ក្រុមអ្នកវិភាគនិយាយថា វិធានការខាងលើនេះ ភាគច្រើននឹងប៉ះពាល់ដល់ផលិតផលដែលផលិតនៅប្រទេសចិន ដូចជាម៉ាស៊ីនបំលែងអគ្គិសនីជាដើម។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃទី ១ ខែឧសភា ដោយហាមប្រាមមិនឲ្យប្រើឧបករណ៍ថាមពលក្នុងចំនួនច្រើនពីក្រុមហ៊ុនបរទេស នៅក្នុងបណ្តាញអគ្គិសនីនៅអាមេរិក ដោយសារតែព្រួយបារម្ភអំពីបញ្ហាសន្តិសុខ។
ក្រសួងថាមពលសហរដ្ឋអាមេរិក បានលើកឡើងថា យោងតាមច្បាប់បច្ចុប្បន្ន កិច្ចសន្យាសាងសង់ត្រូវបានផ្តល់ទៅឲ្យអ្នកដេញថ្លៃ ដែលត្រូវចំណាយតិចបំផុតសម្រាប់ការសាងសង់ប្រព័ន្ធថាមពលក្នុងចំនួនច្រើន ហើយនោះបង្កើតឲ្យមានភាពងាយរងគ្រោះដល់សហរដ្ឋអាមេរិក ដែលបង្កឡើងដោយអ្នកដែលមានចេតនាអាក្រក់។
រដ្ឋមន្រ្តីក្រសួងថាមពលសហរដ្ឋអាមេរិកលោក Dan Brouillette បាននិយាយថា «ការធានាសន្តិសុខក្នុងប្រព័ន្ធថាមពលក្នុងចំនួនច្រើន ដើម្បីទប់ទល់នឹងការកេងចំណេញ និងការគំរាមកំហែងវាយប្រហារពីបរទេស» គឺជារឿងចាំបាច់ដែលត្រូវតែធ្វើ។
ក្រុមអ្នកវិភាគជឿថា ការណ៍នេះមានន័យថា សហរដ្ឋអាមេរិក នឹងរៀបចំបញ្ជីប្រទេសសម្រាប់ការទិញឧបករណ៍បែបនេះ។ ទោះបីជា នៅក្នុងបទបញ្ជាមិនបានដាក់ឈ្មោះប្រទេសជាក់លាក់ណាមួយក៏ដោយ ក៏អ្នកសង្កេតការណ៍និយាយថា ប្រទេសចិននិងរុស្ស៊ី គឺជាប្រទេសសំខាន់ពីរ ដែលមានសមត្ថភាពគំរាមកំហែងដល់បណ្តាញអគ្គិសនីរបស់សហរដ្ឋអាមេរិក។
លោក Frank J. Cilluffo នាយកវិទ្យាស្ថាន McCrary ផ្នែកសន្តិសុខតាមអ៊ីនធឺណេត និងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ នៃសាកលវិទ្យាល័យ Auburn University បានប្រាប់ VOA ក្នុងសម្តីដើមថា៖
«នេះជាបញ្ហាសំខាន់មួយចំនួន ហើយវាមានភាពស្រដៀងគ្នាទៅនឹងការជជែកដេញដោលរឿងដែលទាក់ទងនឹងក្រុមហ៊ុន Huawei ក្រុមហ៊ុន ZTE សម្រាប់ការប្រើប្រាស់បណ្តាញទូរគមនាគមន៍ 5G។ វាច្បាស់ណាស់ថា លោកអ្នកចង់ឃើញឲ្យជាក់ច្បាស់ និងមានទំនុកចិត្ត លើខ្សែសង្វាក់ផ្គត់ផ្គង់ទាំងអស់នៅក្នុងប្រទេសរបស់លោកអ្នក»។
លោក Cilluffo បានថ្លែងបន្ថែមថា វិធានការនេះ គឺជា «ជំហានដ៏ប្រយ័ត្នប្រយែង»មួយ ដែលមានគោលដៅធានាសន្តិសុខផ្នែក «ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុត» ពីព្រោះហេដ្ឋារចនាសម្ពន្ធ័ដទៃទៀត ស្ទើរតែទាំងអស់ពឹងផ្អែកលើបណ្តាញអគ្គិសនីក្នុងការដំណើរការ។ លោក Cilluffo បានថ្លែងបន្តក្នុងសម្តីដើមថា៖
«ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គិសនី មានសារៈសំខាន់ខ្លាំង មិនមែនដោយសារតែការពឹងអាស្រ័យទៅលើវា តែមួយមុខនោះទេ។ នៅពេលដែលអ្នកក្រឡេកមើល ពីផលប៉ះពាល់ដោយសារការរាតត្បាតដោយជំងឺកូវីដ១៩ និងមនុស្សគ្រប់គ្នាធ្វើការនៅផ្ទះ នោះយើងឃើញថា មនុស្សកាន់តែមានការយល់ដឹងច្រើនពីភាពងាយរងគ្រោះមួយចំនួន។ ខ្ញុំគិតថា លោកអ្នកនឹងពិនិត្យកាន់តែច្បាស់ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់យើង»។
