ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ធានា​ដល់​ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន


លោក James Mattis រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ជួប​ជាមួយ​នឹង​លោក Fumio Kishida រដ្ឋ​មន្រ្តី​ការបរទេស​ជប៉ុន​នៅ​ក្រសួង​ការបរទេស​ជប៉ុន​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក James Mattis រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ជួប​ជាមួយ​នឹង​លោក Fumio Kishida រដ្ឋ​មន្រ្តី​ការបរទេស​ជប៉ុន​នៅ​ក្រសួង​ការបរទេស​ជប៉ុន​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក​ James Mattis រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ក្នុង​ទីក្រុង​តូក្យូ​នៅ​ថ្ងៃសុក្រ​នេះ​ថា​ សហរដ្ឋ​អាមេរិក​ឈរ​យ៉ាង​រឹងមាំ ១០០ភាគរយ ដោយ​ស្មា​ប្រកៀក​ស្មា​ជាមួយ​នឹង​ប្រទេស​ជប៉ុន។​

លោក Mattis បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ជា​លើក​ទី​មួយ​ចាប់​តាំង​ពី​លោក​បាន​ក្លាយ​ជា​រដ្ឋ​មន្ត្រី​ការពារ​ជាតិ ហើយ​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​នេះ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​ជាមួយ​នឹង​លោក ​Shinzo Abe នាយក​រដ្ឋ​មន្ត្រី​ជប៉ុន។

លោក​ក៏​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ថា​ បើសិន​ជា​ប្រទេស​កូរ៉េ​ខាង​ជើង​ហ៊ាន​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​មក​លើ​សហរដ្ឋ​អាមេរិក ឬ​សម្ព័ន្ធមិត្ត​ណា​មួយ​របស់​ខ្លួន​គឺ​នឹង​រង​ការ​ឆ្លើយតប​វិញ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ធ្ងន់ធ្ងរ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​និង​ប្រទេស​ជប៉ុន​គឺ​ដើម្បី​ធានា​ដល់​សម្ព័ន្ធមិត្ត​អាស៊ី​ទាំង​ពីរ​ពី​ចំណង​សម្ព័ន្ធភាព​យូរអង្វែង​ជាមួយ​នឹង​ប្រទេស​ទាំង​ពីរ​នេះ។

លោក​ប្រធានាធិបតី​ ដូណល់ ត្រាំ បាន​គំរាម​កាលពី​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថា​ លោក​នឹង​ដក​កង​កម្លាំង​សហរដ្ឋ​អាមេរិក​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និងជប៉ុន​ប្រសិនបើ​ពួកគេ​មិន​បង់ប្រាក់​ដល់​ការ​គាំទ្រ​ផ្នែក​យោធា​ដែល​ពួកគេ​ទទួល​ពី​សហរដ្ឋ​អាមេរិក​ទេ។ មាន​ទាហាន​អាមេរិក​ចំនួន​២៨.៥០០នាក់​ឈរ​ជើង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​៤៧.០០០នាក់​ឈរ​ជើង​នៅ​ប្រទេស​ជប៉ុន៕​

XS
SM
MD
LG