ក្នុងរយៈពេល២៥ឆ្នាំនៃការស្រាវជ្រាវអំពីរបបប្រល័យពូជសាសន៍ក្នុងប្រទេសកម្ពុជា ដែលត្រូវបន្ទោសថា ធ្វើឲ្យមនុស្សជាង១លាន ៧សែននាក់ស្លាប់នៅក្នុងទសវត្សរ៍១៩៧០នោះ មជ្ឈមណ្ឌលឯកសារកម្ពុជា (DC Cam) ដឹកនាំដោយលោកឆាង យុ បានអះអាងថា ខ្លួនបានចងក្រងឯកសារស្តីពីការសម្លាប់ជាប្រវត្តិសាស្ត្រ និងបានចងក្រងភស្តុតាងសម្រាប់សាលាក្តី ហើយនឹងរួមចំណែកដល់ដំណើរការនីតិរដ្ឋ ការផ្សះផ្សានិងសន្តិភាពរបស់ប្រទេស។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បាននាំឲ្យមានការផ្តល់តម្លៃខ្លាំងពីលោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា សាស្ត្រាចារ្យ និងក្រុមអ្នកនិពន្ធផងដែរ។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់អតីតខ្មែរក្រហមចុងក្រោយ គឺស្រុកអន្លង់វែងដែលស្ថិតនៅភាគខាងជើងប្រទេសកម្ពុជានោះ លោកឯកអគ្គរដ្ឋទូតអាមេរិក Patrick Murphy បានបង្ហាញការគាំទ្រដល់កិច្ចការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ លោកឯកអគ្គរដ្ឋទូតអាមេរិក Patrick Murphy បានថ្លែងថា៖
«សហរដ្ឋអាមេរិក មានមោទនភាពជាដៃគូ និងជាអ្នកគាំទ្រមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងកិច្ចប្រឹងប្រែងចងក្រងឯកសារប្រវត្តិសាស្ត្រកម្ពុជា ទោះជាទំព័រប្រវត្តិសាស្ត្រប្រទេសកម្ពុជា មានភាពស្មុគស្មាញក្តី ហើយនឹងបង្កើតការយល់ដឹងអំពីព្រឹត្តិការណ៍ ដែលបានកើតឡើងកាលពីអតីតកាល។ ដូច្នេះរឿងរ៉ាវពីអតីតកាល នឹងមិនកើតឡើងវិញ ជាពិសេស គឺបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីឈានទៅសម្រេចបាននូវសន្តិភាព និង ការផ្សះផ្សាក្នុងចំណោមប្រជាជន ហើយសហរដ្ឋអាមេរិកមានទិសដៅស្របគ្នាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះ»។
លោក ឆាំង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានអរគុណលោក ឯកអគ្គរដ្ឋទូត ដែលបានបំពេញទស្សនកិច្ចទៅកាន់តំបន់អន្លង់វែងចំពេលដែលមានបញ្ហាកូវីដ១៩។ អន្លង់វែងជាអតីតតំបន់ខ្មែរក្រហមចុងក្រោយដែលចុះចូលជាមួយរដ្ឋាភិបាលដើម្បីការបង្រួបបង្រួមជាតិ និងសន្តិភាពកាលពីឆ្នាំ១៩៩៨ បន្ទាប់ពីមានការផ្តាច់ខ្លួនដំបូងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៩៦ ឬ ២៤ ឆ្នាំមុន។ ទស្សនកិច្ចរបស់លោកឯកអគ្គរដ្ឋទូតត្រូវលោកឆាង យុ ចាត់ទុកថា មានអត្តន័យយ៉ាងខ្លាំងក្នុងការគាំទ្រមជ្ឈមណ្ឌលឯកសារកម្ពុជារបស់លោកផ្នែកតម្លាភាព ដែលលោកផ្ទាល់ខ្លួនតតាំងជាមួយនឹងមន្ទិលសង្ស័យអំពីទំនាក់ទំនងរវាងមជ្ឈមណ្ឌលរបស់លោកជាមួយនឹងរដ្ឋាភិបាលអាមេរិក ហើយនឹងជួយជម្រះមន្ទិលសង្ស័យក្នុងពេលដែលមជ្ឈមណ្ឌលនេះមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលអាមេរិកនិងកម្ពុជា។
«ទាំងរដ្ឋាភិបាលអាមេរិកនិងរាជរដ្ឋាភិបាលកម្ពុជាជាអ្នកគាំទ្រចំពោះគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលនេះតាំងពីដំបូងក្នុងឆ្នាំ១៩៩៥។ ប្រទេសទាំងពីរ រួមគ្នាជាមួយនឹងរដ្ឋាភិបាលបរទេសនានារួមទាំងអ.ស.ប. នៅតែជាអ្នកគាំទ្រចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា»។
លោក ឆាំង យុ អះអាងថា មជ្ឈមណ្ឌលរបស់លោកបានចងក្រងជាឯកសារដូចជាគុក រណ្តៅពិឃាតធំៗ ទីតាំងនៃអំពើឃោរឃៅ សាងសង់បូជនីយដ្ឋាន ពាក្យស្លោករបបកម្ពុជាប្រជាធិបតេយ្យ រូបថត ខ្សែភាពយន្តអំពីរបបកម្ពុជាប្រជាធិបតេយ្យ ហើយនឹងឯកសាររាប់លានទំព័រដែលសាធារណជនអាចចូលមើលបាន។ ឯកសារទាំងនេះក៏ត្រូវប្រើសម្រាប់កម្មវិធីសិក្សាផងដែរ។
លោកបានថ្លែងតាមខ្លឹមសារដើមថា៖
«មជ្ឈមណ្ឌលឯកសារកម្ពុជា មានគោលដៅពីរជាសំខាន់។ ទី១ គឺចងក្រងឯកសារនិងរក្សាប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហមសម្រាប់មនុស្សជំនាន់ក្រោយ។ ទី២ គឺប្រមូលផ្តុំឯកសារ និងរៀបចំព័ត៌មានដែលអាចបម្រើដល់សេចក្តីត្រូវការផ្នែកភស្តុតាងដ៏មានសក្តានុពល ក្នុងដំណើរការស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ចំពោះបទឧក្រិដ្ឋរបស់ខ្មែរក្រហម»។
លោកបានបន្ថែមថា៖
«គោលបំណងទាំងនេះ គឺបង្ហាញពីការលើកម្ពស់ការចងចាំនិងយុត្តិធម៌របស់យើង ដែលបញ្ហាទាំងពីរនេះគឺជាគ្រឹះសំខាន់សម្រាប់នីតិរដ្ឋ ការបង្រួបបង្រួមជាតិនិងសន្តិភាពជានិរន្តក្នុងប្រទេសកម្ពុជា»។
លោក អ៊ា សុផល ជាសាស្ត្រាចារ្យនៃមហាវិទ្យាល័យ Occidental College ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និងជាអ្នកនិពន្ធសៀវភៅឈ្មោះ«ការពឹងផ្អែកជំនួយក្នុងប្រទេសកម្ពុជា៖ តើជំនួយបរទេសបំផ្លាញប្រជាធិបតេយ្យយ៉ាងណា?»។ លោកបានប្រាប់ VOA ដោយបានហៅមជ្ឈមណ្ឌល DC Cam ថា ជាអង្គការមានតម្លៃធំធេងដែលសហរដ្ឋអាមេរិកត្រូវបន្តជួយ។ លោក អ៊ា សុផល បានថ្លែងយ៉ាងដូច្នេះថា៖
«មជ្ឈមណ្ឌលឯកសារកម្ពុជា DC Cam គឺជាអង្គការសំខាន់ដ៏គួរឲ្យជឿជាក់ណាស់ ដែលរក្សាការចងចាំអំពីរបបប្រល័យពូជសាសន៍នៅកម្ពុជា។ DC Cam ចងក្រងឯកសារ និងរក្សាឯកសារស្តីអំពីឧក្រិដ្ឋកម្មនានា ដែលបានប្រព្រឹត្តដោយខ្មែរក្រហម។ ហេតុអ្វីបានជាសំខាន់? ព្រោះថា បើគេមិនបានដឹងពីប្រវត្តិសាស្ត្រទេ នោះនឹងអាចកើតឡើងជាថ្មី»។
លោក សុផល បានបន្ថែមសេចក្តីទៅលើអាត្ថាធិប្បាយរបស់លោកឯកអគ្គរដ្ឋទូតថា សហរដ្ឋអាមេរិក ប្តេជ្ញាផ្តល់ពន្លឺដល់ទំព័រងងឹតនៃប្រវត្តិសាស្ត្រកម្ពុជា។ លោកបានបញ្ជាក់តាមខ្លឹមសារដើមថា៖
