រដ្ឋបាលរបស់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាកំពុងអបអរសាទរកិច្ចព្រមព្រៀងរវាងបេក្ខជនប្រធានាធិបតីប្រជែងគ្នានៅប្រទេសអាហ្វហ្កានិស្ថានក្នុងការបង្កើតរដ្ឋាភិបាលឯកភាពជាតិ ដោយនិយាយថា ការព្រមព្រៀងគ្នានេះកត់សម្គាល់អំពីឱកាសដ៏សំខាន់សម្រាប់ការរួបរួមគ្នា និងស្ថិរភាពប្រសើរឡើង។
អំពីកិច្ចព្រមព្រៀងដែលបញ្ចប់ភាពទាល់ច្រកខាងនយោបាយរយៈពេល៦ខែនេះគឺជាការបញ្ចប់នៃរចនាសម្ព័ន្ធនៃការបែងចែកអំណាចដែលសម្របសម្រួលដោយលោក John Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា.ដែលនិយាយថា កិច្ចព្រមព្រៀងនេះធានាឲ្យមានការផ្ទេរអំណាចតាមលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធីជាលើកដំបូងនៅក្នុងប្រទេសអាហ្វហ្កានិស្ថាន។
សេតវិមានបានអបអរសាទរចំពោះលោក Abdullah Abdullah អតីតរដ្ឋមន្ត្រីការបរទេសអាហ្វហ្កានិស្ថាន និងលោក Ashraf Ghani អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាអតីតមន្ត្រីធានាគារពិភពលោកចំពោះការដែលលោកទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដោយនិយាយថា វាជួយបញ្ចប់វិបត្តិនយោបាយនៅប្រទេសអាហ្វហ្កានិស្ថាន ហើយស្តារទំនុកចិត្តចំពោះដំណើរការទៅមុខទៀត។ សេចក្តីថ្លែងការណ៍របស់សេតវិមាននិយាយថា ស.រ.អា.គាំទ្រកិច្ចព្រមព្រៀងនេះ ហើយត្រៀមជាស្រេចដើម្បីធ្វើការជាមួយរដ្ឋបាលថ្មីនេះដើម្បីធានាថា រដ្ឋបាលនេះបានទទួលជោគជ័យ។
លោកបារ៉ាក់អូបាម៉ាប្រធានាធិបតីស.រ.អា.បាននិយាយជាមួយបេក្ខជនទាំងពីរតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ ដើម្បីអបអរសាទរលោកទាំងពីរក្នុងការដឹកនាំនិងឆន្ទៈរបស់លោកទាំងពីរធ្វើជាដៃគូជាមួយគ្នា ដើម្បីជំរុញដល់ប្រយោជន៍របស់ជាតិអាហ្វហ្កានិស្ថាន។
ថ្លែងនៅទីស្នាក់ការអ.ស.ប.កាលពីថ្ងៃអាទិត្យ លោកJohn Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា.បានបញ្ជាក់ឡើងវិញនូវភាពជាដៃគូជាយុទ្ធសាស្ត្ររបស់ស.រ.អា.ជាមួយប្រទេសអាហ្វហ្កានិស្ថាន និងការតាំងចិត្តរបស់ស.រ.អា.បន្តផ្តល់ការគាំទ្រដល់រដ្ឋាភិបាលថ្មីនេះ។
«ខ្ញុំចង់អបអរសាទរលោកបណ្ឌិត Ashraf Ghani ប្រធានាធិបតីថ្មីនៃប្រទេសអាហ្វហ្កានិស្ថានដែលត្រូវបានប្រកាស ហើយនឹងលោកបណ្ឌិត Abdullah Abdullah ចំពោះការដែលលោកចូលរួមក្នុងភាពជាអ្នកដឹកនាំរដ្ឋ និងចំពោះឆន្ទៈរបស់លោកទាំងពីរក្នុងការគិតអំពីអានាគតប្រទេសអាហ្វហ្កានិស្ថាន និងផលប្រយោជន៍អាហ្វហ្កានិស្ថានជាអាទិភាព មុនអត្ថប្រយោជន៍របស់ផ្ទាល់ខ្លួន និងគណបក្ស។ លោកទាំងពីរបានរួបរួមគ្នាក្នុងរដ្ឋាភិបាលឯកភាពជាតិ ដែលផ្តល់ឱកាសដ៏ធំធេងដើម្បីឲ្យមានការជឿនលឿននៅប្រទេសអាហ្វហ្កានិស្ថាន និងផ្តល់់ឱកាសដល់កិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីក្នុងពេលប្រហែលមួយសប្តាហ៍ ហើយនឹងការប្រារព្ធពិធីសម្ពោធន៍ចូលកាន់តំណែងប្រធានាធិបតីថ្មីក្នុងសប្តាហ៍បន្ទាប់ទៀត ហើយសំខាន់ជាងនេះទៅទៀត នោះជាឱកាសសម្រាប់កម្មវិធីឲ្យមានឯកភាពពិតប្រាកដ ហើយនឹងឱកាសសម្រាប់កំណែទម្រង់ដែលធ្វើឡើងក្នុងនាមប្រជាជនអាហ្វហ្កានិស្ថាន»។
លោក Kerry ដែលជួយសម្របសម្រួលកិច្ចព្រមព្រៀងបែងចែកអំណាចនេះកាលពីខែសីហា និយាយថា ព្រឹត្តិការណ៍ថ្មីនេះនឹងបើកទំព័រថ្មីនៃទំនាក់ទំនងស.រ.អា.និងអាហ្វហ្កានិស្ថាន។
កាលពីថ្ងៃអាទិត្យ លោក Ghani ត្រូវបានប្រកាសថា ជាប្រធានាធិបតីជាប់ឆ្នោត។ យោងតាមកិច្ចព្រមព្រៀងដែលមានបួនទំព័រនេះឲ្យដឹងថា លោក Ghani ដែលគេរំពឹងថា នឹងធ្វើសច្ចាប្រណិធានចូលកាន់តំណែងនៅថ្ងៃច័ន្ទនេះ នឹងបែងចែកអំណាចជាមួយលោក Abdullah ដែលនឹងត្រូវតែងតាំងជាប្រធាននីតិប្រតិបត្តិ។ លោកទាំងពីរនឹងបែងចែកការកាន់អំណាចក្នុងការសម្រេចថា អ្នកណាជារដ្ឋមន្ត្រីកាន់ក្រសួងសំខាន់ៗ។
លោក Jonah Blank អ្នកវិភាគនៅអង្គការសាជីវកម្ម RAND អាស៊ីទស្សិណ RAND Corporation South Asia បានសម្តែងការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបែងចែកអំណាចនេះ។
«ប្រទេសអាហ្វហ្កានិស្ថាន ជាទម្លាប់មានប្រព័ន្ធអភិបាលកិច្ចវិមជ្ឈការ។ កិច្ចព្រមព្រៀងនេះ ដែលលោកប្រធានាធិបតី Ghani និងលោក Abdullah Abdullah បានសម្រេចនោះនឹងដាក់ការទទួលខុសត្រូវ និងការសម្រេចនានាខាងនយោបាយចូលទៅក្នុងប្រព័ន្ធនេះរដ្ឋបាលនេះ»។
លោក Blank និយាយថា លោកជឿថា កិច្ចព្រមព្រៀងនេះនឹងបំបាត់ភាពតានតឹងរវាងជនជាតិនៅក្នុងប្រទេសនេះ។
«ប្រសិនបើបេក្ខជនឈ្នះឆ្នោតយកអំណាចទាំងអស់ ហើយបេក្ខជនម្នាក់ទៀតត្រូវគេទុកចោល មិនមានអំណាចនយោបាយអ្វីសោះនោះ នោះនឹងមានក្រុមជនជាតិនានានៅប្រទេសអាហ្វហ្កានិស្ថាន គឺមិនត្រឹមតែក្រុម Pashtun ប្រឆាំងនឹងជនជាតិ Tajik ប៉ុណ្ណោះទេ តែនឹងមានការបែកបាក់នៅក្នុងសហគមន៍ Pashtun ផងដែរ ហើយអាចនឹងមានការបែកបាក់បែបនោះនៅក្នុងសហគមន៍ទាំងអស់។ កិច្ចព្រមព្រៀងគ្នានេះអនុញ្ញាតឲ្យការខ្វែងគំនិតគ្នា និងទំនាស់ទាំងអស់ត្រូវដំណោះស្រាយតាមនយោបាយជាជាងដោះស្រាយតាមអំពើហិង្សា»។
