សមាជិកព្រឹទ្ធសភាស.រ.អា. ដ៏មានឥទ្ធិពលគឺ លោក ចន ម៉ាក់ខេន (John McCain) បានចូលរួមជាមួយនឹងសហគមន៍អន្តរជាតិថ្កោលទោសរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រោយពេលដែលលោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនដោយត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ។
លោក John McCain ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋមកពីរដ្ឋ Arizona បានថ្លែងនៅលើប្រព័ន្ធ Twitter របស់លោកថា៖
«ការគាបសង្កត់ដែលមិនអាចទទួលយកបាន ទៅលើក្រុមមេដឹកនាំប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាបញ្ជាក់ឲ្យដឹងពីកំណើននៃភាពផ្តាច់ការនិយមដ៏គួរឲ្យព្រួយបារម្ភ»។
លោក John McCain បានសរសេរលើបណ្តាញ Twitter របស់លោក ដែលភ្ជាប់ជាមួយនូវរូបថតលោក កឹម សុខា និងអត្តបទរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលដាក់ចំណងជើងថា កម្ពុជាចោទប្រកាន់មេដឹកនាំគណបក្សជំទាស់ពីបទក្បត់ជាតិ។
សហគមន៍អន្តរជាតិ មានស.រ.អា.សហភាពអឺរ៉ុប អ.ស.ប. អូស្ត្រាលី អង់គ្លេស និងអង្គការអន្តរជាតិធំៗបានបន្តប្រតិកម្មនឹងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយចោទសួរចំពោះការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ក្នុងពេលបោះឆ្នោតឆ្នាំ២០១៨។ ប៉ុន្តែព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចិត្តធ្វើការចោទប្រកាន់លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសស្មើនឹងអំពើក្បត់ជាតិ ហើយអាចប្រឈមនឹងការដាក់ទោសក្នុងពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ។
លោក កឹម សុខា ប្រធានគណបក្សជំទាស់ដ៏ធំនៅកម្ពុជា ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃអាទិត្យកន្លងទៅដោយសំអាងលើការថ្លែងរបស់លោកនៅក្នុងវីដេអូខ្លីមួយ ដែលគេចែកចាយពេញបណ្តាញហ្វេសប៊ុក ហើយត្រូវបានអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីផ្សាយបន្តជាសាធារណៈតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយការចាប់ខ្លួនមេដឹកគណបក្សជំទាស់រូបនេះ។
តាមរយៈខ្សែអាត់វីដេអូដែលគ្មានកាលបរិច្ឆេទនេះ លោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដោយលើកឡើងអំពីយុទ្ធសាស្ត្រនយោបាយរបស់គណបក្សជំទាស់តទល់នឹងគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន។ តែក្រុមមន្ត្រីគណបក្សជំទាស់វិញបានចាត់ទុកថា ទង្វើចុងក្រោយរបស់គណបក្សគ្រប់គ្រងប្រទេសនេះ ជាការបង្ក្រាបគណបក្សជំទាស់ និងមេដឹកនាំរបស់ខ្លួនមិនឲ្យចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨បាន៕