ចៅក្រមសហព័ន្ធសហរដ្ឋអាមេរិកបានបញ្ជាឲ្យរដ្ឋាភិបាលអាមេរិកអនុញ្ញាតឲ្យជនអន្តោប្រវេសន៍ដែលចូលមកក្នុងសហរដ្ឋអាមេរិកខុសច្បាប់ជួបជុំឡើងវិញជាមួយនឹងកូនៗរបស់ពួកគេ បន្ទាប់ពីរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបំបែកពួកគេមក។ នេះគឺជាដីកាបង្គាប់ដំបូងមួយរបស់តុលាការដើម្បីបញ្ឈប់បញ្ហានេះ លើកលែងតែករណីដែលឪពុកម្ដាយនោះអាចបង្កគ្រោះថ្នាក់ណាមួយដល់កូនៗរបស់ពួកគេ។
ចៅក្រមតុលាការថ្នាក់ស្រុកលោក Dana Sabraw បានសម្រេចចេញដីកាបង្គាប់នេះនៅក្នុងសំណុំរឿងមួយដែលប្ដឹងដោយអង្គការសហជីពសេរីភាពពលរដ្ឋអាមេរិកាំង (American Civil Liberties Union) តំណាងឲ្យក្រុមគ្រួសារមួយចំនួនដែលត្រូវបានអាជ្ញាធរបំបែកដោយការដាក់ឃុំឪពុកម្ដាយមួយកន្លែង និងកូនៗរបស់ពួកគេមួយកន្លែងផ្សេងពីគ្នា។
វិធានការដូចនេះបានធ្វើឲ្យក្មេងៗជាង ២៣០០នាក់ ត្រូវបានបំបែកចេញពីឪពុកម្ដាយរបស់ពួកគេ តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើតគោលនយោបាយ «គ្មានការអត់ឱន» កាលពី ២ ខែមុនមក ក្នុងគោលបំណងដើម្បីកាត់ទោសអ្នកទាំងឡាយណាដែលឆ្លងចូលមកក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់តាមព្រំដែន។
លោកចៅក្រមរូបនេះបានរិះគន់យ៉ាងចាស់ដៃទៅលើការអនុវត្តនូវគោលនយោបាយរបស់លោក ត្រាំ នេះ ដោយលោកបាននិយាយថា ទីភ្នាក់ងាររដ្ឋាភិបាលជាច្រើនដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខព្រំដែន ការពង្រឹងច្បាប់អន្តោប្រវេសន៍ ការឃុំឃាំង និងកម្មវិធីជនភៀសខ្លួន គឺមិនទាន់ត្រៀមលក្ខណៈរួចរាល់ដើម្បីសម្របសម្រួលនឹងលំហូរដ៏ច្រើននៃកុមារដែលត្រូវបានបំបែកពីឪពុកម្ដាយរបស់ពួកគេនោះទេ៕