ព្រឹទ្ធសភាស.រ.អាបានអនុម័តច្បាប់បើកឲ្យរដ្ឋសភាមានសិទ្ធិអាចធ្វើការពិនិត្យសើរើមើល ហើយអាចធ្វើការប្រឆាំងជំទាស់និងកិច្ចព្រមព្រៀងអន្តរជាតិផ្តាច់ព្រាត់ណាមួយដែលមានគោលបំណងកាត់បន្ថយកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។
ព្រឹទ្ធសភាបានបោះឆ្នោតដោយសម្លេង ៩៨ ទល់និង ១ លើច្បាប់ដែលឥឡូវនេះត្រូវបញ្ជូនទៅសភាតំណាងរាស្រ្ត ដើម្បីឲ្យធ្វើការពិចារណានៅសប្តាហ៍ក្រោយទៀត។
ពីដំបូងលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានប្រឆាំងនឹងការពិនិត្យសើរើមើលរបស់រដ្ឋសភានូវកិច្ចព្រមព្រៀងដែលសរអានិងប្រទេសមហាអំណាច ៥ ទៀតកំពុងធ្វើការចរចាជាមួយក្រុងតេរ៉ង់ (Tehran) ដើម្បីកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការអភិវឌ្ឍន៍អាវុធ នុយក្លេអ៊ែរមួយ។ តែលោកបានថ្លែងថា លោកនឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់បច្ចុប្បន្ន បើសិនជារដ្ឋសភាផ្តល់សេចក្តីអនុម័តផ្តាច់ព្រាត់របស់ខ្លួន។
ច្បាប់នេះនឹងទុកពេល ៣០ថ្ងៃ ជូនរដ្ឋសភាដើម្បីធ្វើការពិនិត្យសើរើមើលកិច្ចព្រមព្រៀងគ្នា ហើយបើមានសេចក្តីសម្រេចសភាអាចប្រឆាំងជំទាស់និងកិច្ចព្រមព្រៀងនេះបាន។
ក្រុងតេរ៉ង់ បានសម្រេចកិច្ចព្រមព្រៀងជាគោលការណ៍ឬជាគម្រោងមួយជាមួយប្រទេសមហាអំណាច ៦ កាលពីខែមុន ហើយក្រុមអ្នកចរចាបានដាក់កម្រិតថ្ងៃទី៣០ ខែមិថុនាខាងមុខដើម្បីសម្រេចកិច្ចព្រមព្រៀងផ្តាច់ព្រាត់មួយ៕