ក្រសួងការបរទេសសហរដ្ឋអាមេរិកបានដាក់ឈ្មោះកូនប្រុសរបស់ស្ថាបនិកក្រុមអាល់កៃដា អូសាម៉ា ប៊ីនដាឌែន ដែលមានឈ្មោះថា ហាមហ្សា ប៊ីន ឡាឌែន (Hamza bin Laden) ទៅក្នុងបញ្ជីខ្មៅភេរវកររបស់ខ្លួន។
ហាមហ្សា ប៊ីន ឡាឌែន ដែលស្ថិតក្នុងវ័យ២៥ឆ្នាំ ត្រូវបានគេរាយការណ៍មកថា មានភាពសកម្មនៅក្នុងសហគមន៍ក្រុមភេរវកម្មអាល់កៃដា ចាប់តាំងពីឪពុករបស់គេត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការមួយធ្វើឡើងដោយកងកម្លាំងរបស់អាមេរិកកាលពីឆ្នាំ២០១១មក។
ចំណាត់ការរបស់ក្រសួងការបរទេសនេះមានន័យថា ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យធ្វើពាណិជ្ជកម្មអ្វីទាំងអស់ជាមួយនឹងអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីភេរវករនោះ។
ហាមហ្សា ប៊ីន ឡាឌែន ត្រូវបានរាយការណ៍ថា បានចូលជាសមាជិកក្រុមអាល់កៃដាជាផ្លូវការកាលពីឆ្នាំ២០១៥ ហើយកាលពី២ឆ្នាំមុន ជននេះបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈនានា ដើម្បីលើកទឹកចិត្តឲ្យមានការវាយប្រហារភេរវកម្មទៅលើសហរដ្ឋអាមេរិកនាពេលអនាគត។ ជននេះក៏បានគំរាមសងសឹកចំពោះការស្លាប់របស់ឪពុកគេផងដែរ។
បន្ថែមពីលើនេះទៀត កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសអាមេរិកក៏បានប្រកាសថា ជនឈ្មោះ Ibrahim al-Banna ជនជាតិអេហ្ស៊ីប ដែលជាសមាជិកជាន់ខ្ពស់របស់ក្រុមអាល់កៃដានៅឧបទ្វីបអារ៉ាប់ ក៏ត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅភេរវករផងដែរ៕