ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាប័ន​គ្រប់គ្រង​ការផ្សព្វផ្សាយ​ស.រ.អា.​បដិសេធ​ការចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា​អំពី​វិទ្យុ​វីអូអេ​ និង​អាស៊ីសេរី


រូបភាព​របស់​គណៈ​អភិបាល​ផ្នែក​ការ​ផ្សព្វផ្សាយ​របស់​ស.រ.អា.​​ហៅកាត់ថា​ ប៊ីប៊ីជី​ (BBG) នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៤ ដោយមានរូប​លោក​​​Jeffrey Shell ដែល​ជា​ប្រធាន​គណៈ​អភិបាល BBG ផង​ដែរ។
រូបភាព​របស់​គណៈ​អភិបាល​ផ្នែក​ការ​ផ្សព្វផ្សាយ​របស់​ស.រ.អា.​​ហៅកាត់ថា​ ប៊ីប៊ីជី​ (BBG) នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៤ ដោយមានរូប​លោក​​​Jeffrey Shell ដែល​ជា​ប្រធាន​គណៈ​អភិបាល BBG ផង​ដែរ។
ស្ថាប័ន​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ស.រ.អា.​មួយ​ហៅ​កាត់​ថា​ BBG ​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន​គឺ​វិទ្យុ​វីអូអេ​និង​វិទ្យុ​អាស៊ីសេរី​ផ្សាយ​ព័ត៌មាន​បំភ្លៃ​និង​ព័ត៌មាន​ប្រឌិត។​ ​ស្ថានប័ន BBG ​បានទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យមាន​ការគោរព​តួនាទី​ព័ត៌មាន​ឯករាជ្យ។​

គណៈ​អភិបាល​ផ្នែក​ការ​ផ្សព្វផ្សាយ​របស់​ស.រ.អា.ហៅកាត់ថា​ ប៊ីប៊ីជី​ (BBG) បាន​បដិសេធ​ដាច់​អហង្ការ​ចំពោះការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ថា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន​គឺ​ វីអូអេ ​សំឡេង​សហរដ្ឋ​អាមេរិក​ និង​វិទ្យុ​អាស៊ីសេរី​នោះ​ ធ្វើការ​ប្រឌិត​ ឬ​បំភ្លៃ​ព័ត៌មាន​ ដោយ​បាន​ចាត់​ទុក​ថា​ ការ​ចោទ​ប្រកាន់​នេះ«ជានិន្នាការ​ពង្រីក​ការ​គំរាម​កំហែង​ បំភិតបំភ័យ ​និង​រិតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា»។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ ជេហ្វហ្រ៊ី ​ស្សេល ​(Jeffrey Shell) ​ប្រធាន​គណៈ​អភិបាល ​BBG ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​គោរព​តួនាទី​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ហើយ​បាន​បដិសេធដាច់ខាត​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា។​ លោកមាន​ប្រសាសន៍​តាម​ខ្លឹមសារ​ដើម​ថា៖​

«យើង​ខ្ញុំ​សូមអំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​គោរព​តួនាទី​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ហើយ​យើង​សូម​បដិសេធ​ដាច់ខាត​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​ វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក ​និង​វិទ្យុ​អាស៊ីសេរី​ធ្វើការ​ប្រឌិត​ ឬ​ បំភ្លៃ​ព័ត៌មាន»។​

