ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិកបន្តសួរកម្ពុជាអំពីមូលដ្ឋានទ័ពរាមនិងជំរុញកម្ពុជាបើកលំហ​ប្រជាធិបតេយ្យ


រូបឯកសារ៖ នាវិក​ឈរ​យាម​ល្បាត​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​នៅ​ខេត្ត​ព្រះសីហនុ កាល​ពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ នាវិក​ឈរ​យាម​ល្បាត​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​នៅ​ខេត្ត​ព្រះសីហនុ កាល​ពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩។

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក​លោក Daniel J. Kritenbrink ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​សប្តាហ៍​មុន បាន​ចោទ​សួរ​រដ្ឋាភិបាល​កម្ពុជា​អំពី​បញ្ហា​នៅ​មូលដ្ឋាន​ទ័ព​សមុទ្រ​រាម ហើយ​ក៏​បាន​ជំរុញឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​បើក​លំហលទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

នៅ​ក្នុង​ទស្សនកិច្ច​ផ្លូវ​ការ​រយៈ​ពេល​ពីរថ្ងៃ កាល​ពី​ថ្ងៃទី​ ២៦ និង​ថ្ងៃទី​ ២៧ ខែ​កុម្ភៈ របស់​ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបទេស​រូប​នេះ លោក​បាន​ជួប​ជាមួយ​នឹង​នាយក​រដ្ឋមន្រ្តី​កម្ពុជា​លោក ហ៊ុន ម៉ាណែត និង​លោក ទៀ សីហា រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ។ លោក​ក៏​បាន​បំពេញ​ទស្សនកិច្ច​នៅ​បណ្តាប្រទេស​ផ្សេង​ទៀត​ដែល​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគេ្នយ៍ ហៅ​កាត់​ថា​អាស៊ាន​ រួម​មាន​សិង្ហបុរី ​ថៃ ​វៀតណាម​ និង​ព្រុយណេ​ផង​ដែរ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ​អ្នក​សារព័ត៌មាន​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក​លោក Daniel J. Kritenbrink បាន​លើក​ឡើង​ថា លោក​បាន​ជួបនិង​ពិភាក្សា​ជាមួយ​លោក ហ៊ុន ម៉ាណែត និង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា អំពី​ទំនាក់​ទំនង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ក៏​ដូចជា​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ព្រម​ទាំង​លំហ​សេរីភាព​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ផង​ដែរ។

លោក Daniel J. Kritenbrink បន្ត​ថា ​ភាគី​ទាំង​ពីរ​ក៏​បាន​ជជែក​គ្នា​លើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ដែល​កំពុង​តែ​មាន​ដូចជា​ការ​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង ការ​ថ្កោល​ទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន កម្មវិធី​ជំនួយ​បរទេស ប្រតិបត្តិការ​ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន​នៅ​កម្ពុជា និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់។

លោក​ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ភាសា អង់គ្លេស និង​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖ «យើង​ក៏​បាន​លើក​ឡើង​អំពី​ផ្នែក​ផ្សេង​ទៀត រួមទាំង​ផ្នែក​នៃ​ភាព​ខុសគ្នា​ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស ការ​ជួញដូរ​មនុស្ស និង​លំហ​សេរីភាព​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី និង​ឯករាជ្យ។ ខ្ញុំ​ក៏​បាន​ជម្រាប​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា​សហរដ្ឋ​អាមេរិក​នៅ​តែ​ប្តេជ្ញា​ចិត្ត​ចំពោះ​ប្រជាជន​កម្ពុជា និង​បំណង​ប្រាថ្នា​របស់​ពួក​គេ​សម្រាប់​ការ​រីកចម្រើន​នៃ​ប្រទេស ប្រជាធិបតេយ្យ និង​ឯករាជ្យ ដែល​សំឡេង​ទាំងអស់​ត្រូវ​បាន​ស្តាប់​ឮ គោរព ហើយ​អធិបតេយ្យភាព​របស់​កម្ពុជា​ត្រូវ​បាន​ការពារ»។

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Daniel J. Kritenbrink និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចាប់ដៃស្វាគមន៍គ្នា នៅក្នុងជំនួបមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ (Facebook/U.S. Embassy Phnom Penh, Cambodia)
ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Daniel J. Kritenbrink និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចាប់ដៃស្វាគមន៍គ្នា នៅក្នុងជំនួបមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ (Facebook/U.S. Embassy Phnom Penh, Cambodia)

បើ​តាម​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃទី​ ២៦ ​ខែ​កុម្ភៈ​ ឆ្នាំ ​២០២៤​ លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត​ បាន​លើក​ឡើង​នៅ​ចំពោះ​មុខ​ឧបការី​អាមេរិក​អំពី​វឌ្ឍន​ភាព​នៃ​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំ​ងពីរ ​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី។​

អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​បញ្ជាក់​ថា៖ «ក្នុង​ជំនួបនេះ ​សម្តេច​ធិបតី​ និង​ឯកឧត្តម ​Daniel J. Kritenbrink ​បាន​ពិភាក្សា​អំពី​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរបន្ថែម​ទៀត​លើ​វិស័យ​ដែល​ផ្តល់​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ​រួមមាន​វិស័យ​ពាណិជ្ជ​កម្ម ​វិនិយោគ​ ទំនាក់​ទំនង​ប្រជាជន​ និង​ប្រជាជន ​ព្រម​ទាំង​វិស័យ​ការ​ពារជាតិ ​និង​សន្តិសុខ​ជា​ដើម»។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ លោក Daniel J. Kritenbrink ឱ្យ​ដឹង​ថា ​លោក​បាន​ពិភាក្សា​អំពី​ការ​ព្រួយ​បារម្ភ​របស់​អាមេរិក​លើ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​ដែល​ចិន​កំពុង​ជួយ​ធ្វើ​ទំនើប​កម្ម និង​ឥទ្ធិពល​របស់​ចិន​ក្នុង​ការ​ប្រើប្រាស់​សំណង់​ទាំង​នោះ។

លោក​ថ្លែង​ថា៖ «...យើង​ពិត​ជា​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា ទាក់ទង​នឹង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ហើយ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​យ៉ាង​ច្បាស់ និង​តម្លាភាព ពីមុន​មក​ថា​សហរដ្ឋ​អាមេរិក និងប្រទេស​មួយចំនួន​នៅក្នុង​តំបន់​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​គោល​បំណង​និង​វិសាលភាព​នៃ​ការ​សាងសង់​មូលដ្ឋាន​ទ័ព​ជើង​ទឹករាម ក៏ដូចជា​តួនាទី​ដែល​យោធា​របស់​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​កំពុង​ដើ​រតួ​ក្នុង​ដំណើរ​ការ​នេះ ហើយ​និង​ការ​ប្រើប្រាស់​កន្លែង​សំណង់​មូលដ្ឋាន​នេះ​ក្នុង​ពេល​អនាគត»។

យ៉ាង​ណាមិញ លោក​បាន​បញ្ជាក់​ថា ​សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​គោរព​គោល​ជំហរ​របស់​កម្ពុជា ហើយ​ធានា​ថា​ប្រទេស​ជា​ដៃ​គូ​ក្នុង​តំបន់​អាច​ធានា​នូវ​អធិបតេយ្យភាព​របស់​ខ្លួន។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពីអ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បាន​នៅ​ឡើយ​ទេ។

ទោះជា​យ៉ាង​ណាក្តី ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​បក​ស្រាយ​ច្រើន​លើក​ច្រើន​សា​ថា ​មូលដ្ឋាន​នេះ​នឹង​មិន​អាច​ក្លាយ​ជា​ទីតាំង​ផ្តាច់​មុខ​របស់​កងទ័ព ចិន​ទេ ហើយ​ជាង​នេះ​ទៀត​ មូលដ្ឋាន​នេះ​នឹង​ក្លាយ​ជា​ទីតាំង​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​រវាង​កងទ័ព​កម្ពុជា និង​ប្រទេស​ផ្សេង​ទៀត​ តែ​ជា​សមយុទ្ធ​បែប​សង្គ្រោះ​បន្ទាន់​ពេល​មាន​គ្រោះ​អាសន្ន​កើត​ឡើង។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ប៉ែន បូណា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ការ​លើក​ឡើង​របស់​ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក​ជា​«រឿង​ដដែល» ដោយ​លោក​បាន​បញ្ជាក់​ថា​កន្លង​ទៅថ្នាក់​ដឹកនាំ​កម្ពុជា​ក៏​បាន​ពន្យល់ និង​ថែម​ទាំង​បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​សារព័ត៌មាន និង​ភាគី​ពាក់ព័ន្ធ​ទៅ​មើល​ដល់​ទីតាំង​មូលដ្ឋាន​ទ័ព​រាម​ផង​ដែរ។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​ ២០២៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​នៅ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ថា​ កម្ពុជា​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ជ្រៀត​ជ្រែក​រដ្ឋ​ឯករាជ្យ និង​មិន​អនុញ្ញាត​ឱ្យ​បរទេស​ណាមួយ​សាង​សង់​មូលដ្ឋាន​ទ័ព​នៅ​កម្ពុជា​ឡើយ។

គួរ​រំឭក​ថា កាល​ពី​ខែ​មិថុនា ឆ្នាំ​ ២០២២ កម្ពុជា​និង​ចិន​បាន​បើក​ការដ្ឋាន​សាង​សង់​សំណង់​នានា​នៅ​មូល​ដ្ឋាន​បញ្ជា​ការដ្ឋាន​កងទ័ព​រាម ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន និង​សាងសង់​ដោយ​ក្រុម​កង​ទ័ព​រំដោះ​ប្រជាជន​ចិន។ ការ​ធ្វើ​ទំនើប​កម្ម​នេះ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​បង្ហាញ​ការ​សង្ស័យ​ថា​អាច​ប្រើ​ប្រាស់ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​កង​ទ័ព​របស់​ចិន​នា​ពេល​ណាមួយ ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់ ទប់​ទល់​នឹង​អាមេរិក ប៉ុន្តែ​កម្ពុជា​បាន​បដិសេធ​ជា​បន្ត​បន្ទាប់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG