កាលពីយប់ថ្ងៃព្រហស្បតិ៍ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងសិល្បៈករកម្ពុជាផលិតបទចម្រៀងថ្មី បានចែករំលែកបទពិសោធន៍ក្នុងកិច្ចពិភាក្សាស្តីពីកម្មសិទ្ធិបញ្ញា និងឧស្សាហកម្មតន្រ្តីកម្ពុជា ដើម្បីអបអរទិវាកម្មសិទ្ធិបញ្ញាពិភពលោក។ ក្នុងកិច្ចពិភាក្សានោះ មានការរំពឹងថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ច្រើនការអនុវត្តកម្មសិទ្ធិបញ្ញា។
ស្ថានទូតអាមេរិកប្រចាំកម្ពុជា និងអ្នកសិល្បៈផលិតបទចម្រៀងថ្មី នៅសប្តាហ៍នេះបានប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ដោយរំពឹងថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ច្រើនពីការតែងនិពន្ធថ្មីៗ ដោយមិនមានការថតចម្លង។
នៅយប់ថ្ងៃព្រហស្បតិ៍នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងសិល្បៈករកម្ពុជាផលិតបទចម្រៀងថ្មី បានចែករំលែកមតិ និងបទពិសោធន៍ក្នុងកិច្ចពិភាក្សាស្តីពីកម្មសិទ្ធិបញ្ញា និងឧស្សាហកម្មតន្រ្តីកម្ពុជា ដើម្បីអបអរទិវាកម្មសិទ្ធិបញ្ញាពិភពលោក នៅមជ្ឈមណ្ឌលបុប្ផាណា ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ព្រមទាំងអ្នកសិល្បៈ និងផលិតករជាតិ អន្តរជាតិមួយចំនួនទៀត។
លោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាថ្លែងថា កម្មសិទ្ធិបញ្ញាកំពុងត្រូវបានអនុវត្តនៅទូទាំងពិភពលោក រួមទាំងនៅក្នុងប្រទេសកម្ពុជាផង។ លោកបន្ថែមថា ការពង្រឹងការការពារកម្មសិទ្ធិបញ្ញាពីការលួចចម្លង នឹងធ្វើឲ្យអ្នកផលិត និងអ្នកពាក់ព័ន្ធទទួលបានផលប្រយោជន៍។
លោក William A. Heidt ថ្លែងទៅកាន់អ្នកចូលរួមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«ការលួចចម្លងកម្មសិទ្ធិបញ្ញា នឹងធ្វើឲ្យសិល្បករ ក៏ដូចជាក្រុមហ៊ុនផលិតមិនមានភាពរីកចម្រើននោះទេ។ ហើយជាការពិតណាស់ ប្រសិនបើមានការការពារកម្មសិទ្ធិបញ្ញាដ៏រឹងមាំនៅម្ពុជា នោះអ្នកបង្កើតស្នាដៃដែលជាផលិតផលដើម ពួកគេនឹងទទួលបានផលប្រយោជន៍។ ប្រសិនបើពួកគេទទួលបានអត្ថប្រយោជន៍ ដូច្នេះបរិយាកាសពាណិជ្ជកម្មកម្ពុជា និងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជានៅជុំវិញពិភពលោកក៏ទទួលបានប្រយោជន៍ ពីព្រោះមនុស្សនឹងឃើញផលិតផលខ្មែរទាំងអស់នេះ»។
