លោក Paul Ryan ប្រធានសភាតំណាងរាស្ត្រអាមេរិកាំងមិនយល់ស្របជាមួយអត្ថាធិប្បាយមួយដោយលោក Donald Trump ដែលបានត្រូវសន្មតថាជាបេក្ខជនប្រធានាធិបតីស.រ.អ.ខាងគណបក្សសាធារណរដ្ឋអំពីការជាប់ពូជសាសន៍អំបូរ ម៉ិស៊ិកនៃចៅក្រមម្នាក់នៅក្នុងបណ្តឹងរួមមួយប្រឆាំងនឹងសាកលវិទ្យាល័យ Trump ដោយលោកបានមានប្រសាសន៍ថា អត្ថាធិប្បាយនេះជា«ការមិនអាចការពារបានទេ»។
នៅពេលត្រូវសួរកាលពីថ្ងៃអង្គារអំពីអត្ថាធិប្បាយរបស់លោក Trump លោក Ryan បានមានប្រសាសន៍ថា «ខ្ញុំសោកស្តាយអំពីអត្ថាធិប្បាយទាំងនោះដែលលោក Trump បានធ្វើ។ ការអះអាងថាមនុស្សម្នាក់មិនអាចធ្វើការងាររបស់គេបានដោយសារអំបូរពូជសាសន៍របស់គេគឺដូចជានិយមន័យនៃពាក្យរើសអើងខាងពូជសាសន៍ដែលមានចែងនៅក្នុងសៀវភៅសិក្សា»។
ក៏ប៉ុន្តែលោកមិនដកការគាំទ្ររបស់លោកពីលោក Trump ដែលលោកបានធ្វើកាលពីសប្តាហ៍មុនទេហើយលោកបាននិយាយថាលោកគ្មានជំនឿថាលោកស្រី Hillary Clinton ដែលជាគូប្រជែងខាងគណបក្សប្រជាធិបតេយ្យជា«ចម្លើយ»នោះទេ។
លោក Ryan បានធ្វើអត្ថាធិប្បាយរបស់លោកនៅក្នុងការចេញបង្ហាញខ្លួនមួយនៅឯកន្លែងជ្រកកោនមួយសម្រាប់ស្ត្រីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
កាលពីសប្តាហ៍មុនលោក Trump បាននិយាយថា លោកមានអារម្មណ៍ថាចៅក្រម Gonzalo Curiel ដោយសារ ការជាប់អំបូរម៉ិកស៊ិករបស់លោក មិនអាចកាត់ក្តីដោយយុត្តិធម៌នៅក្នុងបណ្តឹងមួយដែលបានចោទប្រកាន់លោកពីបទគៃបន្លំ។លោក Curiel ជាជនជាតិអាមេរិកាំងកើតនិងធំធាត់នៅក្នុងរដ្ឋ Indiana នាប៉ែកកណ្តាលខាងលិចស.រ.អា.។
ទោះណាជាមានការរិះគន់ពីគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋក៏ដោយក៏លោក Trump បានប្រកែកមិនព្រមដកថយពីសេចក្តីថ្លែងទាំងនោះទេ។
លោក Ben Sasse ដែលជាសមាជិកព្រឹទ្ធសភាស.រ.អា.ខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Nebraska ដែលបានរិះគន់លោក Trump ជាច្រើនដងនៅក្នុងពេលធ្វើការឃោសនាបោះឆ្នោតបានសរសេរនៅលើបណ្តាញទ្វីទ័រថា «ការនិយាយថានរណាម្នាក់មិនអាចធ្វើការងារពិសេសមួយបានដោយសារអំបូរពូជសាសន៍របស់ជននេះ ជានិយមន័យត្រង់ៗនៃពាក្យថា«ការប្រកាន់ពូជសាសន៍»៕