មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានជំរុញឲ្យភ្នាក់ងារបោះឆ្នោតតាមតំបន់នានា ទាក់ទងក្រសួងសន្តិសុខជាតិ ដើម្បីទទួលបានជំនួយផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត នៅមុនការបោះឆ្នោតខែវិច្ឆិកាចូលមកដល់។
ក្រសួងសន្តិសុខជាតិ បានឲ្យដឹងថា រដ្ឋចំនួន ៣៣ និងខណ្ឌចំនួន ១១ បានទាក់ទងមកក្រសួងរួចហើយ ដើម្បីទទួលបានជំនួយក្នុងការពង្រឹងប្រព័ន្ធសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតរបស់ពួកគេនៅមុនការបោះឆ្នោត។
រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិលោក Jeh Johnson បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា៖ «ពេលវេលាជាកត្តាមួយ។ នៅសល់តែរយៈពេល ២៩ ថ្ងៃ ទៀតប៉ុណ្ណោះ មុនការបោះឆ្នោតចូលមកដល់»។ ក្រសួងបានបញ្ជាក់បន្ថែមទៀតថា ការស្វែងរកភាពងាយនឹងរងគ្រោះតាមប្រព័ន្ធអ៊ីនធឺណិតនៅតាមភ្នាក់ងារបោះឆ្នោតតាមតំបន់នីមួយៗ និងការកែប្រែប្រព័ន្ធអ៊ីនធឺណិតដែលរងគ្រោះឲ្យមានភាពប្រសើរឡើងវិញ អាចត្រូវការពេលរហូតដល់ ៣ សប្តាហ៍។
ក្រសួងសន្តិសុខជាតិ បានឲ្យដឹងបន្ថែមទៀតថា ការងាររបស់ខ្លួនមានដូចជា ការវាយតម្លៃពីភាពគ្រោះថ្នាក់ និងភាពងាយរងគ្រោះរបស់ប្រព័ន្ធអ៊ីនធឺណិត និងការស្កេនសម្អាតមេរោគតាមប្រព័ន្ធអ៊ីនធឺណិតទាំងអស់ពីចម្ងាយ។ ក្រសួងបានបញ្ជាក់ថា ខ្លួននឹងផ្ដល់ឲ្យមន្ត្រីបោះឆ្នោតតាមរដ្ឋ និងស្រុក ខណ្ឌ នានា នូវរបាយការណ៍បញ្ជាក់ពីភាពងាយរងគ្រោះប៉ះពាល់ដល់ប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតតាមអ៊ីនធឺណិត ដល់ប្រព័ន្ធរាយការណ៍លទ្ធផលបោះឆ្នោតនៅយប់នៃថ្ងៃបោះឆ្នោត និងដល់ប្រព័ន្ធបោះឆ្នោតផ្សេងៗទៀតដែលពាក់ព័ន្ធជាមួយនឹងអ៊ីនធឺណិត។
កាលពីថ្ងៃសុក្រកន្លងសប្តាហ៍មុន សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសរុស្ស៊ីថាបានធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាច្រើនដង ក្នុងគោលបំណងដើម្បីបំផ្លាញការបោះឆ្នោតដែលនឹងជិតឈានមកដល់របស់សហរដ្ឋអាមេរិក៕