ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ក្រុមហ៊ុន​ដឹកជញ្ជូន​និង​កម្មករ​​​បញ្ចប់​ជម្លោះ​នៅ​កំពង់​ផែ​អាមេរិក


រថយន្ត​ដឹក​ទំនិញ​តជួរ​នៅ​កំពង់​ផែ​ក្រុង​ Long Beach រដ្ឋ California។ កម្មករ​និង​ប្រតិបត្តិករ​នៅកំពង់ផែសហរដ្ឋ​អាមេរិក​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​បណ្តោះអាសន្ន​មួយ​លើ​កិច្ច​សន្យា​ការងារ​ថ្មី​។
រថយន្ត​ដឹក​ទំនិញ​តជួរ​នៅ​កំពង់​ផែ​ក្រុង​ Long Beach រដ្ឋ California។ កម្មករ​និង​ប្រតិបត្តិករ​នៅកំពង់ផែសហរដ្ឋ​អាមេរិក​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​បណ្តោះអាសន្ន​មួយ​លើ​កិច្ច​សន្យា​ការងារ​ថ្មី​។

កម្មករ​និង​ប្រតិបត្តិករ​នៅកំពង់ផែសហរដ្ឋ​អាមេរិក​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​បណ្តោះអាសន្ន​មួយ​លើ​កិច្ច​សន្យា​ការងារ​ថ្មី​ ដែល​ដោះស្រាយ​ជម្លោះ​មួយ​ដែល​បាន​រំខាន​ដល់​ការដឹកជញ្ជូន​ទំនិញ​នៅ​តាម​កំពង់​ផែ​ចំនួន​២៩​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ខាងលិច​របស់​សហរដ្ឋ​អាមេរិក​ និង​ធ្វើ​ឲ្យ​យឺតយ៉ាវ​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ទ្វីបអាស៊ី។​

កិច្ច​ព្រម​ព្រៀង​នោះ​សម្រេច​បាន​កាលពី យប់​ថ្ងៃសុក្រ​ហើយ​បាន​អំពាវនាវ​ឲ្យ​ដំណើរការ​នៅ​កំពង់​ផែ​ទាំងអស់​ឡើងវិញ​ដោយ​ចាប់​ផ្តើម​ពី​យប់​ថ្ងៃសៅរ៍​នេះ។​ ភាគី​ទាំងពីរ​នៅត្រូវ​ចរចា​ដើម្បី​ឲ្យ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​មួយ​ទៀត។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម លោក​ជេម ម៉ាក់​ខេនណា​ ប្រធាន​សមាគម​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក​និង​លោក​បប ម៉ាក់អេលរ៉ាត់ ប្រធាន​សហជីព​ឃ្លាំងស្តុក​ទំនិញ​និង​ការងារ​តាម​បណ្តោយ​ឆ្នេ​រ​អន្តរជាតិ​បាន​បញ្ជាក់​ថា ​ពួកគេ​មាន​ការ​សប្បាយ​ចិត្ត​ដែល​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​បណ្តោះអាសន្ន​មួយ​ដែល​ល្អ​សម្រាប់​កម្មករ​កំពង់ផែ​និង​ឧស្សាហកម្ម​ដឹកជញ្ជូន។​

លោក​ថូម៉ាស់ ប៉េរ៉េស រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ជាអ្នក​ដឹកនាំ​ការចរចា​រយៈ​ពេល​បួន​ថ្ងៃ​នៅ​ក្នុង​សប្តាហ៍​នេះ រវាង​ភាគី​ទាំងពីរ​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង​សាន់​ហ្វ្រាន់​ស៊ីសស្កូ នៃ​រដ្ឋ​កាលីហ្វញ៉ា។

ជម្លោះការងារ​នេះ​បាន​ចាប់ផ្តើម​កាលពី​ខែ​កក្កដា​ នៅ​ពេល​ដែល​កិច្ច​សន្យា​មុន​បាន​ផុត​ពេល​កំណត់​ ហើយ​បាន​ធ្វើ​ឲ្យ​គាំង​ដំណើរការ​របស់​កំពង់ផែ​នៅ​តាម​ឆ្នេរភាគខាងលិច​អស់​ជាច្រើនខែ​ និង​បង្ក​ការ​រាំងស្ទះ​ដល់​ពាណិជ្ជកម្ម​ជាច្រើន​រវាង​សហរដ្ឋ​អាមេរិក​និង​ទ្វីប​អាស៊ី។

កំពង់ផែ​ទាំងនោះ​ទទួល​រ៉ាប់​រង​ពាណិជ្ជកម្ម​ជាង​មួយ​ភាគបួន​នៃ​ពាណិជ្ជកម្ម​ទាំងអស់​តាម​សមុទ្រ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ និង​ជាង​៧០ភាគរយ​នៃ​ការនាំ​ចូល​នានា​ពី​ទ្វីប​អាស៊ី​មក​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG