ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​កម្លាំង​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ជួយ​កិច្ចការ​មនុស្សធម៌


នាវា​ចម្បាំង​ឈ្មោះ​ យ៊ូអេសអេស ឃ្លីវលិនដ៍ (USS​ Cleveland - LPD 7) បាន​ត្រូវ​រចនា​ទ្បើង​ដើម្បី​ដឹក​ជញ្ជូន​ក្រុម​ទាហាន​ម៉ារីន (Marines) ទៅ​កាន់​តំបន់​មាន​សង្គ្រាម។
នាវា​ចម្បាំង​ឈ្មោះ​ យ៊ូអេសអេស ឃ្លីវលិនដ៍ (USS​ Cleveland - LPD 7) បាន​ត្រូវ​រចនា​ទ្បើង​ដើម្បី​ដឹក​ជញ្ជូន​ក្រុម​ទាហាន​ម៉ារីន (Marines) ទៅ​កាន់​តំបន់​មាន​សង្គ្រាម។

កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​នឹង​បើក​បេសកកម្ម​ជំនួយ​មនុស្សធ៌ម​ប្រចាំ​ឆ្នាំ​ទី៦​របស់​ខ្លួន​នៅ​មហាសមុទ្រ​ ប៉ាស៊ីហ្វ៊ិក (Pacific) នៅ​ចុង​ខែ​នេះ​ ដើម្បី​ជួយ​ប្រទេស​នានា​ក្នុង​តំបន់​នេះ​ឱ្យ​ប្រុងប្រៀប​សម្រាប់​មហន្តរាយ​ធម្មជាតិ​នៅ​ពេល​អនាគត។​ នាវា​ចម្បាំង​ឈ្មោះ​ យ៊ូអេសអេស ឃ្លីវលិនដ៍ (USS​ Cleveland)បាន​ត្រូវ​រចនា​ទ្បើង​ដើម្បី​ដឹក​ជញ្ជូន​ក្រុម​ទាហាន​ម៉ារីន (Marines) ទៅ​កាន់​តំបន់​មាន​សង្គ្រាម។​ ក៏ប៉ុន្តែ​សម្រាប់​ពេល​ប្រាំ​ខែ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២១​ខែមីនា​ទៅ​ នាវា​ឃ្លីវលិនដ៍​ នឹង​ដឹកនាំ​ បេសកម្ម«ភាព​ជា​ដៃគូ​ប៉ាស៊ីហ្វ៊ិក» (Pacific​ Partnership) ដែល​ជា​បេសកកម្ម​ប្រចាំ​ឆ្នាំ​ខាង​ការ​ហ្វឹកហ្វឺន​និង​ខាង​ផ្តល់​ជំនួយ​មនុស្សធម៌​របស់​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក។

កប៉ាល់​ឃ្លីវលិនដ៍​ ជាមួយ​នាវា​ឯទៀតៗ​មកពី​កងទ័ព​ជើងទឹក​នៃ​សហរដ្ឋអាមេរិក ​អូស្ត្រាលី​ ញូវ៉ែលហ្សេឡង់ ​និង​ជប៉ុន​នឹង​ទៅ​ទស្សនា​ប្រទេស​នានា​ក្នុង​មហា​សមុទ្រ Pacific​ ដើម្បី​ហ្វឹកហ្វឺន​កងកម្លាំង​ក្នុង​មូលដ្ឋាន​អំពី​ការជួយ​សង្គ្រោះ​ក្នុង​ពេល​មាន​មហន្តរាយ។​ ក្រុម​ទាហាន​ជើងទឹក​មក​ពី​ប្រទេស​ទាំងនេះ​ក៏​នឹង​ធ្វើការ​ជាមួយ​អង្គការ​ជួយ​សង្គ្រោះ​ក្នុង​មូលដ្ឋាន​និង​អន្តរជាតិ​ ដើម្បី​រៀបចំ​ផែនការ​ឆ្លើយ​តប​ពេល​មាន​អាសន្ន​និង​ផ្តល់​ការ​ថែទាំ​ខាង​វេជ្ជសាស្ត្រ​និង​ជំនួយ​ខាង​ការ​កសាង​ដល់​សហគមន៍​ក្នុង​មូលដ្ឋាន។ ​ពួក​អ្នកបើក​ឧទ្ធម្ភាគចក្រ​មួយ​ក្រុម​មក​ពី​ប្រទេស​បារាំង​និង​ក្រុម​មក​ពី​ប្រទេស​កាណាដា ​ប្រទេស​សិង្ហបូរី​ និង​ប្រទេស​អេស៉្បាញ​ក៏​នឹង​ចូលរួម​ក្នុង​បេសកកម្ម​នេះ​ដែរ។

