យោធាស.រ.អា និយាយថា ខ្លួនបានទម្លាក់អាវុធ គ្រាប់កាំភ្លើង និងឧបករណ៍ពេទ្យ តាមយន្តហោះឲ្យពួក Kurds ដែលការពារទីក្រុង Kobani នៅភាគខាងជើងនៃប្រទេសស៊ីរី កុំឲ្យធ្លាក់ចូលកណ្តាប់ដៃរបស់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ ការណ៍នេះ អាចធ្វើឲ្យប៉ះពាល់ដល់ការទាក់ទងរវាងអាមេរិក និងប្រទេសទួរគី។ បេសកកម្មផ្តល់ឧបករណ៍ជាលើកទីមួយរបស់ខ្លួននេះ ធ្វើឡើងគ្រាដែលលោករដ្ឋមន្ត្រីការបរទេសស.រ.អា John Kerry កំពុងស្ថិតនៅក្នុងទីក្រុង Jakarta ដើម្បីព្យាយាមបញ្ចុះបញ្ចូលក្រុមមេដឹកនាំអាស៊ីអាគ្នេយ៍ ឲ្យចូលរួមក្នុងអ្វីដែលមន្ត្រីស.រ.អា ម្នាក់ បានហៅថា ជាកិច្ចប្រឹងប្រែងទូទាំងពិភពលោកមួយ ដើម្បីកំចាត់អំពើនិយមជ្រុលដ៏ហិង្សានោះ។
ទីបញ្ជាការយោធាកណ្តាលរបស់ស.រ.អា និយាយថា យន្តហោះដឹកជញ្ជូនធុន C-130 របស់ខ្លួន៣គ្រឿង បានទម្លាក់ឧបករណ៍ជាច្រើនលើកដោយជោគជ័យ នៅក្នុងតំបន់ Kobani ដែលក្នុងនោះមានរួមទាំងអាវុធធុនតូច ដែលអាជ្ញាធរ Kurd នៅក្នុងប្រទេសអ៊ីរ៉ាក់ បានផ្តល់ផង។ ការទម្លាក់ឧបករណ៍តាមយន្តហោះដែលជាការធ្វើឡើងជាលើកទីមួយ ក្នុងការប្រយុទ្ធដើម្បីកាន់កាប់ទីក្រុងដែលស្ថិតនៅតាមទល់ដែននេះ ធ្វើឡើងដើម្បីអនុញ្ញាតឲ្យមានការតស៊ូប្រឆាំងជាមួយពួកសកម្មប្រយុទ្ធ ISIL ដែលព្យាយាមដណ្តើមយកទីក្រុង Kobani។
សេចក្តីប្រកាសរបស់ស.រ.អា និយាយថា ការទម្លាក់គ្រាប់បែកដែលនាំមុខដោយស.រ.អា ចំនួន១៣៥លើក នៅក្បែរទីក្រុង Kobani បានជួយបន្ថយការរុលទៅមុខរបស់ក្រុម IS នៅក្នុងសមរភូមិដែល ក្រសួងការពារប្រទេសអាមេរិក អះអាងថា បានសម្លាប់ពួក IS រាប់រយនាក់។ កាលពីថ្ងៃសុក្រមុន ឧត្តមសេនីយ Lloyd Austin នៃទីបញ្ជាការកណ្តាលរបស់ស.រ.អា បាននិយាយថា ការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ ធ្វើឡើងក្នុងគោលដៅបន្ថយកម្លាំងបញ្ជាការ និង ការក្តោបក្តាប់របស់ពួក IS និងការរស់រានមានជីវិត ជាបន្តទៅអនាគត។
«យើងកំពុងតែទទួលបានលទ្ធផលជាទីគាប់ចិត្ត ហើយយើងកំពុងតែស្វែងរកភស្តុតាង មិនត្រឹមតែនៅក្នុងការស្ទង់មើលការរងខូចខាតរបស់ពួកសត្រូវតែប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺយើងកត់សម្គាល់ឃើញការផ្លាស់ប្តូរឥរិយាបទ និងយុទ្ធវិធីរបស់ពួកសត្រូវ ដែលបង្ហាញឲ្យឃើញនូវការថមថយសមត្ថិភាព និងការមិនសូវមានសេរីភាពក្នុងការធ្វើដំណើរ។ ឧទាហរណ៍ យើងលែងឃើញពួកនេះ ធ្វើដំណើរជុំវិញប្រទេស ដោយការប្រើក្បួន convoy ធំៗទៀតហើយ។ ឥឡូវនេះពួកគេភាគច្រើនធ្វើដំណើរក្នុងរថយន្តស៊ីវិល ក្នុងចំនួនតិចវិញ។ ការទម្លាក់គ្រាប់បែកកំពុងរារាំងមិនឲ្យពួកនេះប្រមូលផ្តុំកម្លាំងដើម្បីធ្វើការប្រយុទ្ធ។ យើងបានឃើញពួកនេះផ្លាស់ប្តូរយុទ្ធសាស្ត្រគមនាគមន៍ ដែលកំពុងរារាំងមិនឲ្យពួកនេះ មានសមត្ថភាពរៀបចំកិច្ចប្រឹងប្រែងរបស់ពួកគេ»។
លោក Austin និយាយថា ក្រុម IS បានយកការដណ្តើមកាន់កាប់ទីក្រុង Kobani ធ្វើជាកិច្ចប្រឹងប្រែងសំខាន់របស់ខ្លួន ហើយបានព្រមានថា ទីក្រុងដែលស្ថិតនៅក្បែរទល់ដែនប្រទេសទួគីនេះ នៅតែអាចធ្លាក់ក្នុងកណ្តាប់ដៃរបស់ពួកនេះ ទោះជាលោកមានការលើកទឹកចិត្ត ដោយសារការតាំងចិត្តរបស់ពួកអ្នកប្រយុទ្ធ Kurd ក្នុងការតស៊ូទល់និងការបោះជំហានទៅមុខរបស់ពួក IS ក៏ដោយ។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា John Kerry ដែលបានស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែងរបស់លោកប្រធានាធិបតីថ្មី Joko Widodo នោះ បានស្វះស្វែងរកការគាំទ្រនៅអាស៊ី ក្នុងការប្រយុទ្ធទល់នឹងពួកសកម្មប្រយុទ្ធ IS ជាពិសេសស្វែងរកវិធីដើម្បីបង្អាក់ការស្វែងរកអ្នកប្រយុទ្ធបរទេសថ្មី។ លោកបានជួបជាមួយក្រុមមន្ត្រីពីប្រទេសឥណ្ឌូនេស៊ី អូស្ត្រាលី ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបូរី។
អ្នកជំនាញរឿងឥណ្ឌូណេស៊ី Peter McCawley នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី ថ្លែងថា រដ្ឋាភិបាលឥណ្ឌូណេស៊ី មិនប្រាកដជាមានការក្តោបក្តាប់ លើសហគមអ៊ីស្លាម នៅក្នុងប្រទេសដែលមានជនជាតិម៉ូស្លីមច្រើនជាងគេបង្អស់ ក្នុងពិភពលោកនោះទេ។
«សហគមន៍ម៉ូស្លីមក្នុងប្រទេសឥណ្ឌូណេស៊ី និងក្នុងពិភពលោក មិនមែនជាសហគមដែលរួបរួមគ្នានោះទេ។ ឧទាហរណ៍ពួកគេគ្មានមេដឹកនាំតែម្នាក់ទេ។ ពួកគេពុំមានមេដឹកនាំម្នាក់ ដូចសម្តេច ប៉ាប ឬ ដូចសម្តេច ដាឡៃ ឡាម៉ាទេ។ ពួកគេគ្មានមនុស្សម្នាក់ដែលតំណាងឲ្យសហគមន៍ឥណ្ឌូណេស៊ីទេ ។ គេមានមេដឹកនាំផ្សេងៗ ប៉ុន្តែមានផ្នែកជាច្រើននៅក្នុងសហគមន៍អ៊ីស្លាម ហើយពួកគេមិនទទួលស្គាល់អំណាចរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីទេ»។
មន្ត្រីម្នាក់ដែលធ្វើដំណើរជាមួយលោក John Kerry ថ្លែងថា លោកសង្ឃឹមថាប្រទេសឥណ្ឌូណេស៊ី និងប្រទេសអ៊ីស្លាមជិតខាងរបស់ខ្លួន គឺប្រទេសម៉ាឡេស៊ី និង ព្រុយណេ អាចដើរតួនាទីសំខាន់មួយ ក្នុងការប្រឈមជាមួយពួកអ៊ីស្លាម និយមជ្រុល។ លោកថ្លែងថា ស.រ.អា កំពុងតែស្វែងរកសហប្រតិបត្តិការកាន់តែច្រើនឡើងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីរារាំងដល់ការស្វែងរកអ្នកប្រយុទ្ធបរទេស ដើម្បីទប់កុំឲ្យពួកអ្នកប្រយុទ្ធបរទេសទាំងនេះ វិលត្រឡប់មកវិញ និងដើម្បីបង្ហាញអំពីគោលដៅអាក្រក់របស់ពួកនិយមជ្រុល និងដើម្បីទប់ស្កាត់ការរកប្រាក់ខុសច្បាប់របស់ពួកនេះ។
ប្រែសម្រួលដោយ ប៉ូច រាសី