ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្មាន​ទឹក​ប្រើប្រាស់​រហូត​ដល់​រយៈពេល​៦០ថ្ងៃ​ឬ? បណ្តា​ទីក្រុង​នៅ​តាម​ជាយ​មាត់​សមុទ្រ​មហា​ប៉ាស៊ីហ្វិក ​ដែលងាយ​រងគ្រោះ​ ដោយសារ​រញ្ជួយដី​មាន​គោល​បំណង​ធ្វើ​ឲ្យ​តំបន់​នោះ​ប្រសើរ​ឡើង


ប្រជាជន​ត្រូវបាន​គេជម្លៀស​ពីលំនៅដ្ឋាន​របស់​ពួកគាត់​បន្ទាប់ពី​មានការ​ប្រកាស​អាសន្ន​នៃគ្រោះ​ Tsunami ក្នុង​ទីក្រុង​ Antofagasta ខាង​ជើង​រដ្ឋធានី​ Santiago តាម​បណ្តោយ​ឆ្នេរ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគខាងត្បូង​ (រូបថត​ថ្ងៃទី០១ ​ខែមេសា​ ឆ្នាំ២០១៤​)។
ប្រជាជន​ត្រូវបាន​គេជម្លៀស​ពីលំនៅដ្ឋាន​របស់​ពួកគាត់​បន្ទាប់ពី​មានការ​ប្រកាស​អាសន្ន​នៃគ្រោះ​ Tsunami ក្នុង​ទីក្រុង​ Antofagasta ខាង​ជើង​រដ្ឋធានី​ Santiago តាម​បណ្តោយ​ឆ្នេរ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគខាងត្បូង​ (រូបថត​ថ្ងៃទី០១ ​ខែមេសា​ ឆ្នាំ២០១៤​)។

គ្រោះ​រញ្ជួយ​ដី​ គឺ​ជារឿង​ធម្មជាតិ​សម្រាប់​បណ្តា​ប្រទេស​នៅ​ជាយ​មាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ប៉ុន្តែ​គ្រោះ​​រញ្ជួយ​ដី​ភាគច្រើន​មាន​ទំហំ​តូច ហើយ​មិន​បាន​បង្ក​ការ​បំផ្លិចបំផ្លាញ​ធំធេង​នោះ​ទេ។ គ្រោះ​​រញ្ជួយ​ដី​ ដែល​ចាត់​ទុក​ថា​មាន​ទំហំ​ធំ​នោះ គឺ​មាន​កម្លាំង​ខ្លាំង​ជាង​៦,០ លើ​រង្វាស់​រ៉ិចទ័រ​ ដែល​អាច​បំផ្លាញ​សហគមន៍​នានា​ជាច្រើន​ បើ​ទោះ​ជា​សហគមន៍​ទាំងនោះ​បាន​ត្រៀម​ខ្លួន​ជាមុន​សម្រាប់​ពេល​មាន​គ្រោះ​មហន្តរាយ​ក៏​ដោយ​ក្តី។ នៅ​តាម​បណ្តា​ទីក្រុង​នានា​តាម​តំបន់​ជាយ​មាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ប្រជាជន​​ត្រូវ​រង់​ចាំ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​ ឬមួយ​ខែ ឬ​ក៏អាចយូរ​ជាង​នេះ​ទៀត​ ដើម្បី​មាន​ទឹក​ប្រើប្រាស់​ឡើងវិញ​ បន្ទាប់ពី​មាន​គ្រោះ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ។​ នេះ​គេ​មិន​ទាន់​និយាយ​ពី​បញ្ហា​អគ្គិសនី​ ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់​ និង​ប្រេងឥន្ធនៈ​ផងនោះ។

ប្រទេស​ជប៉ុន​មានកេរ្តិ៍ឈ្មោះ​ថា​ ជា​ប្រទេស​ដែល​មាន​ការ​ត្រៀម​ខ្លួន​ល្អ​បំផុត​មួយ​នៅ​លើ​ពិភពលោក​ សម្រាប់​ទប់ទល់​នឹង​គ្រោះ​រញ្ជួយដី។ ប៉ុន្តែ​បើ​ទោះ​ជា​នៅ​ប្រទេស​ជប៉ុន​ក៏​ដោយ​ គ្រោះ​រញ្ជួយ​ដី​បាន​បង្ក​ឲ្យ​មាន​ការ​ខាតបង់​ធំធេង​ និង​អូស​បន្លាយ​រយៈពេល​យូរ។ យើង​អាច​រំឭក​ពីគ្រោះ​រញ្ជួយ​ដី​ដ៏​ធំ​មួយ ដែល​បាន​វាយ​ប្រហារ​ទីក្រុង​ Kobe ប្រទេស​ជប៉ុន ​ក្នុង​ឆ្នាំ​១៩៩៥។

«វា​ពិបាក​ណាស់​ក្នុង​ការ​រកហេតុ​ផល​ថា​ ហេតុអ្វី​នៅ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ខ្លាំង​បំផុត​មួយក្នុង​ពិភពលោក​ បែរ​ជា​ក្រុម​ពន្លត់​អគ្គិភ័យ​មាន​ភាព​យឺតយ៉ាវ​ ដោយសារ​សេវា​ផ្គត់ផ្គង់​ទឹក​មិន​គ្រប់​គ្រាន់»។

កម្លាំង​រញ្ជួយ​៦,៩​ រ៉ិចទ័រ​បាន​កាត់​ផ្តាច់​បណ្តាញ​ផ្គត់ផ្គង់​ទឹក​ និង​ចរន្ត​អគ្គិសនី​ បំផ្លាញ​មហាវិថី​សំខាន់​មួយ​ និង​ផ្លូវ​ដែក​ ហើយ​បាន​សម្លាប់​មនុស្ស​ជាង​ ៦.០០០​នាក់។ ទីក្រុង​ Kobe កំពុង​ស្ថិត​ក្នុង​ដំណើរការ​ផ្លាស់​ប្តូរ​បំពង់​ទឹក​ដែក​ស្មិត​មាន​ប្រវែង​ជិត៤.៨០០​ គីឡូម៉ែត្រ​ ដែល​បំពង់​ទឹក​ដែក​នេះ​ធន់នឹង​ការ​រញ្ជួយ​ដី។ លោក​ Hitoshi Araike ជា​អនុ​ប្រធាន​នៃ​ការិយាល័យ​បណ្តាញ​ចែកចាយ​ទឹក​ក្នុង​ក្រុង​ Kobe ថ្លែង​ថា៖

«ការ​បំផ្លិចបំផ្លាញ​បង្ក​ឡើង​ដោយគ្រោះ​រញ្ជួយដី​ ​ជាកត្តា​ដែល​កំណត់​ឲ្យ​យើង​ធ្វើ​ដូច្នេះ​ គឺ​ត្រូវ​ផ្លាស់​បំពង់​ទឹក​ចាស់​ចោល»។

លោក​ Araike រួម​នឹង​អ្នក​បកប្រែ​ភាសា​មួយ​រូប​ បាន​នាំ​ក្រុម​អ្នក​សារព័ត៌មាន​បរទេស​ចូល​ក្នុង​រូង​ក្រោម​ដី ដើម្បី​ពិនិត្យ​មើល​បណ្តាញ​ត​ភ្ជាប់​ដ៏​ធំ​ថ្មី​ ដែល​អាច​ស្តុក​ទឹក​ទ្វេ​ដង​សម្រាប់​ការ​ប្រើប្រាស់​នៅ​ពេល​ចាំបាច់។

ការ​កសាង​អាង​ស្តុក​ទឹកនេះ​ ចំណាយ​ថវិកា​ជាង​៣០០លាន​ដុល្លារ។ លោក​ Araike បាន​បញ្ជាក់​ថា ប្រព័ន្ធនេះ​មាន​ គម្រប​វ៉ាន​អាង​ស្តុក​ទឹក​អាច​បិទ​ដោយ​ស្វ័យប្រវត្តិ ​ដើម្បី​រក្សា​ទឹក​មិន​ឲ្យ​លេច​ចេញ​នៅ​ពេល​មាន​គ្រោះ​រញ្ជួយ​ដី។ លោក​ក៏បាន​បង្ហាញ​ពី​ភាព​បត់បែន​នៃ​បំពង់​ និង​មុខ​តំណ​បែប​ថ្មី​ ដែលមាន​ដៃ​បត់​បែន​អាច​ធន់​នឹង​ការបែក​ប្រេះ​ស្រាំ​បាន​ផង​ដែរ។

បំពង់​បែប​នេះ​ត្រូវ​បាន​គេ​បំពាក់​ទាំង​នៅ​ការដ្ឋាន​បណ្តាញ​ត​ទឹក​ និង​រោងចក្រ​ចម្រាញ់​ទឹក​ស្អាត​ចេញ​ពី​ទឹក​កខ្វក់។ យើងបាន​សាកសួរ​លោក​ Araike ថា​តើ​សេវា​ផ្គត់ផ្គង់​ទឹក​ត្រូវ​បាន​ផ្អាករយៈ​ពេល​ប៉ុន្មាន​ដែរ​ ប្រសិនបើមាន​គ្រោះរញ្ជួយដី​ដ៏​ធំ​នៅ​ពេល​ក្រោយ​នោះ។

លោក​ Hitoshi Araike បាន​ឆ្លើយថា​៖ «នៅ​ពេល​បច្ចេកវិទ្យា​ថ្មីនេះ​ត្រូវ​បាន​តម្លើង​រួចរាល់​ហើយ​ ខ្ញុំ​សង្ឃឹម​ថា វា​នឹង​មិន​ប៉ះពាល់​ដល់​សេវា​ផ្គត់ផ្គង់​ទឹក​ឡើយ​”។

លោក​Tom Banse បាន​សួរ​បញ្ជាក់ថា​៖ «មិន​ប៉ះពាល់​ទាល់តែ​សោះ​ឬ​»?

បណ្តា​ប្រទេស​នៅ​ជាយ​មាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នៅតែ​ចងចាំ​គ្រោះ​រញ្ជួយដី​ដ៏ធំ​ ​ដូចជា​ប្រទេស​ឈីលី​ កោះ​តៃវ៉ាន់​ ប្រទេសចិន​ និង​នូវែលសេ​ឡង់ ​កំពុងវិនិយោគ​លើ​គម្រោង​រក្សា​លំនឹង​ពេល​មាន​គ្រោះ​រញ្ជួយ​ដី។ សម្រាប់​ការ​ស្តារ​ឡើង​វិញ​ គេ​ត្រូវ​ចំណាយ​ពេលវេលា​ដ៏​យូរ​ និង​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ សូម្បី​តែ​នៅ​កម្រិត​ទីក្រុង ឬ​ថ្នាក់​តំបន់​ក៏​ដោយ។ កង្វះ​ខាត​ធនធាន​ ឬ​កង្វះ​ការ​ពង្រឹង​ក្បួន​ច្បាប់​សំណង់​អាច​ជា​ឧបសគ្គ​សម្រាប់បណ្តា​ប្រទេស​ ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​ តួយ៉ាង​ដូច​ជា​ប្រទេស​បាគីស្ថាន​ ឬ​កម្ពុជា​ជាដើម។

ទីភ្នាក់ងារផ្គត់ផ្គង់​សេវា​សាធារណៈ​ដ៏​ធំ​មួយ​នៅ​តំបន់​ឆ្នេរ​ភាគ​ខាងត្បូង​នៃ​ស.រ.អា. ក៏​មាន​គោលដៅបំពាក់​បច្ចេកទេស​ ដែល​អាច​ទប់ទល់នឹង​ការ​រញ្ជួយ​ដី​ផង​ដែរ ។

«យើង​ចង់​ស្តារ​ប្រតិបត្តិការ​ឡើង​វិញ​ក្នុងរយៈពេល​៣ទៅ​៤ថ្ងៃ។ នេះ​គឺជា​គោលបំណង​របស់​យើង​ក្នុង​បរិបទ​ការ​ផ្តល់​សេវា»។ លោក​ Jim Miller ជា​ប្រធាន​ផ្នែក​វិស្វកម្ម​ក្នុង​ក្រុង Everett នៃ​នាយកដ្ឋាន​សាធារណៈ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​ថ្លែង​ថា៖

យើងបាន​និយាយ​ជាមួយ​លោក Miller ​ខណៈ​ដែល​ក្រុម​អ្នកម៉ៅការ​កំពុងសាងសង់​ជញ្ជាំង​ និង​ពិដាន​ ដើម្បី​ការពារ​អគារ​ប្រតិបត្តិការ​នៃ​រោងចក្រ​ចម្រាញ់​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់ ពី​គ្រោះ​រញ្ជួយ​ដី។ រោងចក្រ​នេះ​អាច​ផ្គត់ផ្គង់​សេវា​ដល់​ប្រជាជន​ ៦០០.០០០​ នាក់​នៅ​តំបន់​ភាគ​ខាងជើងក្រុង​ Seattle។

លោក​ Miller បាន​និយាយ​ថា​ ទីភ្នាក់ងារ​ផ្គត់ផ្គង់​សេវាសាធារណៈ ដែល​លោក​គ្រប់គ្រង ​បាន​ធ្វើ​ការ​វាយតម្លៃលើ​ភាព​ធន់​របស់​អាគារ​របស់​ទីភ្នាក់ងារ​ទៅ​នឹង​គ្រោះ​រញ្ជួយដី​ និង​បាន​កំណត់​នូវ​កន្លែង​ដែល​ត្រូវ​ការ​កែលម្អ ដើម្បី​អាច​ទប់ទល់​នឹង​គ្រោះ​រញ្ជួយដី។ ការ​កែលម្អ​នេះ​ អាចត្រូវ​ការ​រយៈពេល​រហូតដល់​២០ឆ្នាំ និង​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ ដើម្បី​បញ្ចប់រួចរាល់។ ហើយ​ប្រជាជន​រស់នៅទីក្រុង​នឹង​ត្រូវ​ចំណាយ​លើ​ថ្លៃ​ទឹក​ប្រើប្រាស់​ខ្ពស់​ជាង​មុន។ លោក​ Miller បាន​ថ្លែង​បន្ត​ទៀត​ថា៖

«ប្រសិន​បើ​យើង​មិន​ធ្វើអ្វី​នោះ​ទេ​ វា​គ្រាន់​តែ​ជា​រឿង​ធម្មតាដូច​ពី​មុន​មួយ​ប៉ុណ្ណោះ ហើយ​អ្នក​អាច​រក្សាតម្លៃទឹក​ឲ្យនៅទាប​ដដែល។ ប៉ុន្តែមួយ​ភាគ​ធំ យើង​រក​ឃើញ​ថា​ ប្រជាជន​រំពឹងលើ​ប្រព័ន្ធ​ ដែល​អាច​ពឹងផ្អែក​បាន។ នៅ​ពេល​ដែល​ប្រជាជន​យល់​ពី​ផល​ប្រយោជន៍​វា​នោះ​ ​តាម​ការពិត​ទៅ អ្នក​ប្រើប្រាស់​សេវា​សាធារណៈ​ពី​ទីភ្នាក់ងារយើង​ គឺបាន​ជំរុញ​ឲ្យយើង​ធ្វើ​ឲ្យប្រព័ន្ធ​ផ្គត់ផ្គង់​សេវាសាធារណៈ​ឲ្យកាន់​តែ​មានភាព​ធន់​ថែម​ទៀត»។

ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​ប្រចាំ​តំបន់​សម្រាប់​ទីក្រុង​ Seattle នៅ​ពេល​ថ្មីៗ​នេះ​បាន​ធ្វើការ​ប៉ាន់ស្មាន​លើ​រយៈពេលដាច់ការ​ផ្គត់ផ្គង់​ទឹក​នៅ​ពេល​មាន​គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ​នៅ​តំបន់​មាត់សមុទ្រ​ និង​តំបន់​ក្បែរ​ទឹក​រាក់។ ការ​វិភាគ​របស់​ក្រុមហ៊ុន​នេះ​បាន​បង្ហាញ​ថា គេ​ត្រូវ​ការចំណាយ​ពេល​រហូត​ដល់៦០ថ្ងៃ ​ដើម្បី​ស្តារ​ឲ្យ​មាន​ការ​ផ្គត់ផ្គង់​ទឹក​សារ​ជាថ្មី​ដល់​អតិថិជន​ភាគ​ច្រើន។

ការ​ព្យាករណ៍​នៃ​ការ​កាត់ផ្តាច់​ការ​ផ្តត់ផ្គង់​សេវា​សំខាន់ៗ​សម្រាប់រយៈពេល​យូរ​នេះ មាន​ន័យ​ថា ប្រជាជន​ត្រូវ​ត្រៀម​រស់​នៅ​ដោយ​ផ្គត់ផ្គង់​សម្រាប់​ខ្លួន​ឯង​ផ្ទាល់។ ប្រធាន​ទីភ្នាក់ងារ​សង្រ្គោះ​បន្ទាន់សហព័ន្ធ និង​តាម​រដ្ឋនានា ​ធ្លាប់​បាន​ណែនាំ​ឲ្យ​ប្រជាជនទុក​បម្រុង​ម្ហូបអាហារ​ ទឹក​ ថ្នាំពេទ្យ​សម្រាប់​រយៈពេល​៣ថ្ងៃ។ បច្ចុប្បន្ន​នេះ​ រដ្ឋ​ Oregon និង​រដ្ឋ​ វ៉ាស៊ីនតោន​ បាន​ណែនាំ​ប្រជាជន​ក្នុង​តំបន់​ដែល​មាន​ការ​រញ្ជួយ​ដី​ ត្រៀម​រៀបចំ​គ្រឿង​សម្ភារៈ និង​ស្បៀង​អាហារ​ ​សម្រាប់រយៈពេល​ពីរ​សប្ដាហ៍​ បន្ទាប់​ពីមាន​គ្រោះ​មហន្តរាយ៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​

XS
SM
MD
LG