ជាមួយនឹងការប្រកាសថា សហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាពបន្ថែមទៀតក្នុងការជួយដល់ពិភពលោក ដើម្បីទប់ទល់នឹងជំងឺឆ្លងរាតត្បាតកូវីដ១៩នោះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក នឹងបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២០លានដូសបន្ថែមទៀតទៅកាន់ប្រទេសនានា នៅត្រឹមដំណាច់ខែមិថុនាខាងមុខ។
ក្នុងសុន្ទរកថាមួយពីសេតវិមាន លោក Biden បញ្ជាក់យ៉ាងដូចនេះថា៖ «យើងត្រូវជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅជុំវិញពិភពលោក ដើម្បីធ្វើឲ្យយើងមានសុវត្ថិភាពនៅក្នុងសហរដ្ឋអាមេរិក ហើយនេះ ជារឿងត្រឹមត្រូវដែលយើងអាចធ្វើបានដើម្បីជួយដល់មនុស្សនានានោះ»។
នេះជាលើកទីមួយហើយដែលអាមេរិកនឹងផ្តល់វ៉ាក់សាំងដែលខ្លួនប្រើក្នុងស្រុកទៅក្រៅប្រទេស ស្របពេលដែលការផ្គត់ផ្គង់ក្នុងប្រទេសចាប់ផ្តើមកើនឡើងហួសតម្រូវការនោះ។
ក្នុងនោះមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថអាមេរិក៣ គឺក្រុមហ៊ុន Pfizer ក្រុមហ៊ុន Moderna និងក្រុមហ៊ុន Johnson & Johnson ចំនួន២០លានដូសដែលបន្ថែមពីលើគម្រោងវ៉ាក់សាំងចំនួន៦០លានដូសរបស់ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca ដែលលោកប្រធានាធិបតីអាមេរិក Joe Biden មានគម្រោងរួចហើយ ដើម្បីផ្តល់ជូនដល់ប្រទេសផ្សេងៗនោះ។
លោកប្រធានាធិបតីអាមេរិក Joe Biden បញ្ជាក់ថា នេះមានន័យថា ត្រឹមចុងខែមិថុនា សហរដ្ឋអាមេរិក នឹងបញ្ជូនវ៉ាក់សាំងសរុបចំនួន៨០លានដូស ទៅកាន់ប្រទេសនានា ដែលស្មើនឹង១៣% នៃចំនួនវ៉ាក់សាំងសរុបដែលផលិតដោយអាមេរិក។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki ថ្លែងនៅថ្ងៃចន្ទក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា៖ «ចំនួនវ៉ាក់សាំងដែលអាមេរិក នឹងផ្តល់ជូនទៅក្រៅប្រទេសនេះ គឺជាចំនួនបរិច្ចាកច្រើនបំផុត ដែលមានចំនួន៥ដងច្រើនជាងប្រទេសនានាក្នុងពេលកន្លងមក»៕