វរសេនីយ៍ឯក Sean Ryan ជាអ្នកនាំពាក្យកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកវាយប្រយុទ្ធក្រុមភេរវកម្មរដ្ឋឥស្លាមបាននិយាយថាកងម្លាំងចម្រុះបានចាប់ផ្តើមដំណើរការដកកងទ័ពរបស់យើងចេញពីប្រទេសស៊ីរីហើយ។
លោកនិយាយថា៖ «ដោយមានការព្រួយបារម្ភអំពីប្រតិបត្តិការសន្តិសុខ យើងនឹងមិនពិភាក្សាអំពីពេលវេលាជាក់លាក់ ទីតាំងឬចលនារបស់កងទ័ពទេ»។
មានទាហានអាមេរិកប្រហែល២០០០នាក់នៅប្រទេសស៊ីរី។ អង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសស៊ីរី The Syrian Observatory for Human Rights រាយការណ៍ថាការដកកងទ័ពនេះបានចាប់ផ្តើមកាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅពេលដែលរថពាសដែក១០គ្រឿងបានចាកចេញពីមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិកនៅតំបន់ al-Rmelanនៃខេត្ត al-Hasaka។
អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះក៏បានរាយការណ៍ថាមានកងកម្លាំងចម្រុះបានមកដល់មូលដ្ឋានកងទ័ពផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ ដែលនេះដូចទៅនឹងអ្វីដែល VOA បានទទួលពីប្រភពមួយ។
លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានធ្វើបទសម្ភាសន៍តាមវិទ្យុថា កិច្ចចរចារវាងទាហានអាមេរិកនិងសមភាគីតួកគីអំពីការវាយប្រយុទ្ធរបស់ពួកឃឺតប្រឆាំងនឹងរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរីនឹងបន្តរហូតសប្តាហ៍ក្រោយដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដោយប្រទេសទាំងពីរ។
កាលពីដើមសប្តាហ៍នេះ ការអំពាវនាវរបស់លោក Bolton ឲ្យមានការការពារដល់កងជីវពល YPG ស៊ីរីឃឺតនៅស្របពេលដែលលក្ខខណ្ឌដែលបានដាក់ជាមុនទៅនឹងការដកកងទ័ពចេញពីប្រទេសស៊ីរីបានបណ្តាលឲ្យលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan មានការខឹងសម្បា និងបានធ្វើឲ្យលោកប្រធានាធិបតីបដិសេធមិនព្រមចរចាជាមួយមន្រ្តីសហរដ្ឋអាមេរិក។
ក្រុម YPG គឺជាសម្ព័ន្ធមិត្តយ៉ាងសំខាន់នៅក្នុងសង្គ្រាមរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងរដ្ឋឥស្លាម ប៉ុន្តែរដ្ឋាភិបាលក្រុងអង់ការ៉ាចាត់ទុកក្រុមនេះថាជាក្រុមភេរវកម្មពាក់ព័ន្ធជាមួយនឹងពួកបះបោរនៅក្នុងប្រទេសតួកគី។
លោក Bolton បាននិយាយទៅក្នុងបទសម្ភាសន៍នេះថា ទាំងរូបលោក លោកប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្រ្តីការបរទេសលោក Mike Pompeo បានដឹងថាប្រទេសតួកគីបានប្តេជ្ញាថានឹងមិនបង្កគ្រោះថ្នាក់ដល់ពួកឃឺតដែលបានចូលរួមប្រយុទ្ធជាមួយនឹងកងកម្លាំងសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុម ISIS នោះទេ៕