លោក​ក៏​បាន​បន្ថែម​ដែរ​ថា៖​

«របាយ​ការណ៍​ដែល​ចេញ​ដោយ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​របស់​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ២០១៤​ ដោយ​មាន​ការ​អះអាង​មិន​ផ្អែក​លើភស្តុតាង​ថា​មាន​ការផ្សាយ​លម្អៀង​នោះ​ ជា​ការ​ពង្រីក​និន្នាការ​នៃ​ការ​គំរាម​កំហែង​ដ៏គួរ​ឲ្យបារម្ភ ​ជា​ការ​ប៉ុនប៉ង​ដើម្បី​បំភិត​បំភ័យ​ ជាការ​យក​អ្នក​យកព័ត៌មាន​ជាមុខ​សញ្ញា​ និង​ជា​ការ​រិតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។​ ការ​បង្ក្រាប​ចុង​ក្រោយ​បំផុត​ដោយ​ហិង្សា​ទៅលើ​ក្រុមបាតុករ​ ដោយ​រួម​ទាំង​ទៅ​លើ​អ្នក​មិន​មែន​ជា​បាតុករ ​ដូច​ជាអ្នក​យក​ព័ត៌មាន​អំពី​ព្រឹត្តិ​ការណ៍​នោះ​ គឺ​ជា​សញ្ញា​ដ៏​គួរឲ្យ​បារម្ភ​នៃ​ការ​កើនឡើង​ភាព​តានតឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជា​ផលវិបាក​ពីការ​បោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា»។​

ការិយាល័យ​ព័ត៌មាន​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​ ដែល​ទទួល​ខុសត្រូវ​ផ្នែក​ព័ត៌មាន ​បាន​និយាយ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គាំទ្រ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​បរទេស​ជា​ពិសេស​វីអូអេ​សំឡេង​ស.រ.អា.​ និង​វិទ្យុ​អាស៊ីសេរី។​ របាយ​ការណ៍​ដដែល​បាន​លើក​ឡើង​ដែរ​ថា​ មុន​ និង​ក្រោយ​បោះឆ្នោត​ វិទ្យុ​ទាំងពីរ​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​លម្អៀង​ ផ្ទុយ​នឹង​ក្រម​សីលធម៌​ វិជ្ជាជីវៈ​របស់​សារព័ត៌មាន ​ហើយ​ជា​ឧបករណ៍​នយោបាយ​បម្រើ​ផល​ប្រយោជន៍​គណបក្ស​ជំទាស់​ដែល​ដំណឹង​របស់​វិទ្យុ​ទាំងពីរ​នេះ​មាន​ការ​ប្រឌិត​ ឬ​បំភ្លៃ​ព័ត៌មាន។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រុម​អ្នក​វិភាគ​ព័ត៌មាន​ឯករាជ្យ​បានច្រាន​ចោល​របាយ​ការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ ដោយ​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ទើរតែ​ទាំងអស់។​

អ្នក​ស្រី​ការីន ​កាលិការ​ (Karin ​Deutsch ​Karlekar) ​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​និង​ជានាយិកា​ផ្នែក​ចាត់​ចែង​ព័ត៌មាន​នៃ​អង្គការ ​Freedom House​ របស់​ស.រ.អា. បាន​អះអាង​ថា​ ការ​ចោទ​ប្រកាន់​អំពីភាព​លម្អៀង​នោះ​គឺ​ជារឿង​មិន​ពិត​ទេ។​

«យើង​បាន​ឃើញ​ការ​ចោទប្រកាន់​នេះ​ហើយ​ ដែល​ថា ​មាន​ប្រព័ន្ធផ្សព្វ​ផ្សាយ​អន្តរជាតិ​ខ្លះ ​រួមទាំង​វិទ្យុ​វីអូអេ ​និង​អាស៊ីសេរី​ ដែល​ផ្តល់​ព័ត៌មាន​លម្អៀង​ ឬ ​ផ្តល់​ព័ត៌មាន​មិនមាន​វិជ្ជាជីវៈ។ ​តែ​បើតាម​ខ្ញុំដឹង ​រឿង​នោះ​មិន​អញ្ចឹង​ទេ។​ វិទ្យុ​ទាំងពីរ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ទាំងនោះ​ ជា​ការណ៍​ពិត​គឺ​ជា​បណ្តាញ​ព័ត៌មាន​ដ៏​សំខាន់​ណាស់ ​បើពុំ​ដូច្នោះទេ​ ព័ត៌មាន​នឹង​ត្រូវ​បិទបាំង​យ៉ាង​ជិត ​ហើយ​បណ្តាញ​ព័ត៌មាន​ទាំង​ពីរ​នេះ​គឺ​ជា​ប្រភព​ដំណឹង​និង​ព័ត៌មាន​ឯករាជ្យ​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​កម្ពុជា»។​

