ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃពុធ ដើម្បីដាក់ការរឹតត្បិតលើការវិនិយោគរបស់សហរដ្ឋអាមេរិកខាងវិស័យបច្ចេកវិទ្យាទំនើបមួយចំនួននៅប្រទេសចិន។
បទបញ្ជារបស់លោក Biden អាចបង្កើនភាពតានតឹងជាថ្មីទៀតរវាងសហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក និងប្រទេសចិនដែលឈរលំដាប់លេខរៀងទី ២ បន្ទាប់ពីអំឡុងពេលមួយដែលមេដឹកនាំនៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នាជាច្រើនលើក ដើម្បីបង្ហាញភាពខុសគ្នារវាងប្រទេសទាំងពីរនិងស្វះស្វែងរកចំណុចរួម។
ការរឹតបន្តឹងថ្មីនេះ នឹងកម្រិតការវិនិយោគរបស់ក្រុមហ៊ុនអាមេរិកខាងវិស័យបច្ចេកវិទ្យាជឿនលឿនក្នុងប្រទេសចិន ដូចជា កុំព្យូទ័រ quantum បញ្ញាសិប្បនិម្មិត និងបន្ទះឈីបជឿនលឿនជាដើម តែមិនកម្រិតលើវិស័យសេដ្ឋកិច្ចចិនជាទូទៅ ដែលបច្ចុប្បន្នកំពុងត្រដាបត្រដួសដើម្បីឈានទៅមុខទេ។
ការវិនិយោគខ្លះខាងវិស័យទាំងនោះ នឹងតម្រូវឲ្យជូនដំណឹងដល់រដ្ឋាភិបាល។ វិនិយោគខ្លះទៀតនឹងត្រូវហាមឃាត់ តែមិនទាន់មានសេចក្តីលម្អិតអំពីបម្រាមនេះទេ។ ការរឹតត្បិតនេះ នឹងអនុវត្តចំពោះតែវិនិយោគទុនថ្មីប៉ុណ្ណោះ ហើយនឹងចូលជាធរមាន បន្ទាប់ពីមានការផ្តល់មតិពីសាធារណជនជាច្រើនលើកសិន។
រដ្ឋាភិបាលចិន បាននិយាយថាខ្លួន «បារម្ភយ៉ាងខ្លាំង »អំពីបទបញ្ជាថ្មីនេះនិងផលប៉ះពាល់ដែលវាអាចមានលើខ្សែសង្វាក់ផ្គត់ផ្គង់សាកល។ ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា សហរដ្ឋអាមេរិក កំពុងប្រឡូកក្នុងការ«ដកខ្លួនចេញ»ដោយយកលេសថា«បន្ថយគ្រោះថ្នាក់»។
ក្រសួងពាណិជ្ជកម្មចិន បន្ថែមថា ចិនរក្សាសិទ្ធិចាត់វិធានការឆ្លើយតបវិញ។
រាយការណ៍បន្ថែមដោយអ្នកស្រី Nike Ching ប្រធានការិយាល័យវីអូអេប្រចាំក្រសួងការបរទេសសហរដ្ឋអាមេរិក។ ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះ មានប្រភពមកពីទីភ្នាក់ងារសារព័ត៌មាន Reuters។