លោក Blank បានកោតសរសើរអ្វី ដែលគាត់ហៅថា ភាពជាបុរសរដ្ឋ និងទឹកចិត្តស្នេហាជាតិរបស់លោក Abdullah និងលោក Ghani ដែលលោកទាំងពីរបានដាក់ចេញកិច្ចព្រមព្រៀងនេះ ដែលលោកនិយាយថា មិនមែនឧត្តុងឧត្តមសម្រាប់ភាគីណាមួយទេ តែជាច្រកដើរដ៏ត្រឹមត្រូវសម្រាប់ប្រជាជនអាហ្វហ្កានិស្ថាន។
លោក Nazif Shahrani មានកំណើតនៅប្រទេសអាហ្វហ្កានិស្ថាននិងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Indiana។ លោកនិយាយថា មានកង្វល់ខ្លះទាក់ទងនឹងកិច្ចព្រមព្រៀងនេះ។
«ជាពិសេស វាមិនគោរពសំឡេងឆ្នោតរបស់ប្រជាជនទេ។ កាលពី៦ខែមុន ប្រជាជនបានចេញទៅបោះឆ្នោតដោយមានទឹកចិត្តសោមនស្ស។ ហើយជាថ្មីទៀត គេបានបោះឆ្នោតនៅជុំទី២ទៀត ហើយនៅក្នុងការបោះឆ្នោតទាំងពីរលើកនេះ មានការលួចបន្លំ ជាមូលដ្ឋាន ដោយសារតែអ្វីដែលរដ្ឋាភិបាល អ្នករៀបចំ ហើយនឹងអ្នកចាត់ចែងការបោះឆ្នោតនោះបានធ្វើ។ ហើយនៅទីបញ្ចប់ គេមិនប្រកាសភាគរយនៃសំឡេងឆ្នោតដែលឈ្នះ ឬដែលចាញ់នោះទេ ក្នុងពេល៦ខែក្រោយការបោះឆ្នោត និងក្រោយពីចំណាយលុយរបស់អ្នកបង់ពន្ធជនជាតិអាមេរិកាំងយ៉ាងច្រើនសម្បើម។ ហើយនៅទីបញ្ចប់វាអត់ន័យ។ កិច្ចព្រមព្រៀងនេះធ្វើឡើងរវាងក្រុមអ្នកមានអំណាច មានលុយ ដែលបាននៅក្នុងរដ្ឋាភិបាលរួចជាស្រេចទៅហើយ ឬជាផ្នែកមួយនៃរដ្ឋាភិបាលអស់ពេល១៣ឆាំ្នកន្លងមកនោះ»។
លោកបារម្ភថា បេក្ខជនទាំងពីរនឹងបន្តបង្ហាញការមិនទុកចិត្តគ្នាក្នុងរដ្ឋាភិបាលដូចដែលគេបានបង្ហាញឲ្យឃើញក្នុងដំណើរការបោះឆ្នោត។
«បើសិនគេទុកចិត្តគ្នា នោះដំណើរការបោះឆ្នោតនឹងមិនអូសបន្លាយយូរដូច្នេះទេ។ លោកនៅចាំទេ គឺលោក John Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា.បានទៅទីក្រុងកាប៊ូលដល់ទៅពីរដង កាលពីខែកក្កដា និងខែសីហា ដើម្បីសម្របសម្រួលការព្រមព្រៀងគ្នានេះ ហើយនៅតែដោះស្រាយមិនចេញ។ ហើយជាយថាហេតុ លោកអគ្គលេខាធិការរងអ.ស.ប.បានធ្វើអន្តរាគមន៍ ហើយអ្នកតំណាងសភានៅទីនោះ និងឯកអគ្គរដ្ឋទូតស.រ.អា.នៅក្រុងកាប៊ូល ឯកអគ្គរដ្ឋទូត James Cunningham បានសម្របសម្រួលទៀត ហើយទីបំផុតមានអ្វីដែលគេហៅថា កិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលឯកភាព ដែលគេនៅមានមន្ទិលនៅឡើយ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