ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អាមេរិក​សុំ​​ឱ្យ​រដ្ឋាភិបាល​ប្តូរ​គោល​ជំហរ​ចំពោះ​កម្ពុជា


អ្នក​យក​ព័ត៌មាន​វីអូអេ​សាកសួរ​សមាជិក​សភា​សហរដ្ឋ​អាមេរិក​នៅ​ក្រោយ​​សវនាការ​សភា​អំពី​បញ្ហា​កម្ពុជា។
អ្នក​យក​ព័ត៌មាន​វីអូអេ​សាកសួរ​សមាជិក​សភា​សហរដ្ឋ​អាមេរិក​នៅ​ក្រោយ​​សវនាការ​សភា​អំពី​បញ្ហា​កម្ពុជា។
សភា​សហរដ្ឋ​អាមេរិក​បានស្នើ​សុំ​ឱ្យ​មាន​ការផ្លាស់​ប្តូរ​គោល​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​កម្ពុជា​ដោយ​សារ​តែ​ការរៀបចំ​ការបោះឆ្នោត​នាពេល​បច្ចុប្បន្ន​នេះ​បង្ហាញ​ភាព​មិនប្រក្រតី​ជាច្រើន។​

នៅ​ក្នុង​សវនាការ​របស់​អនុ​គណៈ​កម្មាធិការ​ការបរទេស​នៃ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ដែល​បាន​រៀបចំ​កាលពី​ថ្ងៃ​អង្គារ​ លោក​ស្ទីវ ស្សាបុត ​ប្រធាន​អង្គ​ប្រជុំ​និង​ជា​អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​អូហៃ​យូ​បាន​ប្រកាស​ថា៖

«គោល​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​កម្ពុជា​ត្រូវតែ​ផ្លាស់​ប្តូរ​ហើយ​ ហើយ​រដ្ឋ​បាល​លោក​ប្រធានាធិបតី​អូបាម៉ា​ត្រូវ​តែ​ប្រកាន់​យក​ដំណោះស្រាយ​តឹងរឹង​ជាងមុន​ចំពោះ​ជន​ផ្តាច់​ការ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​នៅក្នុង​តំបន់​អាស៊ី»។

លោក​ស្សាបុត​បន្ថែម​ថា​លោក​ទទូច​សុំ​ឱ្យ​លោក​រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ចន ឃែរី​ធ្វើការ​ថ្កោល​ទោស​ចំពោះ​ការបោះឆ្នោត​ជាតិ​កម្ពុជា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៨​ខែ​កក្កដា​ខាង​មុខ​នេះ។

ការបោះឆ្នោត​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​ក្រុម​អ្នក​ឃ្លាំ​មើល​ការបោះឆ្នោត​មើល​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​ច្រើន​រាប់​តាំង​ពី​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ ចំនួន​អ្នក​បោះឆ្នោត​ និង​ការ​ចូលរួម​យុទ្ធការ​របស់​គណបក្ស​ប្រឆាំង​ជាដើម។​

លោក​ប៉ាទ្រីក ម៉េឡូ ​នាយក​កម្មវិធី​បោះឆ្នោត​របស់​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ដល់​សវនាការ​ថា៖​

«សូម​ជម្រាប​ដល់​លោក​ប្រធាន​ឱ្យ​បាន​ជា្រប​ថា​ដំណើរ​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​គឺ​មិន​អាច​វាស់​បាន​ឱ្យ​តាម​ស្តង់​ដា​អន្តរជាតិ​ទេ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គជប) ​គឺ​មិន​មែន​ជា​ស្ថាប័ន​ឯករាជ្យ​ទេ​ អនុសាសន៍​ដែល​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​បាន​ចេញផ្សាយដូច​ដែល​លោក​ប្រធាន​បាន​កត់​សម្គាល់​ហើយ​ថាគឺ​ដើម្បី​ធានា​នូវ​ការ​បោះឆ្នោត​ប្រកប​ដោយ​ប្រជាធិបតេយ្យ​នោះ​ គឺ​មិនត្រូ​វ​បាន​ដោះស្រាយ​ទេដែល​ជា​ការ​ធ្វើ​ឱ្យ​សង្ស័យ​ដល់​ការបោះឆ្នោត​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ខាងមុខ​នេះ»។

មាន​គណបក្ស​នយោបាយ​ចំនួន​៨​ដែល​កំពុង​ចុះ​ឈ្មោះ​ចូលរួម​ការ​បោះឆ្នោត​ជាតិហើយ​មាន​តែ​គណបក្ស​ពីរ​ប៉ុណ្ណោះ​ដែល​មាន​សក្តានុពល​ថា​នឹង​ឈ្នះ​បាន​អាសនៈ​ច្រើន​នៅ​ក្នុង​សភា ​នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជារបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដែល​ជា​មេដឹកនាំ​បាន​កាន់​អំណាច​យូរ​ចូល​ដល់ឆ្នាំ​ទី​២៩​ហើយ​និង​គណបក្ស​សង្គ្រោះ​ជាតិដែល​ជា​គណបក្ស​រួបរួម​របស់​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម​សុខា​និង​គណបក្ស​សម រង្ស៊ី។

យ៉ាង​ណា​ក៏​ដោយ​ប្រធាន​បក្ស​នេះ​នៅ​កំពុង​រស់​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ដើម្បី​គេច​ចេញ​ពី​ការ​ដាក់​ទោស​ទណ្ឌ​ជាង​១០​ឆ្នាំ​ទាក់​ទង​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​និង​ផ្សាយ​ឯកសារ​ព្រំដែន។ លោក​សម រង្ស៊ី​បាន​ប្រកាស​ថា​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​មុន​ពេល​ការបោះឆ្នោត​មក​ដល់​ដើម្បី​ ដឹកនាំ​ការផ្លាស់​ប្តូរ​មេដឹកនាំ​បច្ចុប្បន្ន​ចេញបើ​ទោះ​បី​ជា​លោ​ក​អាច​ប្រឈម​មុខ​នឹង​ការ​ចាប់​ដាក់​ពន្ធនាគារ​ក៏ដោយ។

លោក​ ចន ស៊ីបតុន ​ប្រធាន​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សម្រាប់​តំបន់​អាស៊ី​ក៏​បាន​បញ្ជាក់​ថា​ការចាប់​ខ្លួន​លោក​សម រង្ស៊ី​គឺ​ជា​សញ្ញា​ពិតប្រាកដ​ថា​ការបោះឆ្នោត​នេះ​មិន​ស្រប​ច្បាប់​ឡើយ។

«សហរដ្ឋ​អាមេរិក​បាន​ប្រាប់​លោក​ហ៊ុន សែន​និង​សហការី​របស់​លោ​ក​ហើយ​ថា​ការបោះឆ្នោត​ណា​ដែល​មាន​មេដឹកនាំ​បក្ស​ប្រឆាំង​ត្រូវ​បាន​គេ​ហាម​ឃាត់​មិន​ឱ្យ​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​ហើយ​នឹង​ការ​បង្ក្រាប​ក្រុម​ប្រឆាំង​គឺ​នាំ​ឱ្យ​មាន​ការ​ចោទសួរ​ពី​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​នេះ​ ហើយ​បើ​លោក​សម រង្ស៊ី​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​នៅ​ពេល​ដែល​គាត់​វិល​ត្រឡប់​ទៅវិញ​គឺ​សំណួរ​នេះ​ត្រូវ​បាន​ឆ្លើយ​ហើយ​ថា​ការបោះឆ្នោត​នេះ​គឺ​មិន​មែន​ជាការ​អនុវត្ត​ប្រកប​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ​ស្រប​តាម​ផ្លូវ​ច្បាប់​ទេ»។​