នៅ​ឆ្នាំ​នេះ ​បេសកកម្ម​នេះ​នឹង​ទៅ​ទស្សនា​ប្រទេស​ជាតិ​ជា​កោះ​ភាគច្រើន​គឺ​ប្រទេស​តុងហ្កា (Tonga) វ៉ានូអាទូ (Vanuatu) ទីម័រ​ខាងកើត​ និង​រដ្ឋ​សហព័ន្ធ​ ម៉ៃក្រូនីស៊ីយា​ (Micronesia)។​ បេសកកម្ម​នេះ​ក៏​នឹង​ឈប់​សំចត​នៅ​ក្នុង​ប្រទេស​ប៉ាពួរ ញូវ គីណេ (Papua-New ​Guinea)​ ផង​ដែរ។

មេ​បញ្ជាការ​នៃ​បេសកកម្ម​នេះ​គឺ​លោក​វរនាវីឯក​ ចីស្ស៊ី ​វិលសិន​ (Jesse​ Wilson) ថ្លែង​ថា៖

«គ្មាន​នរណា​ម្នាក់​អាច​ទស្សន៍ទាយ​អំពី​ពេលវេលា​និង​កន្លែង​ដែល​មហន្តរាយ​ធម្មជាតិ​អាច​កើត​មាន​បាន​ក្នុង​តំបន់​នេះ​ទេ។ ​ដូច្នេះ​ទោះណា​ជា​បេសកកម្ម​នេះ​ស្ថិត​ក្នុង​ប្រទេស​តុងហ្កា ​ឬ​ ក្នុង​ប្រទេស​វ៉ានូអាទូ​ក៏​ដោយ​ ក៏​យើង​ត្រូវការ​ឲ្យមាន​អារម្មណ៍​ល្អ​មួយ​នៅ​ក្នុង​ប្រទេស​ពិសេស​ទាំងអស់​នេះ​ដែល​យើង​ប្រហែល​ត្រូវ​ឆ្លើយតប​ថា​ តើ​រចនាសម្ព័ន្ធ​ខាង​ការ​ប្រុងប្រៀប​នៅ​ពេល​មាន​មហន្តរាយ​និង​អង្គការ​ជួយសង្គ្រោះ​ពេល​មាន​មហន្តរាយ​មាន​សភាព​បែប​ណា​នៅ​ក្នុងប្រទេស​នោះ»។

លោក​វរនាវីឯក​វីលសិន​ មាន​ប្រសាសន៍​ថា​នាវា​ទាំងនេះ​និង​ក្រុម​នាវិក​ព្រម​ទាំង​អង្គការ​ស៊ីវិល​ខាង​ជួយ​សង្គ្រោះ​ដែល​នឹង​ធ្វើការ​ជាមួយ​ពួក​ទាហាន​ជើងទឹក​ទាំង​នេះ​ក៏​នឹង​ជួយ​ដល់​គម្រោង​ការងារ​បច្ចុប្បន្ន​ក្នុង​ប្រទេស​ជា​អ្នក​ទទួលភ្ញៀវ​ទាំងនេះ​ដូចជា​ការ​កសាង​ឬ​ការ​ជួសជុល​ជា​ថ្មី​មន្ទីរព្យាបាល​គ្លីនិក​ សាលារៀន ​និង ​កន្លែង​ធ្វើ​ទឹក​ស្អាត​សម្រាប់​បរិភោគ។​ នាវា​ឃ្លីវលិនដ៍ ​មិនមែន​ជា​កប៉ាល់​ពេទ្យ​ទេ​ ក៏ប៉ុន្តែ​វា​មាន​គ្លីនិក​ទំនើប​មួយ ​ហើយ​នឹង​បញ្ជូន​ពួក​វេជ្ជបណ្ឌិត​និង​ក្រុម​គិលានុប្បដ្ឋាក​ឲ្យ​ទៅ​ព្យាបាល​ប្រជារាស្ត្រ​ក្នុង​មូលដ្ឋាន​ ពិនិត្យ​មើល​ធ្មេញ​និង​ផ្តល់វ៉ែនតា។

