រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានការពារសំណើកាត់ថវិកាពីផ្នែកការទូតនិងពីជំនួយអន្តរជាតិរបស់លោកប្រធានាធិតី ដូណាល់ ត្រាំ ដែលត្រូវបានរិះគន់យ៉ាងខ្លាំងពីក្រុមសមាជិកសភាមកពីគណបក្សទាំងពីរនៅអំឡុងពេលសវនាការសភាកាលពីថ្ងៃពុធ។
ប្រធានគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការបរទេសលោក Elliot Engel បានប្រាប់លោក Pompeo ថា សំណើថវិការបស់លោកប្រធានាធិបតីត្រូវបានច្រានចោលភា្លមៗនៅពេលបញ្ជូនមកដល់រដ្ឋសភា។
សំណើកាត់ថវិកា១១ពាន់លានដុល្លារចេញពីជំនួយការបរទេសសហរដ្ឋអាមេរិក និងក្រសួងការបរទេសត្រូវបានគេយកចិត្តទុកដាក់នៅអំឡុងពេលសវនាការសភាកាលពីថ្ងៃពុធ។ សំណើថវិកាសម្រាប់ឆ្នាំ២០២០របស់លោកប្រធានាធិបតីនឹងកាត់ថវិកាពីកម្មវិធីតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួន ការថែទាំសុខភាពសាកល និងពីកម្មវិធីផ្សេងៗទៀត។ ទាំងប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាខាងគណបក្សប្រជាធិបតេយ្យ និងសមាជិកសភាខាងគណបក្សសាធារណៈរដ្ឋបានប្រឆាំងនឹងការកាត់ថវិកានេះ ដូច្នេះសំណើកាត់ថវិកានេះប្រហែលជានឹងមិនត្រូវអនុម័តដោយសភាទេ។
សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យលោក Eliot Engel បានថ្លែងថា៖
«តាមទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ សំណើកាត់ថវិកានេះគឺជាសញ្ញាបង្ហាញប្រាប់ពិភពលោកថា គោលនយោបាយការបរទេសរបស់លោក ត្រាំ ស្ថិតក្នុងចំណោមគោលនយោបាយនានារបស់លោកដែលផ្តាច់ទំនាក់ទំនងជាមួយនឹងពិភពលោក។
នេះគឺជាការដកចេញពីអ្វីដែលការដឹកនាំរបស់អាមេរិកត្រូវការចាំបាច់បំផុត។ យើងដឹងថាមានប្រទេសដែលមិនផ្តល់តម្លៃដល់ប្រទេសយើង គឺប្រទេសចិន រុស្ស៊ី និងប្រទេសអ៊ីរ៉ង់។ ប្រទេសទាំងនេះពេញចិត្តក្នុងការកាត់បន្ថយជំនួយនេះ»។
ចំណែកឯសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋលោក Michael McCaul វិញបានថ្លែងថា៖ «ទោះជាយ៉ាងណាក៏ដោយ ខ្ញុំយល់ស្របជាមួយនឹងលោកប្រធានគណៈកម្មាធិការ។ ខ្ញុំជឿថាការកាត់បន្ថយថវិកាខ្លះ នឹងមានផលប៉ះពាល់ដល់ប្រទេសជាតិក្នុងរយៈពេលវែង។ ហើយនេះគឺជាការពិតដែលការកាត់ជំនួយនេះនឹងប៉ះពាល់ដល់កម្មវិធីជំនួយមនុស្សធម៌ និងការអភិវឌ្ឍ ដែលជាជំនួយសំខាន់ដើម្បីជួយលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ គាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ច និងជួយផ្តល់ធនធានសង្គ្រោះជីវិតដើម្បីជំរុញស្ថិរភាពនៅក្នុងតំបន់នានាដែលប្រឈមនឹងហានិភ័យនៃអំពើភេរវកម្ម និងមនោគមន៍វិជ្ជាជ្រុលនិយម»។
លោករដ្ឋមន្រ្តីការបរទេស Mike Pompeo បានថ្លែងថាលោកដឹងច្បាស់អំពីការគំរាមកំហែងដោយប្រទេសចិន និងរុស្ស៊ី ប៉ុន្តែលោកបាននិយាយថា រដ្ឋបាលត្រូវមានការប្រុងប្រយ័ត្នចំពោះការធ្លាក់បន្ទុកលើអ្នកបង់ពន្ធដែលជាពលរដ្ឋអាមេរិកាំង។
លោករដ្ឋមន្រ្តី Mike Pompeo បានថ្លែងថា៖ «យើងនឹងធ្វើឲ្យប្រាកដថា ប្រទេសចិននិងរុស្ស៊ីមិនអាចទាញយកអត្ថប្រយោជន៍ពីយុទ្ធសាស្រ្តនៅក្នុងសម័យកាលប្រកួតប្រជែងអំណាចនេះបានជាដាច់ខាត។ យើងនឹងបន្តការវិវត្តរបស់យើងឲ្យបានដល់ទីបញ្ចប់ និងលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងឲ្យបានទាំងស្រុង។ ហើយយើងនឹងគាំទ្រប្រជាពលរដ្ឋវេណេស៊ុយអេឡា ខណៈពួកគេកំពុងដើរទៅរកការកសាងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ពួកគេដោយសន្តិភាព»។
លោក Pompeo បាននិយាយបន្ថែមថា គម្រោងថវិកាថ្មីនេះនឹងស្នើឲ្យបង្កើតអាជ្ញាធរថ្មីមួយដើម្បីជួយគាំទ្រដល់អន្តរកាលលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសវេណេស៊ុយអេឡា រួមទាំងថវិកាជំនួយការបរទេសរហូតដល់៥០០លានដុល្លារផងដែរ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រិចន្តា