ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ទីភ្នាក់ងារជាច្រើនកំពុងធ្វើការដើម្បីវាយតម្លៃលើផលប៉ះពាល់លើសន្តិសុខជាតិដោយសារការលេចធ្លាយឯកសារសម្ងាត់ខ្លាំងមួយចំនួន។
អ្នកនាំពាក្យរងក្រសួងការពារជាតិសហរដ្ឋអាមេរិកអ្នកស្រី Sabrina Singh បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ក្រសួងការពារជាតិសហរដ្ឋអាមេរិកបន្តពិនិត្យនិងវាយតម្លៃលើសុពលភាពនៃឯកសារជារូបភាពដែលត្រូវបានចែកផ្សាយនៅលើបណ្ដាញសង្គមអនឡាញនិងដែលទំនងជាមានផ្ទុកនូវព័ត៌មានរសើបនិងសម្ងាត់ខ្លាំង»។
អ្នកស្រី Singh បាននិយាយថា សន្តិសុខជាតិគឺជាអាទិភាពខ្ពស់បំផុតរបស់ក្រសួងការពារជាតិអាមេរិកហើយថាមន្ត្រីអាមេរិកបាន«ទាក់ទងជាមួយនឹងសម្ព័ន្ធមិត្តនិងដៃគូនានានិងបានជូនដំណឹងអំពីការលេចធ្លាយនេះដល់គណៈកម្មាធិការពាក់ព័ន្ធនានារបស់សភាដែលមានយុត្តាធិការ»។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួនបានបើកការស៊ើបអង្កេតលើរឿងនេះ។
ព័ត៌មានលេចធ្លាយនោះដែលមាននូវព័ត៌មានអំពីការវាយតម្លៃជាក់ស្ដែងផ្នែកយោធានៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននិងអំពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានលេចឡើងនៅលើបណ្ដាញសង្គមអនឡាញជាច្រើន៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយាការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។