លោក​ចន ស៊ីបតុន​បាន​យល់​ស្រប​ជាមួយ​នឹង​ការស្នើ​ឡើង​របស់​សភា​សហរដ្ឋ​អាមេរិក​ក្នុង​ការ​សុំ​ឱ្យ​រដ្ឋាភិបាល​ប្តូរ​គោល​ជំហរ​ហើយ​ធ្វើ​ការ​ជាមួយ​នឹង​ក្រុម​ប្រឆាំង​និង​សកម្មជន​នានា​ឱ្យ​បាន​ច្រើន​ជាង​មុន​ដើម្បី​បកអាក្រាត​ការរំលោភ​បំពាន​នានា​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​រដ្ឋាភិបាលរួម​ទាំង​ការ​មិន​សេព​គប់​នឹង​លោក​ហ៊ុន សែន​ផង។​ លោក​បន្ថែមថា​ការ​កាត់​ផ្តាច់​ជំនួយ​យោធា​ទៅ​រដ្ឋាភិបាល​កម្ពុជា​គឺ​ជា​រឿង​ល្អ​មួយ។​

សមាជិក​សភា​មួយ​រូប​ទៀត​នៃ​អនុ​គណៈកម្មាធិការ​នេះ​គឺ​លោក​ ដាណា​ រ៉ូរា​ប៊ែកឃឺ​ តំណាង​រាស្ត្រ​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​កាលីហ្វញ៉ា​បាន​លើក​ឡើង​ថា​ឥឡូវ​នេះ​គួរ​ដល់​ពេល​ដែល​គេ​ត្រូវ​ប្តូរ​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចេញ​ហើយ ​ហើយ​លោក​ព្រមាន​ថា​ការចាប់​ខ្លួន​លោក​សម រង្ស៊ី​គឺ​ជា​ទង្វើ​ដ៏​អាក្រក់​មួយ។

លោក​រ៉ូរាប៊ែកឃឺ​បាន​បញ្ជាក់ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នា​ពេល​បញ្ចប់​សវនាការ​ថា៖

«ខ្ញុំ​គិត​ថា​ប្រសិន​បើ​លោក​ហ៊ុន​ សែន​ចាប់​ផ្តើម​ឃាត់​ខ្លួន​អ្នក​ប្រកួត​ប្រជែង​នឹង​គាត់​គឺ​នឹង​មាន​ការ​ងាក​មក​ផ្តោត​ឡើងវិញ​នៃ​ការ​ចាប់​អារម្មណ៍​របស់​យើង​ទៅ​ប្រទេស​កម្ពុជា​។ ដូច​លោក​ដឹង​ហើយ​ថា​ប្រទេស​កម្ពុជា​បាន​នៅ​ឆ្ងាយ​ពី​ការចាប់​អារម្មណ៍​របស់​យើង​អស់​រយៈ​ពេល​១០​ឆ្នាំ​ហើយ ​ដូច្នេះ​រឿង​អាក្រក់​បំផុត​ដែល​លោក​ហ៊ុន សែន​អាច​ធ្វើ​បានសម្រាប់​ខ្លួន​គាត់គឺចាប់​អ្នក​ណា​ម្នាក់​ដែល​មាន​កម្រិត​ខ្ពស់។ យើង​សង្ឃឹម​ថា​គាត់​មិន​ធ្វើ​អញ្ចឹង​ទេ​ប៉ុន្តែ​ការប៉ាន់​ស្មាន​របស់​ខ្ញុំគឺ​ថា​ជាជាង​ចាប់​ខ្លួន​អ្នក​ដែល​ប្រឆាំង​នឹង​គាត់​គឺ​គាត់​គ្រាន់​តែ​លួចសន្លឹកឆ្នោត​តែ​ប៉ុណ្ណោះ»។​

សាក្សី​ដទៃ​ទៀត​ដែល​ចូលរួមផ្តល់​សក្ខី​កម្ម​ក្នុង​សវនាការ​មាន​ទីប្រឹក្សា​ច្បាប់​នៃ​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ​និង​តំណាង​ក្រុមហ៊ុន​របស់​អាមេរិកាំង​មួយ។

លោក​ដានីញ៉ែល ម៉ិចសែល​នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន ​SRP ​អន្តរជាតិ​បាន​បញ្ជាក់​ថា​បរិយាកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​មាន​ភាព​អំណោយ​ផល​ហើយ​ថា​លោក​ហ៊ុន សែន​អាច​ជា​បុរសខ្លាំងប៉ុន្តែ​មិន​មែន​ជា​ជន​ផ្តាច់​ការ​ទេ៕
XS
SM
MD
LG