ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ការពារ​វិធានការ​របស់​ខ្លួន​ចំពោះ​ការ​កើនឡើង​នៃ​ចំនួន​កុមារ​ចំណាក​ស្រុក​នៅ​ព្រំដែន​ភាគ​និរតី


កុមារ​សុំ​សិទ្ធិជ្រកកោន​នៅ​សហរដ្ឋ​អាមេរិក​ ដែល​ធ្វើ​ដំណើរ​មក​ពី​អាមេរិក​កណ្ដាល ជ្រកភ្លៀង​នៅ​ក្នុង​​រថយន្ដ​យាមល្បាត​របស់​ប៉ូលិស​អាមេរិក ខណៈ​ដែល​ពួកគេ​រង់ចាំ​មធ្យោបាយ​ធ្វើ​ដំណើរ​ចូល​សហរដ្ឋ​អាមេរិក នៅ​​ក្រុង Penitas រដ្ឋ Texas ថ្ងៃទី១៤ ខែមីនា​ ឆ្នាំ២០២១។
កុមារ​សុំ​សិទ្ធិជ្រកកោន​នៅ​សហរដ្ឋ​អាមេរិក​ ដែល​ធ្វើ​ដំណើរ​មក​ពី​អាមេរិក​កណ្ដាល ជ្រកភ្លៀង​នៅ​ក្នុង​​រថយន្ដ​យាមល្បាត​របស់​ប៉ូលិស​អាមេរិក ខណៈ​ដែល​ពួកគេ​រង់ចាំ​មធ្យោបាយ​ធ្វើ​ដំណើរ​ចូល​សហរដ្ឋ​អាមេរិក នៅ​​ក្រុង Penitas រដ្ឋ Texas ថ្ងៃទី១៤ ខែមីនា​ ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​លោក Alejandro Mayorkas កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​ការពារ​វិធានការ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​កើនឡើង​នៃ​ចំនួន​កុមារ​ចំណាក​ស្រុក​ដែល​គ្មាន​អាណា​ព្យាបាល​នៅ​ជាមួយ​នៅ​តាម​បណ្តោយ​ព្រំដែន​ភាគ​និរតី​ប្រទេស។

លោក Mayorkas បាន​និយាយ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​បង្កើត​មជ្ឈមណ្ឌល​ដំណើរការ​រួម​មួយ ដើម្បី​បញ្ជូន​ក្រុម​កុមារ​ទាំង​នោះ​ដែល​មាន​អាយុ​ទាប​បំផុត ៦ ឆ្នាំ ទៅ​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​សុខាភិបាល និង​កំពុង​ព្យាយាម​រក​ទីជម្រក​បន្ថែម​ទៀត​សម្រាប់​ពួកគេ។

លោក Mayorkas បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ស្ថានភាព​ដែល​យើង​កំពុង​ជួប​ប្រទះ​នៅ​ឯ​ព្រំដែន​ភាគ​និរតី​គឺជា​ស្ថានភាព​ដ៏​លំបាក​មួយ។ យើង​កំពុង​ដោះស្រាយ​បញ្ហា​នេះ»។

កុមារ​ចំណាក​ស្រុក​ដែល​ពុំ​មាន​អាណាព្យាបាល​នៅ​ជាមួយ​ជិត ៤.៣០០ នាក់ កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ត្រី​យាមល្បាត​ព្រំដែន គិត​ត្រឹម​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​មន្ត្រី​ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។

បើ​តាម​ច្បាប់ កុមារ​ទាំង​នោះ​គួរ​ត្រូវ​បញ្ជូន​ចេញ​ពី​អាគារ​ទទួល​ជន​ចំណាក​ស្រុក​របស់​ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​ទៅ​កាន់​មណ្ឌល​ស្នាក់នៅ​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​សុខាភិបាល​ក្នុង​អំឡុងពេល ៧២ ម៉ោង។

លោក Mayorkas បាន​ទទួល​ស្គាល់​ថា៖ «អាគារ​របស់​ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​ទាំង​នោះ​មាន​លក្ខណៈ​ពេញ​ចង្អៀត​ដោយសារតែ​ចំនួន​កុមារ​ទាំង​នោះ ហើយ​ការ​បញ្ជូន​ពួកគេ​ទៅ​កាន់​មណ្ឌល​គ្រប់គ្រង​របស់​ក្រសួង​សុខាភិបាល​ក្នុង​អំឡុងពេល ៧២ ម៉ោង មិន​តែងតែ​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​តាម​ពេលវេលា​ដែល​តម្រូវ​នេះ​ទេ»។

លោក​ក៏​បាន​បន្ថែម​ផង​ដែរ​ថា ក្រសួង​សុខាភិបាល​ក៏​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​យក​កុមារ​ក្នុង​ចំនួន​ដ៏​ច្រើន​ដូច​នេះ​ដែរ៕

XS
SM
MD
LG