លោក​វរនាវីឯក​វីលសិន ​មាន​ប្រសាសន៍​ថា​ទោះណា​ជា​កងទ័ព​ជើង​ទឹក​កំពុង​គាំទ្រ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​អាហ្វហ្កានីស្ថាន​ ប្រយុទ្ធ​នឹង​ពួក​ចោរ​សមុទ្រ​ក្នុង​លំហ​សមុទ្រ​ទល់មុខ​នឹង​ឆ្នេរ​សមុទ្រ​ទ្វីប​អាហ្វ្រិក​ និង​បំពេញ​បេសកកម្ម​ខាង​សន្តិសុខ​រាប់​សិប​ទៀត​នៅ​ទូទាំង​ពិភពលោក​ក៏​ដោយ​ ក៏​ពួក​មេដឹកនាំ​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​មាន​ជំនឿ​ថា​ជា​ការ​មាន​សារៈសំខាន់​ក្នុង​ការ​បំពេញ​បេសកកម្ម​ដូច​បេសកកម្ម​លើក​នេះ។

«មាន​វិសាលគម​មួយ​នៃ​ការធ្វើ​សង្គ្រាម។ ​មាន​បេសកកម្ម​កម្រឹត​ខ្ពស់​ដែល​ទាក់ទិន​នឹង​សង្គ្រាម​ពីរ​ដែល​យើង​កំពុង​ប្រយុទ្ធ​នៅ​ពេល​សព្វថ្ងៃ​នេះ​ ហើយ​បន្ទាប់​មក​មាន​ជំនួយ​មនុស្សធម៌​និង​ការ​ជួយសង្គ្រោះ​គ្រា​មាន​អាសន្ន។ យើង​មិន​ឈប់​ធ្វើ​បេសកកម្ម​ណា​មួយ​របស់​យើង​ទេ​ ហើយ​យើង​មិន​ឈប់ធ្វើការ​ប្រុងប្រៀប​ឬ​ហ្វឹកហ្វឺន​ដើម្បី​ធ្វើ​បេសកកម្ម​ណា​មួយ​ដែល​យើង​ប្រហែល​មាន​កាតព្វកិច្ច​ត្រូវ​ធ្វើ។​ ស្តី​អំពី​ប្រភព​ធនធាន​វិញ​ពួក​មេដឹកនាំ​របស់​យើង​សន្យា​ថា​នឹង​ផ្តល់​ប្រាក់កាស​សម្រាប់​ការ​ហ្វឹកហ្វឺន​របស់​យើង​និង​ការ​ប្រុងប្រៀបរបស់​យើង​សម្រាប់​អ្វី​ដែល​យើង​ចាត់ទុក​ថា​ជា​ផ្នែក​សំខាន់​ណាស់​មួយ​នៃ​បេសកកម្ម​របស់​យើង»។

ភាព​ដៃគូ​នៃ​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វ៊ិក​ ដោយ​ផ្នែក​ បាន​ទទួល​ការ​បំផុស​គំនិត​ពី​មហា​រលកសមុទ្រ​ស៊ូណាមី​ក្នុង​មហាសមុទ្រ​ឥណ្ឌា​កាល​ពី​ឆ្នាំ​២០០៤​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដប្រជា​ថា​ សហរដ្ឋអាមេរិក​និង​ប្រទេស​ផ្តល់​ជំនួយ​ឯទៀតៗ​ធ្វើការ​សម្រប​សម្រួល​ឲ្យ​បាន​ល្អប្រសើរ​ជាង​មុន​ជាមួយ​ពួក​ប្រទេស​ក្នុង​តំបន់​ដើម្បី​ឆ្លើយ​តប​នឹង​មហន្តរាយ​ក្នុង​ពេល​អនាគត។​ បេសកកម្ម​ប្រាំ​លើក​មុន​បាន​បម្រើ​អ្នកជំងឺ​បី​សែន​នាក់​ក្នុង​ប្រទេស​១៣​ហើយ​បាន​ចូលរួម​ក្នុង​គម្រោងការ​វិស្វកម្ម​១៣០។​ លោក​វរនាវីឯក​វីលសិន ​បាន​មាន​ប្រសាសន៍​ថា​កំពុង​មាន​ការ​រៀបចំ​ផែនការ​សម្រាប់​បេសកកម្ម​មួយ​លើក​ទៀត​នៅ​ឆ្នាំ​ក្រោយ។

ប្រែ​សម្រួល​ដោយ​ ឈឹម ​សុមេធ

XS
SM
MD
LG