ពួកអ្នកលបលួចចូលក្នុងបណ្តាញអ៊ិនធឺណិតបានគ្រប់គ្រងបណ្តាញសង្គម Twitter និង YouTube របស់ទីបញ្ជាការកណ្តាលស.រ.អា.ក្នុងរយៈពេលខ្លី ហើយពួកចោរទាំងនេះបាននិយាយថា ពួកគេមានស្វាមីភ័ក្រជាមួយពួករដ្ឋអ៊ីស្លាម(Islam State)។
កាលពីថ្ងៃច័ន្ទ គណនេយ្យ Twitter បានផ្សាយការគំរាមកំហែងដល់ពួកទាហានស.រ.អា.ដោយព្រមានថា៖ «ពួកយើងមកហើយ ប្រុងប្រយ័ត្នទៅ! ISIS»។
សារនៅក្នុង Twitter ជាបន្តបន្ទាប់មកមានរួមទាំងរូបថតឯកសារដែលហាក់ដូចជាមានលេខទូរសព្ទ អាស័យដ្ឋានអ៊ីមែល និងអាស័យដ្ឋានផ្ទះនៃពួកមន្ត្រីយោធាស.រ.អា.រាប់សិបនាក់។
ពួកមន្ត្រីនៃទីបញ្ជាការកណ្តាលបានបញ្ជាក់ប្រាប់វីអូអេថា គេហទំព័រ Twitter និង YouTube របស់ពួកគេត្រូវបានគេលួចចូលហើយថា ពួកគេកំពុងចាត់«វិធានការសមស្របដើម្បីដោះស្រាយបញ្ហានេះហើយ»។
គណនេយ្យនេះក៏បានបញ្ចេញអ្វីដែលហាក់ដូចជាផែនទីយោធានៃប្រទេសចិននិងប្រទេសកូរ៉េខាងជើង។ គេមិនអាចបញ្ជាក់បាននៅទ្បើយទេអំពីភាពត្រឹមត្រូវឬសារៈសំខាន់នៃឯកសារទាំងនេះ ក៏ប៉ុន្តែឯកសារខ្លះដែលត្រូវបានបញ្ចេញនោះ មានរួចស្រេចហើយនៅក្នុងបណ្តាញអ៊ិនធឺណិត ហើយហាក់ដូចជាមិនមែនជាឯកសារដែលនាំឲ្យមានបញ្ហាទេ៕