«យុត្តិធម៌និងការចងចាំ គឺចាក់ស្រេះគ្នា។ យើងត្រូវរំឭកនិងចងចាំរឿងរ៉ាវអតីកាល ដោយសារតែមេដឹកនាំជាច្រើន ចង់កែប្រែប្រវត្តិសាស្ត្រទៅតាមវិធីដែលផ្តល់គុណប្រយោជន៍ដល់ពួកគេ។ ឧទាហរណ៍ដូចជាការឆ្លុះបញ្ចាំងអំពីតែរឿងទម្លាក់គ្រាប់បែករបស់អាមេរិកលើកម្ពុជា តែភ្លេចគិតថា ពួកគេ គឺជាមេបញ្ជាការខ្មែរក្រហម»។
លោក Peter Maguire ជាសាស្ត្រាចារ្យច្បាប់អាមេរិកាំង និងជាអ្នកនិពន្ធសៀវភៅ ឈ្មោះ «ប្រឈមមុខនឹងការស្លាប់នៅកម្ពុជា ឬ Facing Death in Cambodia» ។ លោកបានថ្លែងប្រាប់ VOA ថា វាជារឿងឆ្លាតវៃសម្រាប់សហរដ្ឋអាមេរិកក្នុងការបន្តជំនួយគាំទ្រដល់មជ្ឈមណ្ឌលឯកសារកម្ពុជា។
«មជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការយ៉ាងច្រើនខ្លាំងណាស់ក្នុងការចូលរួមនាំមកនូវសន្តិភាព និងការបង្រួបបង្រួមជាតិ បន្ថែមលើសាលាក្តីខ្មែរក្រហម និងអង្គការសិទ្ធិមនុស្សលោកខាងលិចរាប់សិបបញ្ចូលគ្នានោះ»។
លោកបានបន្តថា ក្រុមបុគ្គលិកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានកំណត់ទីតាំងនិងបង្ហាញផែនទីតាមប្រព័ន្ធ GPS រាប់រយអំពីកន្លែងប្រល័យពូជសាសន៍ ហើយបានធ្វើដំណើរទៅកាន់បណ្តាខេត្ត ដែលនៅទីនោះពួកគេ បានស្រាវជ្រាវប្រវត្តិសំខាន់ៗ ទាំងក្រុមខ្មែរក្រហម និងជនរងគ្រោះ ហើយនឹងការបោះពុម្ពឯកសារនិង សៀវភៅជាច្រើនទាក់ទងនឹងជនដៃដល់ ហើយនឹងជនរងគ្រោះផងដែរ។
លោកបានថ្លែងតាមខ្លឹមសារដើមថា៖
«អស់រយៈពេលជាង១ទសវត្សរ៍ មជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តល់ជំនួយជាឯកសារឥតលម្អៀង និងអព្យាក្រិត្យដល់ទាំងផ្នែកអាយ្យកា និងផ្នែកការពារក្តីនៅក្នុងតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ដែលអូសបន្លាយពេលយ៉ាងយូរ»។
មេដឹកនាំខ្មែរក្រហមកំពូល គឺ ប៉ុល ពត បានស្លាប់កាលពីឆ្នាំ១៩៩៨ នៅលើទឹកដីអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយមេដឹកនាំរបបនេះមួយចំនួន ត្រូវបានតុលាការដែលចូលរួមដោយអ.ស.ប.នាំខ្លួនយកមកកាត់ទោសពីបទឧក្រិដ្ឋកម្មនានាដូចជា ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើម ទោះបីរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្តល់ការលើកលែងទោសដល់អតីតមេដឹកនាំខ្មែរក្រហមខ្លះ ជាថ្នូរនឹងការផ្តាច់ខ្លួន បញ្ចប់សង្គ្រាមដើម្បីសន្តិភាពនិងការបង្រួបបង្រួមជាតិ តាំងពីខែសីហា ឆ្នាំ១៩៩៦ ក្តី។
លោក យឹម ផាន់ណា អតីតមេបញ្ជាការខ្មែរក្រហមមួយរូប ដែលបានដឹកនាំកងទ័ពខ្មែរក្រហមនិងប្រជាជនរាប់ពាន់នាក់ ផ្តាច់ខ្លួនពីក្រុមខ្មែរក្រហមចុងក្រោយក្នុងតំបន់អន្លង់វែង បានថ្លែងប្រាប់ VOA អំពីការចងចាំរបស់លោកចំពោះការដែលកម្ពុជាស្វែងរកសុខសន្តិភាព និងការបង្រួបបង្រួមជាតិ។
