រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំខាល ដែលនឹងប្រារព្ធធ្វើនៅក្នុងសប្តាហ៍នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ របស់លោក Antony J. Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោករដ្ឋមន្ត្រីបានសរសេរថា៖ «តាងនាមឲ្យសហរដ្ឋអាមេរិក ខ្ញុំសូមជូនពរដល់ប្រជាពលរដ្ឋកម្ពុជាក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ»។
លោក Blinken បន្តថា ពិធីបុណ្យចូលឆ្នាំខ្មែរគឺជាឱកាសអបអរនិងរំឭកឡើងវិញពីភាពសម្បូរបែបនិងភាពរស់រវើកនៃវប្បធម៌ខ្មែរ។
ប្រមុខការទូតអាមេរិករូបនេះបញ្ជាក់បន្ថែមថា៖ «យើងខ្ញុំមានកិត្តិយសក្នុងការបន្តកសាងទំនាក់ទំនងវប្បធម៌ដ៏រឹងមាំរវាងសហរដ្ឋអាមេរិកនិងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំរីករាយនឹងពង្រឹងទំនាក់ទំនងនេះឱ្យកាន់តែខ្លាំងឡើងថែមទៀត ដើម្បីកសាងកម្ពុជាមួយដែលកាន់តែមានវិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យថែមទៀត»។
សេចក្តីថ្លែងការណ៍នេះបញ្ចប់ដោយសារដែលបានបញ្ជាក់ថា៖ «សូមឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់បានប្រកបដោយភាពរុងរឿង មានសុខភាពបរិបូរណ៍»៕