ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Human ​Rights ​Watch​ អំពាវ​នាវ​ដល់​ក្រុម​ពលករ​ចំណាក​ស្រុក​ប្រុង​ប្រយ័ត្ន​ចំពោះ​ស្ថាន​ការណ៍​នៅ​ថៃ


ទាហ៊ាន​ថៃ​ម្នាក់​នេះ ប្រុង​​កាំភ្លើង​យន្ត​គ្រាដែល​អង្គភាព​របស់​លោក​ចូល​កាន់កាប់​ភាគកណ្តាល​ក្រុងបាងកក​នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ២០១៤។
ទាហ៊ាន​ថៃ​ម្នាក់​នេះ ប្រុង​​កាំភ្លើង​យន្ត​គ្រាដែល​អង្គភាព​របស់​លោក​ចូល​កាន់កាប់​ភាគកណ្តាល​ក្រុងបាងកក​នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ២០១៤។
នៅ​ពេល​ស្ថាន​ការណ៍​នយោបាយ​ក្នុង​ប្រទេស​ថៃ​កំពុង​មាន​ភាព​តានតឹង​ ហើយ​ ពួក​យោធា​បាន​ប្រកាស​ប្រើច្បាប់​អាជ្ញាសឹក​គ្រប់គ្រង​សន្តិសុខ​ប្រទេសជា​បណ្តោះ​អាសន្ន​នោះ​ លោក​ ហ្វ៊ីល រ៉ប៊ឺតសុន​ (Phil Robertson) ​នាយក​រង​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​Human ​Rights ​Watch​ ប្រចាំ​តំបន់​អាស៊ី ​បានថ្លែង​ប្រាប់​វីអូអេ​កាលពី​ថ្ងៃអង្គារ​ពីរាជ​ធានី​បាងកក​មកថា៖​

«ចំពោះ​ពលករ​ចំណាក​ស្រុក​ជាច្រើន​មកពី​ប្រទេស​កម្ពុជា ​និង​ភូមា​ ខ្ញុំគិតថា ​ពេល​នេះ​ ជាពេល​ផុយស្រួយ​ខ្លាំងណាស់​ ក្នុង​ពេល​ដែល​ពួកគេ​ពិត​ជា​មិន​ដឹង​ច្បាស់​ថា​ មានអ្វី​កើតឡើង​ ទាំង​ចំពោះ​សេដ្ឋកិច្ច ទាំងចំពោះ​ស្ថាន​ការណ៍​សង្គម​ក្នុង​ប្រទេស​ថៃ​នោះ។​ ដូច្នេះ​ជាការណ៍​ពិត​ សម្រាប់​ពលករ​ចំណាក​ស្រុកក្នុង​ស្ថាន​ការណ៍​ច្របូក​ច្របល់​នេះ​ បើពួក​គេ​ទាំងនេះ​អាច​រក្សាភាព​ស្ងប់​ស្ងាត់​បាន​ នោះ​ជា​រឿង​ឆ្លាត​បំផុត​សម្រាប់​ពួកគេ»។​

ក្រុម​មន្ត្រី​ក្នុង​តំបន់​ ដែល​ធ្វើការ​ទាក់ទង​នឹង​ពលករ​ក្នុង​ប្រទេស​ថៃ​ បាន​ឲ្យ​ដឹង​ថា​ ពលករ​មកពី​ប្រទេស​ជិតខាង​ ដែល​ទៅធ្វើ​ការ​ជាជាង​សំណង់​ កម្មករ​នេសាទ​ ថែ​សួន​ ច្រូតកាត់​នៅ​ប្រទេស​ថៃ​មាន​ប្រមាណ​៣លាននាក់​ ក្នុង​នោះ​កម្ពុជា​មាន ជាង​២៥​ម៉ឺន​នាក់​ ខណៈពេល​ដែល​ប្រទេស​ថៃ​មាន​អំពើ​ហិង្សា​កើត​ឡើង​រវាង​ គណបក្ស​នយោបាយ​កាន់​អំណាច​គឺ​គណបក្យ ​ភឿ ថៃ ​និង​គណបក្ស​ជំទាស​ថៃ​ គឺ​គណបក្ស​ប្រជា​ធិបតេយ្យ។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​មួយរូប​ បាន​អះអាង​ថា​ ស្ថាន​ទូត​កម្ពុជា​ក្នុង​ប្រទេស​ថៃ​បាន​ជូន​ដំណឹង​អំពី​បញ្ហា​ស្ថាន​ការណ៍​ក្នុង​ប្រទេស​ថៃ​ដល់​ពលករ​កម្ពុជា​ក្នុង​ប្រទេស​ថៃ​ហើយ។​

«ខាង​ការងារ​ទូត​នឹង​ ​គេ​បាន​ជម្រាប​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ ​កុំឲ្យ​ដើរ​ផ្តេស​ផ្តាស់ រក្សា​ភាព​ស្ងប់ស្ថាត់​នៅនឹង​កន្លែង​ ហើយ​កុំឲ្យ​ទៅ​ជិត​កន្លែង​គេ​ប្រមូល​ផ្តុំ»។​

យោធា​ថៃ​បាន​ជូន​ដំណឹង​ពីការ​បិទ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជាថៃ​មួយ​រយៈ​សិន​ដែរ ​ក្នុងពេល​មាន​ភាព​តានតឹង​នេះ​ ហើយ​លោក​ថា​ កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​គោរព​តាម​ការ​ស្នើ​សុំ​របស់​ប្រទេស​ថៃ​នោះ​ទេ។​

ក្រុម​យោធា​ប្រទេស​ថៃ​បាន​ចាប់​ផ្តើម​ប្រកាស​ច្បាប់​អាជ្ញាសឹក​កាលពី​ថ្ងៃ​អង្គារ​នេះ​ ដោយ​កាន់​កាប់​តំបន់​សំខាន់ៗ​ក្នុង​រាជធានី​បាងកក​ផង​ដែរ​ដើម្បី​អ្វី​មួយ​ដែល​ពួក​យោធា​អះអាង​ថា​ ដើម្បី​ធានា​សន្តិភាព​ និង​សណ្តាប់​ធ្នាប់​សាធា​រណៈ​ ហើយ​បាន​ស្នើ​សុំ​ឲ្យ​ភាគី​នយោបាយ​ថៃ​ទាំង​ពីរ​ចូលមក​រកតុ​ចរចា​គ្នា​ ក្រោយ​ពី​មាន​បាតុកម្ម​ហិង្សា​កើតឡើង​ជាច្រើន​ខែ​រវាង​គូ​ប្រជែង​នយោបាយ​ទាំងពីរ​នេះ​ ដែលធ្វើ​ឲ្យមាន​មនុស្ស​ស្លាប់​ និង​របួស​ជាច្រើន​នោះ។​ ក្រុម​យោធា​បាន​បដិសេធ​ថា មិនមែនជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា៕
XS
SM
MD
LG