លោកស្រី​បាន​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​បណ្តាញ​ព័ត៌មាន​របស់​ស.រ.អា.ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​លោក​ស្រី​បាន​បញ្ជាក់​ថា៖​

«ខ្ញុំ​គិត​ថា ​រឿង​នេះ​បណ្តាល​មកពី​ព្រឹត្តិការណ៍​ស្ទើរតែ​ទាំងអស់​គឺ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនេះ​ផ្តល់​ដំណឹង​និង​ព័ត៌មាន​សំខាន់ៗ​ទៅ​វិញ​ទេ​ គឺ​មិនមែន​សេចក្តី​រាយ​ការណ៍​របស់​គេ​លម្អៀង​ ឬ​ក៏​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​ជំទាស់​ទេ»។​

លោកស្រី​បាន​អះអាង​ដែរ​ថា​ អង្គការ ​Freedom House​ នៅ​ឆ្នាំ​ថ្មីៗ​នេះ​ បាន​កត់ត្រា​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ធ្លាក់ចុះ​ដល់​កម្រិត​ប្រទេស​ដែល​«គ្មានសេរីភាព»​សារព័ត៌មាន​ ដោយសារ​ថា ​អង្គការ​លោកស្រី​មើល​ឃើញ​ថា ​មាន​និន្នាការ​អវិជ្ជមាន​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​

លោក​ ភីធ័រ ម៉ាខ្វៃអ័រ​ (Peter Maguire) ​អ្នកនិពន្ធ​សៀវភៅ​ខ្មែរក្រហម​ឈ្មោះFacing Death​ in ​Cambodia ​ឬហៅ​ថា​ ប្រឈមមុខ​នឹង​ការ​ស្លាប់​ក្នុង​ប្រទេស​កម្ពុជា​ បាន​អះអាង​ថា​ រដ្ឋាភិបាល​បាន​ប្រើប្រាស់​កម្លាំង​បង្ក្រាប​ និង​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នករិះគន់​របស់ខ្លួន​នូវ​វិធី​ដដែលៗ។​

«ខ្ញុំ​គិត​ថា​ វិទ្យុ សំឡេងស.រ.អា.ផ្សាយ​សំឡេងចម្រុះ ​មិនមែន​ផ្សាយ​សំឡេងតែ​ម្ខាងៗ​នោះ​ទេ។​ ខ្ញុំ​និយាយ​តាម​វីអូអេ​ជា​ប្រចាំ​ ហើយ​ខ្ញុំ​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើនឆ្នាំ។​ តែ​ខ្ញុំមិន​មែន​ជា​អ្នក​គាំទ្រ​មេ​ដឹកនាំ​គណបក្ស​ជំទាស់ ​គឺ​លោក​សម រង្ស៉ី​ទេ។​ ខ្ញុំមិន​ដែល​ជួប​គាត់​ ដូចជា​អ្នក​ដទៃ​ផង​ទេ»។​

ថ្លែង​ប្រាប់​វីអូអេ​ក្នុងពេល​ដែល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ អាមេរិក ​ លោក​អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​អះអាង​ថា ​ការ​ចោទ​ប្រកាន់​អំពី​ភាព​លម្អៀង​ក្នុង​ដំណាក់​កាល​ដែល​បណ្តាញ​ផ្សព្វ​ផ្សាយ​ត្រូវគ្រប់​គ្រង​ដោយ​រដ្ឋ​សឹង​តែ​ទាំងអស់​ ហើយ​មាន​ការ​រិតត្បិត​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ផង​នោះ​ជារឿង​មិន​ត្រឹម​ត្រូវ​ទេ។