ប្រព័ន្ធថាមពលក្នុងចំនួនច្រើនសំដៅទៅលើទីតាំង និងប្រព័ន្ធត្រួតពិនិត្យ ដែលចាំបាច់សម្រាប់បណ្តាញអគ្គិសនីជាតិ។
ក្រោមបទបញ្ជាប្រតិបត្តិនេះ ក្រសួងថាមពល នឹងធ្វើការត្រួតពិនិត្យមណ្ឌលគ្រប់គ្រង ម៉ាស៊ីនផលិតថាមពលអគ្គីសនីខ្នាតធំ ម៉ាស៊ីនទួរប៊ីនផលិតថាមពលអគ្គិសនី ឧបករណ៍ទប់ភ្លើងអគ្គីសនីកុំឲ្យឡើងចុះហួសកម្រិត ម៉ាស៊ីនបំលែងនិងឧបករណ៍អគ្គិសនីផ្សេងៗទៀត ដើម្បី «កំណត់អត្តសញ្ញាណ តាមដានត្រួតពិនិត្យ និងដូរថ្មីទៅតាមការគួរ»។
នៅថ្ងៃចន្ទទី៤ ខែឧសភា កន្លងទៅនេះ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក៏បានប្រកាសផងដែរថា ខ្លួននឹងចាប់ផ្តើមដំណើរការស៊ើបអង្កេតទៅលើពន្ធគយ ហៅ Section ២៣២ ដើម្បីកំណត់ថា តើបរិមាណនៃឧបករណ៍បំលែងដែលនាំចូល និងការពាក់ព័ន្ធរបស់វា គំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិកដែរ ឬ ទេ។
បណ្តាញសារព័ត៌មាន Politico រាយការណ៍ថា មន្រ្តីនៃក្រសួងថាមពលមួយរូប បានថ្លែងថា ក្រុមហ៊ុនថាមពលអគ្គិសនីសហរដ្ឋអាមេរិក កំពុងទិញឧបករណ៍ដែលប្រើប្រាស់នៅក្នុងប្រព័ន្ធបណ្តាញអគ្គិសនីជាតិ ដូចជាម៉ាស៊ីនបំលែងថាមពលជាដើមពីសត្រូវបរទេសរបស់សហរដ្ឋអាមេរិក ដោយសារតែមានតម្លៃទាប។
ប្រទេសចិន បាននាំចេញម៉ាស៊ីនបំលែងថាមពលអគ្គិសនីធំៗ មកលក់នៅសហរដ្ឋអាមេរិកក្នុងតម្លៃទាប។ ទីផ្សារម៉ាស៊ីនបំលែងថាមពលអគ្គិសនីធំៗ ក្នុងប្រទេសចិន កំពុងបង្ហាញសញ្ញាថា មានច្រើនលើសលប់។
របាយការណ៍របស់ក្រសួងថាមពលនៅក្នុងឆ្នាំ ២០១៤ បានឲ្យដឹងថា មានក្រុមហ៊ុនប្រហែល ៣០ នៅក្នុងប្រទេសចិន ដែលអាចផលិតម៉ាស៊ីនបំលែងថាមពល បាន ២២០ គីឡូវ៉ាត់ និងខ្ពស់ជាងនេះ ហើយក្រុមហ៊ុនអន្តរជាតិធំៗ ដូចជា ABB ជាដើម កំពុងបង្កើតរោងចក្រនៅប្រទេសចិន។
លោក Charles Durant អនុប្រធានការិយាល័យប្រឆាំងនឹងការស៊ើបការណ៍សម្ងាត់នៃក្រសួងថាមពលសហរដ្ឋអាមេរិក បាននិយាយនៅក្នុងឆ្នាំ ២០១៩ ថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ម៉ាស៊ីនបំលែងថាមពលធំ ៗរបស់ចិនជាង ២០០ គ្រឿងបានចូលក្នុងប្រព័ន្ធថាមពលរបស់សហរដ្ឋអាមេរិក។
«នៅមុននោះ គឺមិនមានទាល់តែសោះ»។
លោក Cilluffo បានប្រាប់ VOAថា មានក្រុមលួចចូលវាយប្រហារបណ្តាញអគ្គិសនីរបស់ប្រទេសមួយ ក្នុងពេលកន្លងមក។
នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៥ ប្រព័ន្ធថាមពលនៃប្រទេសអ៊ុយក្រែន បានទទួលរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលបានបណ្តាលឲ្យដាច់ចរន្តអគ្គិសនីក្នុងទ្រង់ទ្រាយធំ។ ប្រទេសអ៊ុយក្រែន បានចោទសេវាកម្មសន្តិសុខរបស់រុស្ស៊ីថា ជាអ្នកនៅពីក្រោយការវាយប្រហារនេះ។
លោក Cilluffo បានថ្លែងបន្ថែមក្នុងសម្តីដើមថា៖
«ដូច្នេះ ប្រសិនបើលោកអ្នកគិតអំពី ការពឹងអាស្រ័យរបស់យើងទៅលើថាមពលអគ្គិសនីនោះ វាមិនមែនត្រឹមតែជារចនាសម្ព័ន្ធតែមួយប៉ុណ្ណោះទេ គឺវាប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់របស់យើង»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់