យន្តហោះចម្បាំងយោធារុស្ស៊ីបានហោះក្នុងស្ថានភាពដ៏គ្រោះថ្នាក់មួយ ទៅកៀកនឹងយន្តហោះដ្រូនរបស់អាមេរិក ដែលកំពុងបំពេញបេសកកម្មប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ក្នុងប្រទេសស៊ីរី ក្នុងថ្ងៃទី ២ជាប់ៗគ្នា។ នេះបើយោងទៅលើទីបញ្ជាការដ្ឋានកណ្តាលយោធាសហរដ្ឋអាមេរិក ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ទីបញ្ជាការដ្ឋាននេះបាននិយាយថា៖ «យើងទទូចស្នើដល់កងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសស៊ីរីឱ្យបញ្ឈប់សកម្មភាពដែលគ្មានការប្រុងប្រយ័ត្ននេះ និងប្រកាន់ខ្ជាប់បទដ្ឋាននៃកងទ័ពអាកាសប្រកបដោយវិជ្ជាជីវៈមួយ ដែលយើងអាចបន្តការផ្តោតបេសកកម្មរបស់យើង ទៅលើការយកឈ្នះលើក្រុមរដ្ឋឥស្លាមជារៀងរហូត»។
យោធាសហរដ្ឋអាមេរិកនិយាយថា ក្រៅពីការហោះចូលទៅជិតនឹងដ្រូនរបស់អាមេរិកកាលពីថ្ងៃព្រហស្បតិ៍ហើយនោះ យន្តហោះចម្បាំងរបស់រុស្ស៊ីនោះ ក៏បានបាញ់ភ្លើងសញ្ញានៅជិតដ្រូនរបស់អាមេរិកផងដែរ ដែលបង្ខំឱ្យយន្តហោះដ្រូនរបស់អាមេរិក ត្រូវបង្វែរទិសហោះចេញពីទីតាំងនោះជាបន្ទាន់»។
កងទ័ពរុស្ស៊ីក៏បានធ្វើសកម្មភាពប្រហាក់ប្រហែលគ្នានេះផងដែរកាលពីថ្ងៃពុធកន្លងទៅ។ លោកឧត្តមសេនីយ៍ឯក Alex Grynkewich មេបញ្ជាការនៃកងទ័ពអាកាសអាមេរិកទី ៩ ប្រចាំតំបន់មជ្ឈិមបូព៌ា និយាយថា អ្នកបើកបរយន្តហោះចម្បាំងរុស្ស៊ីមួយរូប បានព្យាយាមធ្វើការហោះកាត់ពីមុខដ្រូនរបស់អាមេរិក និងបញ្ចេញភ្លើងផ្សែងដ៏ខ្លាំងពីយន្តហោះចម្បាំងរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពអ្នកបញ្ជា ដើម្បីឱ្យយន្តហោះដ្រូនអាចធ្វើប្រតិបត្តិការដោយសុវត្ថិភាព។
យោធាអាមេរិកមិនបានបញ្ជាក់ឱ្យដឹងពីទីតាំងណាមួយនៅស៊ីរី ដែលហេតុការណ៍នេះបានកើតឡើងនោះឡើយ។
អាមេរិកដាក់កងកម្លាំងយោធារបស់ខ្លួនប្រមាណ៩០០ នាក់ នៅក្នុងប្រទេសស៊ីរី ដើម្បីជួយដល់កងកម្លាំងឃឺដ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម៕
(ព័ត៌មានមួយចំនួនសម្រាប់សេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន The Associated Press និង Agent France-Presse)