ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការមួយក្នុងស.រ.អ.បញ្ជាដល់ក្រុមហ៊ុនចិនមួយដែលផលិតទួរប៊ីនខ្យល់ឱ្យបង់ប្រាក់ពិន័យ


រូបភាពឯកសារ៖ ការិយាល័យកណ្តាល នៃក្រុមហ៊ុន Sinovel Wind Co. Ltd. ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
រូបភាពឯកសារ៖ ការិយាល័យកណ្តាល នៃក្រុមហ៊ុន Sinovel Wind Co. Ltd. ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

ចៅក្រមអាមេរិកាំងម្នាក់បានបញ្ជាដល់ក្រុមហ៊ុនចិនមួយដែលផលិតទួរប៊ីនខ្យល់ច្រើនជាងគេឱ្យបង់ប្រាក់ពិន័យ១លាន៥សែនដុល្លារនៅក្រោយក្រុមហ៊ុននេះបានរកឃើញថាមានទោសពីបទលួចការសម្ងាត់ពាណិជ្ជកម្មពីក្រុមហ៊ុនអាមេរិកាំងមួយ។

កាលពីថ្ងៃសុក្រ ចៅក្រមនេះក្នុងក្រុង Madison រដ្ឋ Wisconsin ក៏បានកាត់ទោសក្រុមហ៊ុន Sinovel ឱ្យឋិតក្នុងការព្យួរទោសមានលក្ខខណ្ឌក្នុងរយៈពេលមួយឆ្នាំហើយខ្លួនត្រូវបង់ប្រាក់៥៧លាន៥សែនដុល្លារឱ្យបានគ្រប់សព្វនៅក្នុងដំណោះស្រាយដែលខ្លួនបានធ្វើជាមួយក្រុមហ៊ុន AMSC មានមូលដ្ឋានក្នុងរដ្ឋ Massachusetts។

ការកាត់ទោសកាលពីថ្ងៃសុក្រមានឡើងក្រោយពីគណៈវិនិច្ឆ័យសហព័ន្ធស.រ.អ.មួយបានរកឃើញថាក្រុមហ៊ុន Sinovel មានទោសកាលពីខែមករាពីបទចោទប្រកាន់ថារួមគំនិតប្រព្រឹត្តអំពើទុច្ចរិត ការលួចការសម្ងាត់ពាណិជ្ជកម្មនិងការផ្ទេរប្រាក់កាសខុសច្បាប់តាមអេឡិចត្រូនិក។

ក្រុមហ៊ុន AMSC ដែលមានឈ្មោះពីមុនថាក្រុមហ៊ុន American Superconductor Inc. ហៀបតែបិទទ្វារឈប់រកស៊ីនៅក្រោយឧក្រិដ្ឋកម្មរបស់ក្រុមហ៊ុន Sinovel។ រដ្ឋអាជ្ញាសហព័ន្ធនិយាយថាអ្នកបណ្តាក់ទុនបានទិញភាគហ៊ុនរបស់ក្រុមហ៊ុន AMSC ជាង១ពាន់លានដុល្លារហើយអ្នកធ្វើការជិត៧០០នាក់បានបាត់បង់ការងារ ដែលជាចំនួនជាងពាក់កណ្តាលនៃក្រុមអ្នកធ្វើការឱ្យក្រុមហ៊ុននេះនៅទូទាំងពិភពលោក។

រឿងក្តីនេះផ្តោតលើបច្ចេកទេសដែលក្រុមហ៊ុន AMSC បានអភិវឌ្ឍដោយយកកម្លាំងអគ្គិសនីបានមកពីទួរប៊ីនខ្យល់បញ្ជូនទៅកាន់មេភ្លើងអគ្គិសនី៕

XS
SM
MD
LG