កញ្ញា Nikki Nikki អ្នកចម្រៀងបទនិពន្ធថ្មីមួយរូប ដែលបានចូលរួមក្នុងការប្រារព្ធទិវាកម្មសិទ្ធិបញ្ហាពិភពលោកនោះលើកឡើងថា កញ្ញាមានមោទនភាពក្នុងនាមជាអ្នកចម្រៀងមួយរូបដែលបានបង្កើតបទចម្រៀងថ្មីៗ មិនចម្លងពីគេជាច្រើនបទ។ កញ្ញាបន្ថែមថា បើទោះបីជាបទចម្រៀងរបស់កញ្ញាមិន ត្រូវបានគេលួចចម្លងក្តី ប៉ុន្តែកញ្ញាថា ការលួចចម្លងការតែងនិពន្ធ ឬបទចម្រៀងរបស់អ្នកដទៃ ឬពីបរទេស នៅកម្ពុជា នៅតែជាបញ្ហាដែលកំពុងកើតមាន និងគួរឲ្យបារម្ភ។
កញ្ញា Nikki Nikki បន្ថែមថា ការតែងនិពន្ធថ្មីដោយខ្លួនឯង គឺជាផ្នែកមួយដែលអាចជួយលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។
កញ្ញាបញ្ជាក់ថា៖
«ពីដើមឡើយគឺយើង Copy [ចម្លង] បទចម្រៀងច្រើន អញ្ចឹងទៅទី១យើងអត់បានបង្កើតអីដែលជារបស់យើង ហើយមិនត្រឹមតែប៉ុណ្ណឹងគឺយើងលួចរបស់គេ។ អ៊ីចឹង ឥឡូវហ្នឹងដោយសារយើងមាន Original Lyric [អត្ថបទដើម] ច្រើន ដែលគាត់កំពុងតែងនិពន្ធចម្រៀងខ្លួនឯងអញ្ចឹង ខ្ញុំគិតថាវាសំខាន់ណាស់សម្រាប់ស្រុកខ្មែរយើង វាជួយលើកមុខមាត់ប្រទេសយើង វាជួយផ្តល់បទពិសោធន៍សម្រាប់ពួកយើង កុំឲ្យថាយើងអ្នកចម្រៀងចេះច្រៀងតែមួយមុខ យើងចេះលេងភ្លេង ចេះតែងនិពន្ធអីអញ្ចឹងទៅ ដើម្បីឲ្យតម្លៃរបស់ពួកយើងវាឡើងទៅតាមហ្នឹងដែរ»។
កម្មសិទ្ធិបញ្ញានៅកម្ពុជាត្រូវបានបែងចែកជាពីប្រភេទធំៗ គឺកម្មសិទ្ធិឧស្សាហកម្ម និងសិទ្ធិអ្នកនិពន្ធ។
ចាប់តាំងពីអំឡុងដើមទសវត្សឆ្នាំ២០០០មក ការលួចចម្លងស្នាដៃពាក់ព័ន្ធនឹងសិទ្ធិអ្នកនិពន្ធ បាននិងកំពុងកើតមានយ៉ាងចម្រូងចម្រាសនៅកម្ពុជា។ ការលួចចម្លងទាំងនោះកើតឡើងក្រោមរូបភាពពីរយ៉ាង គឺការលួចទាំងស្រុង និងការលួចចម្លងបែបសិទ្ធិប្រហាក់ប្រហែល ដូចជាការកែសាច់រឿងអត្ថបទ បទភ្លេង ឬអត្ថន័យបទចម្រៀងរបស់គេយកមកសរសេរបន្ថែមបន្ថយ មកធ្វើជារបស់ខ្លួនឯងជាដើម។
លោក ចំរើន ចំរុង ប្រធានការិយាល័យគ្រប់គ្រងសិទ្ធិ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចូលរួមក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកនោះដែរ បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយប្រាប់ថា មិនមានការអនុញ្ញាតពីថ្នាក់លើ ដើម្បីផ្តល់សម្ភាសន៍។
យ៉ាងណាក៏ដោយ បើតាមច្បាប់ស្តីពីកម្មសិទ្ធិបញ្ហា ពាក់ព័ន្ធនឹងការរំលោភសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ការរំលោភលើសិទ្ធិទាំងនេះ នឹងត្រូវប្រឈមការពិន័យជាប្រាក់ពី៥លានរៀល ទៅ២៥លានរៀល និងអាចប្រឈមនឹងការផ្តន្ទាទោសពី៦ខែ ដល់១ឆ្នាំ៕