ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ជំរុញ​​ឱ្យ​មាន​បទឈប់បាញ់​ក្នុង​តំបន់​ហ្កាហ្សា​​ ក្នុង​ការពិភាក្សា​​ជា​​មួយ​មេដឹកនាំ​មជ្ឈិមបូព៌ា


ស្ត្រី​ប៉ាឡេស្ទីន​កាន់ទុក្ខ​ក្បែរ​សាកសព​សាច់​ញាតិ​ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល នៅ​ខាង​ក្រៅ​កន្លែង​បញ្ចុះសព​ក្នុង​មន្ទីរពេទ្យ Al-Aqsa Martyrs ក្នុង​ក្រុង Deir al Balah តំបន់ហ្កាហ្សា កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។
ស្ត្រី​ប៉ាឡេស្ទីន​កាន់ទុក្ខ​ក្បែរ​សាកសព​សាច់​ញាតិ​ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល នៅ​ខាង​ក្រៅ​កន្លែង​បញ្ចុះសព​ក្នុង​មន្ទីរពេទ្យ Al-Aqsa Martyrs ក្នុង​ក្រុង Deir al Balah តំបន់ហ្កាហ្សា កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក ​Antony Blinken ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ជំរុញ​ដល់​មេដឹកនាំ​មជ្ឈិម​បូព៌ា​ ឱ្យ​ដាក់​សម្ពាធ​លើ​ក្រុម​ហាម៉ាស់ ឱ្យ​ទទួល​យក​នូវ​សំណើឱ្យ​មាន​បទឈប់បាញ់​គ្នា​មួយ​ ដើម្បី​បញ្ឈប់ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់​ហ្កាហ្សា។​

លោក​Blinken បាន​និយាយ​ថា​ ក្រុម​ហាម៉ាស់ គឺជា​ក្រុម​តែ​មួយ​គត់​ ដែល​មិន​ទាន់​យល់ព្រម​ទៅ​លើសំណើ​កិច្ចព្រមព្រៀងក្នុង​ជំហាន​ទី​៣​នេះ​ ​ដែលខាង​អ៊ីស្រាអែល​បាន​ទទួល​យក​នូវ​សំណើ​នេះ​រួច​ហើយ។

លោក​ Blinken ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​គែរ​ ប្រទេស​អេហ្ស៊ីប​ថា «វិធី​ដែល​ល្អ​បំផុតដើម្បី​ធានា​កុំ​ឱ្យ​មានគ្រោះ​ថ្នាក់​លើ​ជន​ស៊ីវិល​ជា​ថ្មី​ទៀត​នោះ​ គឺត្រូវ​ឱ្យ​មាន​កិច្ចព្រមព្រៀងបទ​ឈប់​បាញ់​គ្នា​មួយដំណើរ​ការ​ទៅ​មុខ​ ដែល​មានក្រុម​ហាម៉ាស់​ទទួល​យក​ផង​ដែរ។ វាជា​រឿង​សាមញ្ញ​និង​ងាយស្រួលប៉ុណ្ណោះ»។ ​

លោក ​Blinken​បាន​វិលត្រឡប់​មក​កាន់​តំបន់​មជ្ឈិមបូព៌ា​វិញកាល​ពី​ថ្ងៃ​ចន្ទ​ ​ដែល​ជា​បេសកកម្ម​ការទូត​លើក​ទី​៨​របស់​លោក​មក​កាន់​តំបន់​នេះ​ ចាប់​តាំងពី​ជម្លោះ​យោធា​ក្នុង​តំបន់​ហ្កាហ្សា​កើត​ឡើងកាល​ពី​ខែ​តុលាឆ្នាំ​ទៅ។ ​

កាល​ពី​ថ្ងៃ​ចន្ទ​ លោកBlinken បាន​ជួប​ពិភាក្សាជា​មួយ​ប្រធានាធិបតីអេហ្សីប​លោក Abdel Fattah el-Sissi នៅក្នុង​រដ្ឋធានី​គែរ​នៃ​ប្រទេស​អេហ្ស៊ីប ​មុន​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​ ដើម្បី​ជួប​ជាមួយ​នាយករដ្ឋមន្ត្រីនៃ​ប្រទេស​នេះ​ គឺ​លោក Benjamin Netanyahu និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក ​Yoav Gallant ។ ប្រមុខ​ការទូត​អាមេរិក​រូប​នេះក៏​នឹង​ធ្វើ​ដំណើរទៅ​កាន់​ប្រទេស​កាតា​និង​ប្រទេស​ហ្ស៊កដានី​ផង​ដែរ​ ​ដើម្បី​ចូលរួមក្នុង​សន្និសីទ​មួយ​ ដែល​ផ្តោត​ជា​សំខាន់​ទៅ​លើជំនួយ​មនុស្សធម៌សម្រាប់​តំបន់​ហ្កាហ្សា។​

ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ អ៊ីស្រាអែល​នឹងទទួលយក​សំណើ​បទឈប់បាញ់​គ្នា​មួយ​ ដែលផ្អាក​ការ​ប្រយុទ្ធ​គ្នា​ ដោះលែង​ចំណាប់​ខ្មាំង​ក្នុង​តំបន់​ហ្កាហ្សា​ ដោះលែង​អ្នកទោសប៉ាឡេស្ទីន​ ដែល​កំពុង​ត្រូវ​បានឃុំ​ខ្លួន​ដោយ​អ៊ីស្រាអែល​ ​បង្កើន​ជំនួយ​មនុស្សធម៌​ដល់​ជនជាតិ​ប៉ាឡេស្ទីន​ ​ដក​កងទ័ព​អ៊ីស្រាអែល​ចេញ​ពី​ទីតាំង​នានាក្នុង​តំបន់​ហ្កាហ្សា​ដែល​មានពលរដ្ឋ​រស់​នៅ​ច្រើន​ ​និង​បញ្ជូនត្រឡប់​មក​វិញ​នូវ​ជនស៊ីវិល​ប៉ាឡេស្ទីន​ ទៅ​កាន់​ផ្ទះសម្បែងនិង​ភូមិដ្ឋាន​របស់គេ​វិញ។

ក្រុម​ហាម៉ាស់នៅ​មិន​ទាន់​ទទួល​យកឬ​បដិសេធ​នូវ​សំណើ​នេះ ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ​ Joe Biden បាន​ប្រកាស​ដាក់ចេញ​ជា​សាធារណៈ​កាល​ពី​ជាង​មួយ​សប្តាហ៍​កន្លង​ទៅ៕

អ្នកស្រី​Nike Ching ​ប្រធាន​ការិយាល័យ​ព័ត៌មាន​VOA ​ប្រចាំ​ក្រសួង​ការបរទេស​និង​អ្នកស្រី​Margaret Besheer ​ប្រធាន​ក្រុម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ VOA ​ប្រចាំ​អង្គការ​សហប្រជាជាតិ​ចូល​រួម​ផ្តល់​ព័ត៌មាន។ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ Associated Press, Reuters និង​ Agence France-Presse.

XS
SM
MD
LG