ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​ត្រៀម​ផ្តល់​កញ្ចប់​ជំនួយ​ដល់​មីយ៉ាន់ម៉ា​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់


បុរស​ម្នាក់​ចែវ​ទូក​របស់​គាត់​នៅ​ក្បែរ​ផ្ទះ​ដែល​លិច​ទឹក​ នៅ Nyaung Tone ក្នុង​តំបន់​ដី​សណ្ត Irrawaddy ប្រហែល​១០០គ.ម​ភាគ​និរតី​នៃ​ក្រុង​យ៉ាំងហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥។
បុរស​ម្នាក់​ចែវ​ទូក​របស់​គាត់​នៅ​ក្បែរ​ផ្ទះ​ដែល​លិច​ទឹក​ នៅ Nyaung Tone ក្នុង​តំបន់​ដី​សណ្ត Irrawaddy ប្រហែល​១០០គ.ម​ភាគ​និរតី​នៃ​ក្រុង​យ៉ាំងហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥។

សហរដ្ឋ​អាមេរិក​និយាយ​ថា​ ខ្លួន​នឹង​ប្រកាស​ពី​កញ្ចប់​ជំនួយ​ដើម្បី​ជួយ​ជន​រងគ្រោះ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ នៅ​ខណៈ​ដែល​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ផ្តល់​ជំនួយ​អន្តរជាតិ​បាន​កើន​ឡើង​បន្ទាប់​ពី​គ្រោះ​មហន្តរាយ​នេះ​បាន​ប៉ះពាល់​ដល់​មនុស្ស​រាប់​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស។​

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ John Kerry បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង​គូឡាឡាំពួ (Kuala Lumpur) កាលពី​ថ្ងៃ​ពុធ​ថា ស្ថានទូត​អាមេរិក​នៅ​ក្នុង​ក្រុង​យ៉ាំងហ្គូន​កំពុង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ​ជាមួយ​ក្រុម​មន្រ្តី​របស់​មីយ៉ាន់ម៉ា​ដើម្បី​កំណត់​អាទិភាព​នៃ​ជំនួយ​នេះ។

ក្រោយ​មក​ ស្ថានទូតសហរដ្ឋ​អាមេរិក​បាន​ប្រាប់​ VOA ផ្នែក​ផ្សាយ​ជា​ភាសា​ភូមា​ថា ខ្លួនកំពុង​តែ​រៀបចំ​សេចក្តី​ប្រកាស​នោះ។​

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​អំពាវនាវ​រក​ជំនួយ​អន្តរជាតិ​ដើម្បី​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​សង្រ្គោះ​ ហើយ​លោក Kyaw Moe Tun អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អន្តរជាតិ​បាន​ប្រាប់​ VOA ផ្នែក​ផ្សាយ​ជា​ភាសា​ភូមា​ថា ស្ថានទូត​បរទេស​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ជាច្រើន​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ផ្តល់​អាហារ សំភារៈ​ជំនួយ​ ថ្នាំ​ពេទ្យ និង​ម៉ាស៊ីន​ចម្រោះ​ទឹក។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​ផ្តល់​ជំនួយ​មនុស្សធម៌​ដែល​យើង​បាន​ពី​ម្ចាស់​ជំនួយ​អន្តរជាតិ​ទៅ​ឲ្យ​ក្រសួង​សុខុមាល​ភាព​សង្គម ជួយ​សង្គ្រោះ​ និងតាំង​ទី​លំ​នៅ​ថ្មី​របស់ប្រទេស​មីយ៉ាន់ម៉ា។ ពួកគេ​ធ្វើការ​សម្រប​សម្រួល​ជាមួយ​រដ្ឋ និង​ភូមិភាគ​នានា​ដែល​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់ ហើយ​បែង​ចែក​អំណោយ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង។ យើង​ក៏​ស្វាគមន៍​ការ​បរិច្ចាគ​ជា​សំភារៈ​ដែល​នឹង​ជួយ​ដល់​ការ​ស្តារ​នីតិសម្បទា​របស់​ជន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​នេះ​ផង​ដែរ»។

លោក​បាន​បន្ថែម​ថា ប្រទេស​ជប៉ុន​បាន​សន្យា​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​១៥០.០០០ដុលា្លរ​ ខណៈ​ដែល​ប្រទេស​វៀតណាម​កំពុង​ផ្តល់​ទឹក​ស្អាត​ដែល​មាន​ទឹកប្រាក់​ចំនួន​២០.០០០ដុលា្លរ។

ក្រុម​ផ្តល់​ជំនួយ​ និង​អ្នក​ស្ម័គ្រ​ចិត្ត​បាន​ប្រាប់​ VOA ផ្នែក​ផ្សាយ​ជា​ភាសា​ភូមា​ថា បុគ្គលិក​ផ្តល់​ជំនួយ​កំពុង​ពុះពារ​ទៅ​ឲ្យ​ដល់​តំបន់​ដែល​បាន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ខ្លាំង​មួយ​ចំនួន។

លោក Pierre Peron អ្នក​នាំ​ពាក្យ​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​ការ​សម្រប​សម្រួល​ជំនួយ​មនុស្សធម៌​នៅ​ក្នុង​ក្រុង​យ៉ាំងហ្គូន​និយាយ​ថា ភ្នាក់ងារ​នេះ​កំពុង​ព្យាយាម​ទៅ​កាន់​កន្លែង​ដែល​ទទួល​រងគ្រោះ​នោះ​ហើយ។

លោក​បាន​និយាយ​ថា៖ «អ្វី​ដែល​អង្គការ​សហប្រជាជាតិ​កំពុង​តែ​ធ្វើ​ក្នុង​ពេល​ឥឡូវ​នេះ គឺ​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ដើម្បី​វាយតម្លៃ​ការ​ខូចខាត​បន្ត​ទៀត»។

ការិយាល័យ​របស់​អ.ស.ប​មួយ​នេះ​បាន​និយាយ​ថា ខ្លួន​ក៏​មាន​បំណង​ជួយ​ជន​រងគ្រោះ​ឲ្យ​បាន​ធូរ​ស្បើយ​ពី​គ្រោះមហន្តរាយ​នេះ​ដែរ។ ក្រសួងសុខុមាល​ភាព​សង្គម ជួយ​សង្គ្រោះ​ ​និង​តាំង​ទី​លំ​នៅ​របស់​មីយ៉ាន់ម៉ា​មក​ដល់​ពេល​នេះ​ បាន​អះអាង​ថា ​មនុស្ស​ជាង​២៥០.០០០នាក់​បាន​ទទួល​រងគ្រោះ ហើយ​មនុស្ស​៦៩នាក់​បាន​ស្លាប់​ដោយសារ​ទឹក​ជំនន់​ដែល​បណ្តាល​មក​ពី​ភ្លៀង​មូសុង​កាលពី​សប្តាហ៍​មុន។

ប្រទេស​ថៃ និង​ចិន​ក៏​បាន​ចូលរួម​បរិច្ចាគ​សម្ភារៈ​ជំនួយ​មួយ​ចំនួន​ផងដែរ។ ក្រុម​ជួយ​សង្រ្គោះ​របស់​ចិន​ដែល​មាន​សមាជិក​១០នាក់​បាន​ទៅ​ដល់​ក្រុង​យ៉ាំងហ្គូន​កាលពី​ថ្ងៃ​អង្គារ ​ដើម្បី​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្រ្គោះ​នេះ៕


ប្រែ​សម្រួល​ដោយ៖ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG