កងទ័ពអាមេរិក ត្រូវបានបញ្ជាឱ្យចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជាបន្ទាន់។ នេះបើយោងតាមលិខិតដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin។
បទបញ្ជានេះ បានកើតឡើងពីរថ្ងៃ បន្ទាប់ពីទីភ្នាក់ងារចំណីអាហារនិងឱសថ (FDA)អាមេរិក បានផ្តល់ការយល់ព្រមចុងក្រោយដល់វ៉ាក់សាំង Pfizer ដោយបើកផ្លូវឱ្យបុគ្គលិកយោធាជាង៨០០.០០០នាក់ ដែលមិនបានចាក់វ៉ាក់សាំងត្រូវចាក់ថ្នាំបង្ការនេះ។
បទបញ្ជានេះមិនបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងត្រូវតែបញ្ចប់នៅពេលណានោះទេ ប៉ុន្តែវាតម្រូវឱ្យសាខាយោធាធ្វើបច្ចុប្បន្នភាពជាប្រចាំថា តើដំណើរការយ៉ាងណា។
លោក Austin បាននិយាយនៅក្នុងបទបញ្ជានេះថា «ដើម្បីការពារប្រទេសជាតិនេះ យើងត្រូវការកម្លាំងដែលមានសុខភាពល្អ និងត្រៀមខ្លួនជាស្រេច។ បន្ទាប់ពីការពិគ្រោះយោបល់យ៉ាងល្អិតល្អន់ជាមួយអ្នកជំនាញខាងវេជ្ជសាស្ត្រ និងថ្នាក់ដឹកនាំយោធា និងដោយមានការគាំទ្រពីលោកប្រធានាធិបតី ខ្ញុំបានកំណត់ថា ការចាក់វ៉ាក់សាំងដែលជាតម្រូវការចាំបាច់ប្រឆាំងជំងឺកូវីដ១៩ គឺជាការចាំបាច់ដើម្បីការពារកងកម្លាំងនិងការពារប្រជាជនអាមេរិក»។
យោធាអាមេរិក នឹងចាត់ចែងការចាក់វ៉ាក់សាំងកងទ័ពនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។ បុគ្គលិកយោធា អាចជ្រើសរើសវ៉ាក់សាំងដោយខ្លួនឯងបាន។
ការចាក់ថ្នាំបង្ការដល់កងទ័ពឆ្មាំជាតិ អាចមានបញ្ហាប្រឈមបន្ថែមទៀត ពីព្រោះពួកគេប្រចាំការនៅរាយប៉ាយពាសពេញសហរដ្ឋអាមេរិក ហើយពួកគេប្រមូលផ្តុំគ្នាដើម្បីហ្វឹកហាត់ម្តងប៉ុណ្ណោះក្នុងមួយខែ។ បទបញ្ជានេះ អនុវត្តចំពោះតែវ៉ាក់សាំងរបស់ Pfizer ប៉ុណ្ណោះ។ វ៉ាក់សាំង Moderna បានដាក់សំណើទៅទីភ្នាក់ងារចំណីអាហារនិងឱសថដើម្បីសុំការយល់ព្រមពេញលេញសម្រាប់វ៉ាក់សាំងរបស់ខ្លួន។ ក្រុមហ៊ុន Johnson & Johnson បាននិយាយថា ខ្លួនសង្ឃឹមថា នឹងដាក់សំណើនៅចុងឆ្នាំនេះ។
គិតត្រឹមថ្ងៃទី១៨ ខែសីហា មន្ទីរបញ្ចកោណបាននិយាយថា កងទ័ពឆ្មាំជាតិនិងឆ្មាំជាតិសកម្មនិងបម្រុង ដែលមានចំនួនជាង ១លាននាក់ ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ហើយជិត ២,៥សែននាក់ទៀត បានចាក់យ៉ាងហោចណាស់មួយដូស។
មានកងទ័ពសកម្មជាង ១,៣លាននាក់ និងជិត ៨០០.០០០ នាក់ផ្សេងទៀត កំពុងបម្រើការនៅក្នុងឆ្មាំជាតិនិងកម្លាំងបម្រុង៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press