សមាជិកសភាស.រ.អា.ខាងគណបក្សសាធារណរដ្ឋបានទម្លាក់ចោលកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការដាក់កំហិតការហាមប្រាមជាថ្មីលើការដឹកជញ្ជូនសម្ភារៈនិងបច្ចេកទេសផលិតក្នុងប្រទេសអាមេរិកទៅលក់ឱ្យមហាក្រុមហ៊ុនទូរគមនាគមន៍ចិន ZTE។
ចំណាត់ការកាលពីថ្ងៃសុក្រផ្តល់ជ័យជម្នះមួយឱ្យលោកប្រធានាធិបតីស.រ.អា. Donald Trump ដែលជាអ្នកជួយការពារក្រុមហ៊ុន ZTE ឱ្យបន្តអាជីវកម្មតទៅទៀតបាន។
កាលពីថ្ងៃសុក្រ ពួកសមាជិកព្រឹទ្ធសភាស.រ.អា.ខាងគណបក្សសាធារណរដ្ឋបានដកសេចក្តីព្រាងច្បាប់ដែលអាចរារាំងក្រុមហ៊ុន ZTE មិនឱ្យទិញគ្រឿងបន្លាស់ពី ស.រ.អា.។ សមាជិកព្រឹទ្ធសភាទាំងនេះបានរួមបញ្ចូលសេចក្តីព្រាងច្បាប់នេះទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីចំណាយខាងកិច្ចការពារប្រទេសដែលបានត្រូវអនុម័តកាលពីខែមុន ក៏ប៉ុន្តែសេចក្តីព្រាងច្បាប់ស្តីពីចំណាយខាងកិច្ចការពារប្រទេសរបស់សភាតំណាងរាស្ត្រអាមេរិកាំងមិនបានរួមបញ្ចូលមាត្រានេះទេ។
សមាជិកសភាអាមេរិកាំងនិយាយថាពួកសមាជិកព្រឹទ្ធសភាបានសម្រេចដកមាត្រានេះចេញពីសេចក្តីព្រាងច្បាប់សម្របសម្រួលចុងក្រោយបង្អស់ដែលគេរំពឹងថានឹងត្រូវដាក់ឱ្យបោះឆ្នោតនៅក្នុងសភាតំណាងរាស្ត្រអាមេរិកាំងនិងព្រឹទ្ធសភាក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
សមាជិកសភាមកពីគណបក្សទាំងពីរបានរិះគន់ដល់ប្រធានាធិបតី Trump អំពីសេចក្តីសម្រេចរបស់លោកក្នុងការលុបចោលការហាមប្រាមលើក្រុមហ៊ុនស.រ.អា.ដែលលក់សម្ភារៈនិងបច្ចេកទេសឱ្យក្រុមហ៊ុនចិន ZTE។
លោក Chuck Schumer សមាជិកព្រឹទ្ធសភាស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យជាន់ខ្ពស់បានរិះគន់ដល់ព្រឹត្តិការណ៍នេះកាលពីថ្ងៃសុក្រ។ លោកបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដោយដកមាត្រារបស់ព្រឹទ្ធសភាដែលដាក់ទណ្ឌកម្មតឹងតែងលើក្រុមហ៊ុន ZTE ចេញពីសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារប្រទេស ប្រធានាធិបតី Trump និងពួកសាធារណរដ្ឋក្នុងសភាដែលធ្វើសកម្មភាពនេះតាងនាមលោកបានធ្វើម្តងទៀតឱ្យប្រធានាធិបតី Xi និងរដ្ឋាភិបាលចិនជាអ្នកមានជ័យជម្នះធំ»។
នៅក្នុង tweet មួយកាលពីថ្ងៃសុក្រ លោក Marco Rubio សមាជិកព្រឹទ្ធសភាស.រ.អា.ខាងគណបក្សសាធារណរដ្ឋបានហៅការលុបចោលមាត្រានេះថាជា «ដំណឹងអាក្រក់»។
ក្រុមហ៊ុនចិន ZTE បានត្រូវចោទប្រកាន់ថាបានលក់បច្ចកទេសសំខាន់ៗទៅឱ្យប្រទេសអ៊ីរ៉ង់និងប្រទេសកូរ៉េខាងជើងទោះណាជាមានការរាំងខ្ទប់ខាងពាណិជ្ជកម្មដោយស.រ.អា.ក៏ដោយ៕