«សេរីភាព​ព័ត៌មាន​គឺ​តិចមែន​ទែន​ គឺរិត​ត្បិត​ខ្លាំងណាស់​ ជាពិសេស​បណ្តាញ​វិទ្យុ ​និង​ទូរទស្សន៍​ហ្នឹង ​នៅ​រិតត្បិត​ខ្លាំងណាស់​នៅក្នុង​ប្រទេស​កម្ពុជា។​ មាន​សេរីភាព​ខ្លះ​ដែរ​ មាន​ការ​បើក​ចំហខ្លះ​ដែរ​សម្រាប់​ទូរទស្សន៍​មួយ​ចំនួន​ តែបើ​គណបក្ស​ប្រឆាំង​និងអ្នក​មាន​គំនិត​ផ្ទុយ​ពី​រដ្ឋាភិបាល​ច្រើន​តែ​មាន​ការ​ប្រឈម​ខ្លាំង​មែនទែន។​ អញ្ចឹង​ហើយ​បាន​ការ​រិតត្បិត​នេះ​វា​ប៉ះពាល់​ទៅ​លើ​ផល​ប្រយោជន៍​នៃ​ប្រទេស​ជាតិ​យើង»។​

លោក​ថ្លែង​ថា ​រដ្ឋាភិបាល​អាច​រិះគន់​វិទ្យុ​វីអូអេ​ និង​អាស៊ី​សេរី​បាន​នៅ​ពេល​ដែល​មាន​ការ​បើក​ទូលាយ​ព័ត៌មាន​ និង​ធ្វើឲ្យ​មាន​សេរីភាព​ព័ត៌មាន​ល្អជា​មុន​សិន។​

«ខ្ញុំ​មើល​ទៅ​រដ្ឋាភិបាល​កម្ពុជា​នេះ​កំពុង​តែ​ព្យាយាម​ឲ្យមាន​ការ​ភ័យខ្លាច​ឡើង​វិញ ​ឲ្យ​ប្រជា​ពលរដ្ឋ​ អ្នក​ធ្វើការ​ជា​អ្នក​សារ​ព័ត៌មាន​អីហ្នឹង​ ហើយ​ធ្វើការ​ក្នុង​អង្គការ​ហ្នឹង​ មាន​ការភ័យខ្លាច​ ដល់​ភ័យ​ខ្លាច​គឺ​ឈាន​ទៅដល់​ការ​ចាប់​ពិរុទ្ធឬ​រិតត្បិត​ខ្លួន​ឯង បាន​ន័យ​ថា​ យើង​ភ័យ​យើងអត់​ហ៊ាន​និយាយ​ យើង​អត់​ហ៊ាន​ធ្វើ​ការងារ​ត្រឹមត្រូវ។​ អញ្ចឹង​រដ្ឋាភិបាល​មិនបាច់​ចាប់​មនុស្ស​ដាក់​គុក​ មិន​បាច់​បិទវិទ្យុ​អាស៊ីសេរី ​និង ​វីអូអេ​ក៏​នៅតែ​បាន​ផល​ប្រយោជន៍​ពី​ការ​ភ័យ​ខ្លាច​របស់​អ្នក​ធ្វើការ ​អ្នក​សារ​ព័ត៌មាន​ និង​ប្រជា​ពលរដ្ឋ​ដែរ»។​

ប្រទេស​កម្ពុជា​ត្រូវ​អង្គការ​ Freedom House​ ចាត់​ទុក​ថា​ ជា​ប្រទេស​គ្មាន​សេរីភាព​ផ្នែក​ព័ត៌មាន​ប៉ុន្មាន​ឆ្នាំ​បន្តបន្ទាប់​មក​នេះ​ ដោយសារ​តែ​មាន​ការ​សម្លាប់​អ្នក​កាសែត​ ហើយ​ឃាតករ​សឹងតែ​គ្រប់ករណី​មិន​ត្រូវ​រក​មុខ​ឃើញ​ មាន​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ មាន​ការរិតត្បិត​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​ខ្លាំង​ជាដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG