រទេស​ម៉ិកស៊ិក ដើម្បី​រារាំង​ជន​ចំណាក​ស្រុក​គ្មាន​ក្រដាស​ស្នាម​មិន​ឲ្យ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក។

សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្ដេជ្ញា​ថា នឹង​មិន​ផ្ដល់​ថវិកា​ណា​មួយ​ដល់​លោក Trump ទាក់ទិន​នឹង​រឿង​សាងសង់​ជញ្ជាំង​ព្រំដែន​នោះ​ទេ។ ប្រធាន​រដ្ឋសភា​លោកស្រី Nancy Pelosi បាន​ហៅ​រឿង​ជញ្ជាំង​ព្រំដែន​នេះ​ថា​ជា​រឿង «អសីលធម៌‍»។

លោក Trump បាន​សរសេរ​នៅ​លើ Twiiter កាល​ពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា លោក​នឹង​ទៅ​មូលដ្ឋាន​យោធា Camp David នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ពិភាក្សា​អំពី​សន្តិសុខ​ព្រំដែន និង​ប្រធានបទ​ផ្សេង​ទៀត ជាមួយ​នឹង​មន្ត្រី​កំពូលៗ។

ក្រុម​មេដឹកនាំ​សភា និង​មន្ត្រី​សេតវិមាន​បាន​ពិភាក្សា​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ព្យាយាម​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​នេះ។ ការ​ពិភាក្សា​នេះ​បាន​បញ្ចប់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ដោយ​គ្មាន​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​អ្វី​នោះ​ទេ។

បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ប្រហែល ៨ សែន​នាក់ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​បណ្ដោះ​អាសន្ន ឬ​ក៏​ធ្វើ​ការ​ដោយ​គ្មាន​ប្រាក់​បៀវត្សរ៍។ អ្នក​ដែល​ធ្វើ​ការ​នឹង​ទទួល​បាន​ប្រាក់​បៀវត្សរ៍​វិញ នៅ​ពេល​ដែល​រដ្ឋាភិបាល​បើក​ឡើង​វិញ៕

XS
SM
MD
LG