ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan បានព្យាករណ៍នៅថ្ងៃអាទិត្យម្សិលមិញថា ព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រងសំឡេងភាគច្រើនដោយគណបក្សប្រជាធិបតេយ្យ នឹងដកចេញគោលនយោបាយសង្គម ពីវិធានការនៃការចំណាយការពារជាតិប្រចាំឆ្នាំរបស់អាមេរិក ដែលត្រូវបានអនុម័តយល់ព្រមរួចហើយដោយរដ្ឋសភា ដែលគ្រប់គ្រងសំឡេងភាគច្រើនដោយគណបក្សសាធារណរដ្ឋ។
រដ្ឋសភាអាមេរិកកាលពីសប្តាហ៍មុន បានអនុម័តយល់ព្រមនូវកញ្ចប់ថវិកាការពារជាតិ ដែលមានទឹកប្រាក់៨៨៦ពាន់លានដុល្លារអាមេរិកដោយសំឡេងប្រកៀកប្រកិតគ្នា សម្រាប់ឆ្នាំសារពើពន្ធថ្មី ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលាខាងមុខនេះតទៅ ប៉ុន្តែបានយល់ស្របតាមការទាមទារ ពីសមាជិករដ្ឋសភាប្រកាន់តឹងមួយចំនួន នៃគណបក្សសាធារណរដ្ឋ ដែលជាគណបក្សអភិរក្សនិយម ដើម្បីដាក់បញ្ចូលជំពូកមួយចំនួន ដែលដាក់កម្រិតដល់ការអនុញ្ញាតការពន្លូតកូន សម្រាប់កងយោធាអាមេរិកមួយចំនួន ក៏ដូចជាកាត់ចេញការថែទាំព្យាបាលការប្តូរភេទ និងការបណ្តុះបណ្តាលចម្រុះផ្សេងៗមួយចំនួនផងដែរ។
លោក Sullivan បានថ្លែងប្រាប់កម្មវិធី «State of the Union» របស់ទូរទស្សន៍CNNថា ទម្រង់ខ្លឹមសារច្បាប់ដែលត្រូវបានអនុម័តដោយរដ្ឋសភាអាមេរិករួចហើយនោះ នឹងមិនអាចត្រូវបានបញ្ចូនទៅឱ្យលោកប្រធានាធិបតីចុះហត្ថលេខាឡើយ។
សភាអាមេរិកបានយល់ស្របគ្នាលើកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ស្តីពីការចំណាយខាងការពារជាតិអស់រយៈពេល៦ទសវត្សរ៍រួចមកហើយ ដោយចាត់ទុកថាវាជាបញ្ហាសន្តិសុខជាតិ ដើម្បីការពារប្រទេសអាមេរិកទាំងមូល។ ប៉ុន្តែក្រុមសមាជិករដ្ឋសភាប្រកាន់តឹងមួយចំនួនតូច នៃគណបក្សសាធារណរដ្ឋ បានជំរុញឱ្យមានការបោះឆ្នោតលើគោលនយោបាយសង្គម ដែលគេចង់ឱ្យក្រសួងការពារជាតិអាមេរិកបញ្ចប់រឿងនេះ ដោយដកចេញពីកញ្ចប់ថវិកាចំណាយរបស់ខ្លួន៕