«ខ្ញុំចង់និយាយថា យើងក៏មានមោទនភាពដែរ ដែលខ្មែរយើងមានលទ្ធភាពបញ្ចប់(សង្គ្រាម) ដោយខ្មែរនិងខ្មែរ តាមនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលដែលសម្តេច ហ៊ុន សែន លោកបានខិតខំប្រឹងប្រែង។ ម្យ៉ាងដែរ ព្រោះយើងត្រូវការឱកាសដើម្បីរួមគ្នា ឲ្យក្លាយទៅជាជាតិតែមួយ រដ្ឋាភិបាលតែមួយ។ អ៊ីចឹងទៅវាល្អដែរ»។
លោក យឹម ផាន់ណា បានថ្លែងអំពីការចងចាំនិងបង្ហាញពីវប្បដិសារី ដែលក្នុងនាមលោកជាខ្មែរខិតខំតស៊ូការពារជាតិនិងទឹកដី តែបានក្លាយទៅជាក្រុមក្បត់ជាតិដោយមិនដឹងខ្លួនទៅវិញ ហើយក្រុមគ្រួសារដូចជា ឪពុកលោកត្រូវគេសម្លាប់ក្នុងសម័យខ្មែរក្រហមទៀត។ លោក យឹម ផាន់ណា បានចូលរួមក្នុងចលនាតស៊ូកាលពីដើមទសវត្សរ៍១៩៧០ ហើយបច្ចុប្បន្នលោកជាមេបញ្ជាការរងយោធាភូមិភាគទី៤។ លោក កំពុងមានជំងឺប្រចាំកាយ សម្រាកព្យាបាលនៅផ្ទះ។ ជំងឺលោកមួយផ្នែកក៏បណ្តាលមកពីរបួសច្រើនកន្លែងក្នុងសម័យសង្គ្រាមផងដែរ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឃន៍និងសន្តិភាពបានថ្លែងថា សង្គ្រាមប្រដាប់អាវុធបានបញ្ចប់មែន តែកម្ពុជាត្រូវការសន្តិភាពផ្លូវចិត្តសម្រាប់ពលរដ្ឋ យុត្តិធម៌សង្គម និងនយោបាយ បើពុំដូច្នោះទេ កម្ពុជានឹងទៅជាមានការគំរាម និងក្តីបារម្ភ។
«ចំពោះការពាក់ព័ន្ធនឹងរឿងនយោបាយនេះ ខ្ញុំសង្កេតឃើញថា វាជាការប្រឈមមួយដែរពីព្រោះថា ទី១ សន្តិភាពវាផ្សារភ្ជាប់នឹងការអភិវឌ្ឃ វាផ្សារភ្ជាប់វិស័យផ្សេងៗទៀតទាំងបញ្ហានយោបាយជាដើម។ ជាមួយគ្នានោះដែរ យើងក៏ត្រូវតែដឹងថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃដែរថា យើងមិនអាចរស់នៅដោយការផ្តាច់ខ្លួនចេញពីសហគមន៍អន្តរជាតិទេ។ ជានិច្ចជាកាល យើងត្រូវការការពឹងពាក់គ្នាទៅវិញទៅមក។ បើយើងត្រូវការការរស់នៅក្នុងសហគមន៍អន្តរជាតិ យើងត្រូវតែឲ្យមានការអនុវត្តតាមគោលការណ៍មួយចំនួនរបស់អន្តរជាតិ»។
លោកថា កម្ពុជាក៏ធ្លាប់បើកឱកាសទទួលយកសន្តិភាព និងការអភិវឌ្ឍកន្លងមកដែរ ហើយលោកទទូចឲ្យអ្នកនយោបាយកាន់យកប្រព័ន្ធប្រជាធិបតេយ្យ សេរីនិយមពហុបក្ស តាមកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស ដែលមិនគួរទុកអ្នកនយោបាយណាមួយចោលនោះទេ។ លោកថា បើពុំដូច្នោះទេ រឿងនេះនឹងប៉ះពាល់ដល់សន្តិភាពផ្លូវចិត្តរបស់ពលរដ្ឋ។
ទោះជាយ៉ាងណាក្តី គណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអំពីមោទនភាពសន្តិភាព ការបង្រួបបង្រួមជាតិដោយនិយាយថា វាជាគោលនយោបាយនិងសមិទ្ធផលសំខាន់បំផុតមួយសម្រាប់ប្រទេស ហើយប្តេជ្ញាការពារមិនឲ្យរបបប្រល័យពូជសាសន៍នេះ វិលត្រឡប់មកវិញទេ៕