ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ដាក់​បម្រាម​ទិដ្ឋាការ​មន្ត្រី​កម្ពុជា​ និង​គ្រួសារ


រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន (កណ្តាល) និយាយ​ទៅ​កាន់​មន្រ្តី​មួយ​រូប ខណៈ​ដែល​រដ្ឋមន្រ្តី​ក្រសួងការពារ​ជាតិ​លោក​ ទៀ បាញ់ និង​មន្រ្តី​ក្រសួង​ការពារជាតិ​ មួយ​ចំនួន​ទៀត​ ចុះ​ពី​យន្តហោះ​ បន្ទាប់​ពី​ដំណើរទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ឡាវ នៅ​ប្រលាន​យន្តហោះ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​សៅរ៍ ទី១២ ខែ​សីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន (កណ្តាល) និយាយ​ទៅ​កាន់​មន្រ្តី​មួយ​រូប ខណៈ​ដែល​រដ្ឋមន្រ្តី​ក្រសួងការពារ​ជាតិ​លោក​ ទៀ បាញ់ និង​មន្រ្តី​ក្រសួង​ការពារជាតិ​ មួយ​ចំនួន​ទៀត​ ចុះ​ពី​យន្តហោះ​ បន្ទាប់​ពី​ដំណើរទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ឡាវ នៅ​ប្រលាន​យន្តហោះ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​សៅរ៍ ទី១២ ខែ​សីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

គណបក្ស​សង្គ្រោះ​ជាតិ​ក៏​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​កិច្ចការ​នេះ​ជាមួយ​នឹង​ប្រទេស​មិត្តភក្តិ​ដូចជា ​ជប៉ុន ​និង​អូស្ត្រាលី ​​ដើម្បី​ធ្វើ​សកម្មភាព​រួមគ្នា​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្លាស់​ប្តូរ​គោលជំហរ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បានប្រកាស​ដាក់​បម្រាម​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ដែល​ធ្វើ​ឱ្យ​ខូច​ដល់​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។​

លោក​ស្រី ​Heather Nauert ​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖

«ជា​ការ​ឆ្លើយតប​ដោយ​ផ្ទាល់​នឹង​សកម្មភាព​ជាបន្តបន្ទាប់​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​ យើង​ប្រកាស​ថា ​លោក​រដ្ឋមន្ត្រី​ការបរទេស​នឹង​ដាក់​បម្រាម​មិន​ឱ្យ​ចូល​សហរដ្ឋ​អាមេរិក​នូវ​ជន​ទាំងឡាយ​ណា​ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​នៅក្​នុង​ប្រទេស​កម្ពុជា‍»។

រូបឯកសារ៖ លោក​ស្រី ​Heather Nauert ​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​
រូបឯកសារ៖ លោក​ស្រី ​Heather Nauert ​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​

លោកស្រី ​Nauert បន្ថែម​ថា ​សមាជិក​ក្រុម​គ្រួសារ​របស់​ជន​ទាំងនោះ​ក៏​នឹង​ត្រូវ​ហាមឃាត់​មិន​ផ្តល់​ទិដ្ឋាការ​ជូន​ដែរ។​

សហរដ្ឋ​អាមេរិក​បន្តអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រែក្លាយ​ស្ថានការណ៍​ឱ្យ​មក​ល្អ​ប្រសើរ​ឡើងវិញ​ដោយ​ក្នុង​នោះ​មាន​ការអនុញ្ញាត​ឱ្យ​គណបក្ស​ប្រឆាំង​ដំណើរការ​ឡើង​វិញ​ ដោះលែង​លោក​កឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អនុញ្ញាត​ឱ្យ​សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ឃោសនា​ដំណើរការ​ឡើង​វិញ។

សេចក្តី​ថ្លែងការណ៍​បន្ថែម​ថា៖

«សកម្មភាព​នេះ​នឹង​នាំ​ទៅ​ដល់​ការ​លើកលែង​ការ​ហាមឃាត់​ ការ​ធ្វើ​ដំណើរ​នេះ​ និង​បង្កើន​ឱកាស​នឹង​ទទួល​បាន​មក​វិញ​នូវ​ភាព​ស្រប​ច្បាប់​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨‍»។​

តុលាការ​កំពូល​កម្ពុជា​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ហើយ​ហាមឃាត់​មន្ត្រី ​គណបក្ស​ចំនួន​១១៨​នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។ ការណ៍​នេះ​បើកផ្លូវ​ឱ្យ​មានការ​យក​អាសនៈ​រដ្ឋ​សភា​ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មកបែងចែក​ឱ្យ​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​តូចៗ​ ដែល​មិន​ឈ្នះ​បាន​អាសនៈ​កាលពី​ការ​បោះឆ្នោតឆ្នាំ​២០១៣​ និង​២០១៧។

កញ្ញា ​កឹម មនោវិទ្យា ​អគ្គនាយករង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិបាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​ដែល​បាន​យក​ចិត្ត​ទុកដាក់​ដល់​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា៖

កញ្ញា​បន្ថែម​ថា៖ ​

«ខ្ញុំ​សង្ឃឹម​ថា ​ជំហាន​ជា​បន្ត​បន្ទាប់​ដែល​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ ​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើង​វិញ​ ដើម្បី​រក​ដំណោះសា្រយ​ឱ្យ​ប្រទេស​កម្ពុជា​ធ្វើ​ដំណើរ​ទៅមុខ​កុំ​ឱ្យ​ប៉ះពាល់​ដល់​ទណ្ឌកម្ម​ដទៃ​ទៀត»។​

រូបឯកសារ៖ កញ្ញា​ កឹម​ មនោវិទ្យា​ កំពុង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចពិភាក្សា​អំពី​ស្ថាន​ភាព​នយោបាយ​ប្រទេស​កម្ពុជា​ និង​តួនាទី​របស់​សហរដ្ឋ​អាមេរិក​ នៅ​ទីក្រុង​ Annandale​ រដ្ឋ​វឺជីនៀ ថ្ងៃ​ទី​ ៣​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​។ (លឹម​ ហ្គេច​ហៀង/VOA)
រូបឯកសារ៖ កញ្ញា​ កឹម​ មនោវិទ្យា​ កំពុង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចពិភាក្សា​អំពី​ស្ថាន​ភាព​នយោបាយ​ប្រទេស​កម្ពុជា​ និង​តួនាទី​របស់​សហរដ្ឋ​អាមេរិក​ នៅ​ទីក្រុង​ Annandale​ រដ្ឋ​វឺជីនៀ ថ្ងៃ​ទី​ ៣​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​។ (លឹម​ ហ្គេច​ហៀង/VOA)

គណបក្ស​សង្គ្រោះ​ជាតិ​ក៏​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​កិច្ចការ​នេះ​ជាមួយ​នឹង​ប្រទេស​មិត្តភក្តិ​ដូចជា ​ជប៉ុន ​និង​អូស្ត្រាលី ដើម្បី​ធ្វើ​សកម្មភាព​រួមគ្នា​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្លាស់​ប្តូរ​គោលជំហរ។

ការសម្រេច​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកស្រប​ទៅ​នឹង​គោលជំហរ​របស់​សេតវិមាន​ ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ថា​ សហរដ្ឋ​អាមេរិក​នឹង​ចាត់វិធានការ​ជាក់​លាក់​ ដើម្បី​ឆ្លើយ​តប​នឹង​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ធ្វើ​ឱ្យ​ខូច​ដល់​ការ​រីក​ចម្រើន​ខាង​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស។ សហរដ្ឋ​អាមេរិក​ចាត់​ទុក​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាងគេ ​និង​ហាមឃាត់​មន្ត្រី​គណបក្ស​មិន​ឱ្យ​ធ្វើ​នយោបាយ​ ព្រម​ទាំង​ការ​ចាប់​លោក​កឹម សុខា​ដាក់​ពន្ធនាគារ​ ការ​រឹតបន្តឹង​លើ​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល ​និង​បង្ក្រាប​លើ​បណ្តាញ​សារព័ត៌មាន​ឯករាជ្យ​គឺ​ជា​ ការ​ដើរ​ផ្ទុយ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​បាន​បញ្ចប់​ជម្លោះ ​និង​នាំ​លទ្ធិ​ប្រជាធិបតេយ្យ​មក​កម្ពុជា។

ស្ថានទូតកម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការសម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​បញ្ជាក់​ថា​ ខ្លួន​មិន​ភ្ញាក់ផ្អើល​ទេ។​

លោក​ជុំ ប៊ុនរ៉ុង​ឯកអគ្គរាជទូត​កម្ពុជា​បាន​ប្រាប់​ VOAថា៖

«ការសម្រេច​ចិត្ត​នេះ​មិន​ឈរ​លើ​សច្ចធម៌​ ការពិត​ដែល​ការពារ​សិទ្ធិ​ពលរដ្ឋ​ប្រទេស​នីមួយៗ​ និង​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស​មួយ​ទេ។ ច្បាប់​របស់​ប្រទេស​មួយ​ម៉េច​ក៏​មក​ប៉ះពាល់​សិទ្ធិ​ពលរដ្ឋ​ប្រទេស​មួយ​ទៀត?​ ការ​យក​លទ្ធិប្រជាធិបតេយ្យ​មក​អនុវត្ត​ធ្វើ​អ្វី​ស្រេច​នឹង​ចិត្ត​គឺជា ​ការ​បង្ខិតបង្ខំ​ទៅវិញ​ទេ‍»។​

រូបឯកសារ៖ លោក ជុំ ប៊ុនរ៉ុង ឯកអគ្គ​រាជទូត​ប្រទេស​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ (សឿន វឌ្ឍនា/VOA)
រូបឯកសារ៖ លោក ជុំ ប៊ុនរ៉ុង ឯកអគ្គ​រាជទូត​ប្រទេស​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ (សឿន វឌ្ឍនា/VOA)

ភ្លាមៗ​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​សហរដ្ឋ​អាមេរិក​ក៏បាន​ប្រកាស​បញ្ចប់​ការ​ផ្តល់​ជំនួយ​ថវិកា​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផង​ដែរ៕ ​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG